- 2016-06-01 21:37:12
- បាល់ទាត់
ទូច បញ្ចរ៉ុង មិនជាប់ជម្រើសជាតិប៉ះតៃប៉ិ ព្រោះគ្រូ Lee ប្រើទម្រង់នេះ?
- 2016-06-01 21:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច បញ្ចរ៉ុង មិនជាប់ជម្រើសជាតិប៉ះតៃប៉ិ ព្រោះគ្រូ Lee ប្រើទម្រង់នេះ?
ចន្លោះមិនឃើញ
ខ្សែការពារបឹងកេតអង្គរ ទូច បញ្ចរ៉ុង បានទម្លាយមូលហេតុ ដែលនាំឲ្យរូបគេមិនបានជាប់ជម្រើសជាតិថា ដោយសារគ្រូបង្វឹកក្រុមជម្រើសជាតិលោក Lee Tae Hoon ប្រើទម្រង់លេង( ៣ ៥ ២ )សម្រាប់ការប៉ះក្រុមឆាយនីសតៃប៉ិ ក្នុងវគ្គជម្រុះពាន AFC Asian Cup 2019 ជើងទី១ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ។
ខ្សែការពារស្លាបឆ្វេងដ៏រឹងមាំរបស់បឹងកេត ទូច បញ្ចរ៉ុង ជារឿយៗ ត្រូវបានគេមើលឃើញថា កម្របាត់មុខពីក្រុមជម្រើសជាតិណាស់ ប៉ុន្តែកីឡាកររូបនេះមិនបានជាប់ឈ្មោះឡើយ សម្រាប់ការជ្រើសរើសរបស់លោក Lee ក្នុងការហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពជាមួយប្រទេសទីម័រខាងកើតកាលពីពេលថ្មីៗនេះ និងចេញទៅប្រកួតជាមួយឆាយនីសតៃប៉ិជាដើម។
កីឡាករមានដើមកំណើតមកពីខេត្តកោះកុងរូបនេះបានឲ្យដឹងថា បើតាមការយល់ឃើញរបស់គេមកពីគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងដូរទម្រង់លេងថ្មី សម្រាប់ការប៉ះឆាយនីសតៃប៉ិគឺ ៣ ៥ ២ (ការពារ ៣ បម្រើ ៥ ប្រយុទ្ធ ២ )។ ទន្ទឹម នឹងនោះការប្រើទម្រង់នេះខ្សែបម្រើឆ្វេង និងស្ដាំត្រូវចុះមកជួយបិទនៅតំបន់ការពារកំឡុងបាត់បាល់ ហើយឡើងទៅជួយនៅតំបន់ប្រយុទ្ធវិញពេលដែលដណ្ដើមបានបាល់ពីគូបដិបក្ខ។
បញ្ចរ៉ុង បន្ថែមថា មិនបានជាប់ជម្រើសជាតិលើកនេះ ក៏អាចមកពីគេគ្មានសមត្ថភាពអាចលេងតាមការចង់បានរបស់លោក Lee ផងដែរ។ ការលេងនៅតំបន់ការពារស្លាបឆ្វេងស្ដាំរបស់គ្រូ Lee ត្រូវតែមានល្បឿនលឿន ឡើងជួយតំបន់ប្រយុទ្ធ និងចុះមកជួយតំបន់ការពារឲ្យបានលឿន សម្រាប់ទម្រង់លេងថ្មីនេះ។
ទូច បញ្ចរ៉ុង បានជាប់ជម្រើសជាតិទាំងឈុត U19 និង U23 កម្ពុជាទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសឡាវឆ្នាំ២០០៩ ។ បន្ទាប់មករូបគេបានជាប់ឈ្មោះលេងឲ្យជម្រើសជាតិឈុតធំកំឡុងឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា