• 2016-06-14 23:09:57
  • បាល់ទាត់

​បុរស​ម្នាក់ ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ដើម្បី​បង្កើត​ក្រុម​បាល់​ទាត់

  • 2016-06-14 23:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

លោក អ៊ុង ជាគង​ ​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ដើម្បី​រៀប​ចំ​ការ​ប្រកួត​បាល់ទាត់​រវាង​វិទ្យាល័យ​ពីរ គឺ​វិទ្យាល័យ​ពោធិ៍អំពិល និង​វិទ្យាល័យ​ព្រៃ​ទប់ ​នៅស្រុក​ទ្រាំង ខេត្ត​តាកែវ​ ​ដើម្បី​ស្វែង​រក​កីឡាករ​ដែល​មាន​ទេពកោសល្យ​​សម្រាប់​បង្កើត​​​ក្រុម​កីឡា​បាល់ទាត់​​មួយ​ដែល​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ផ្សេង​ៗ​នៅ​ឆ្នាំ​ក្រោយ។

 

 

​លោក អ៊ុង ជាគង​ ជា​អាជីវករ​ម្នាក់​បាន​ប្រាប់ Sabay​ ថា ​ដោយសារ​ទឹក​ចិត្ត​ស្រលាញ់​កីឡា​ខ្លាំង​បាន​ធ្វើ​ឱ្យ​​លោក​​ចំណាយ​​​ប្រាក់​ផ្ទាល់​ខ្លួន​អស់​ជា​ច្រើន​ដើម្បី​ទិញ​សំលៀក​បំពាក់ ​ស្បែក​ជើង ​និង​សម្ភារៈ​​កីឡា​ផ្សេង​ទៀត​ដល់​សិស្ស​នៅ​វិទ្យាល័យ​ទាំង​ពីរ​ខាង​លើ ដោយ​រំពឹង​ថា​ នឹង​បង្កើត​បាន​ក្រុម​កីឡា​បាល់ទាត់​មួយ​។

 

លោក ជាគង បាន​រៀប​រាប់​បន្ត​ថា​ ​“​ខ្ញុំ​បាន​នាំ​ក្មេង​ៗ​ដើរ​ប្រកួត​តាម​ភូមិ​ដែល​មាន​តារាង​បាល់ទាត់​តាម​វាលស្រែ​ក្នុង​គោល​បំណង​ជ្រើសរើស​កីឡាករ​ណា​ដែល​លេង​ល្អ​ដើម្បី​បញ្ចូល​ក្នុង​ក្រុម​ យក​ពួកគេ​មក​ហ្វឹក​ហាត់​”។ ពេល​នេះ​លោក​រើស​បាន​កីឡាករ​ ១៥​នាក់​ហើយ​នឹង​បន្ត​រើស​ទៀត​ឲ្យ​​​​​គ្រប់​២០​នាក់។

 

ពាក់ព័ន្ធ​នឹង​​ការ​បង្កើត​ក្លឹប​បាល់ទាត់​នេះ​ដែរ លោក គង បញ្ជាក់​ថា​៖ ​“​ខ្ញុំ​មិន​រំពឹង​ថា ​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ពី​បាល់ទាត់​ទេ គ្រាន់​តែ​ចង់​​ឲ្យ​​ក្មេង​ៗ​ក្នុង​មូលដ្ឋាន​នេះ​សប្បាយ​រីករាយ​លេង​កីឡា​ដើម្បី​​ឲ្យ​​​ពួកគេ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​ហិង្សា​ក្នុង​សង្គម”។

 

ទោះ​ជា​យ៉ាង​ណា អាជីវក​វ័យក្មេង​រូបនេះ​ត្អូញត្អែ​​រ​ពី​​​ការ​លំបាក​​អំពី​ទីលាន​ហ្វឹកហាត់​ដោយ​កន្លង​មក​លោក​បាន​នាំ​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​មាត់​បឹង​ កុងស៊ី​ក្បាល​ពោធិ៏ ហើយ​ពេល​នេះ​លោក​កំពុង​សម្លឹង​រក​​ទីតាំង​មួយ​ទៀត​។ លោក​ជា​អតីត​កីឡាករ​បាល់ទាត់​​ម្នាក់​ក្នុង​ស្រុក​ទ្រាំង នៅ​ទសវត្ស​ឆ្នាំ ១៩៨០ ​តែ​លោក​បាន​បោះ​បង់​វិស័យបាល់ទាត់​ច្រើន​ឆ្នាំ​មក​ហើយ៕

 

អត្ថបទ៖ ជិន​ វេន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី