- 2016-05-05 22:39:13
- បាល់ទាត់
ស្គាល់បុគ្គល៨នាក់នេះទេ ជាអ្នកខ្នះខ្នែងបាល់ទាត់តាមខេត្តខ្លាំង?
- 2016-05-05 22:39:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់បុគ្គល៨នាក់នេះទេ ជាអ្នកខ្នះខ្នែងបាល់ទាត់តាមខេត្តខ្លាំង?
ចន្លោះមិនឃើញ
ដោយការស្រលាញ់ពេញចិត្ត និងចង់ឃើញកីឡាបាល់ទាត់ជាតិក៏ដូចជាកីឡាផ្សេងទៀតរីកចម្រើន បុគ្គលមួយចំនួនតែងតែលះបង់កម្លាំងកាយចិត្ត និងថវិកាដើម្បីជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យបាល់ទាត់មានសកម្មភាពនៅតាមបណ្តាខេត្ត បើទោះជាពួកគាត់ខ្លះមិនមែនជាមន្ត្រីរាជការ ឬមន្ត្រីរបស់សហព័ន្ធកីឡាណាមួយក៏ដោយ។
ថ្ងៃនេះ Sabay សូមបង្ហាញមុខបុគ្គល៨រូបដែលស្រលាញ់ពេញចិត្ត និងបង្កើតឲ្យមានសកម្មភាពកីឡានៅតាមតំបន់ភូមិស្រុករបស់ពួកគាត់។ សកម្មភាពរបស់ពួកគាត់បានកៀងគរយុវជនទទួលបានឱកាសលេងកីឡា និងអ្នកភូមិស្រុកឲ្យសប្បាយរីករាយនឹងសកម្មភាពកីឡា។
១-ម៉ៅ ផល្លី៖ លោកជាអ្នកមានគំនិតផ្តួលផ្តើមរៀបចំកម្មវិធីប្រកួតបាល់ទាត់យុវជនស្ម័គ្រចិត្តស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង។ បើគិតមកដល់ពេលនេះលោកបានបង្កើតពានរង្វាន់បាល់ទាត់ចំនួន៤ និងជួសជុលទីលានបាល់ទាត់ឡើងវិញបានចំនួនពីរលើកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកបានកៀងគរយុវជនជាច្រើនឲ្យចាប់អារម្មណ៍នឹងបាល់ទាត់ និងមានទំនាក់ទំនងល្អជាមួយកីឡាករបាល់ទាត់ និងគ្រូបង្វឹក។
២- មាន ម៉ាណិត៖ អ្នកនៅរាជធានីភ្នំពេញប្រហែលជាមិនសូវស្គាល់លោកទេ ប៉ុន្តែចំពោះអ្នកខេត្តក្រចេះវិញប្រហែលជាស្គាល់លោកច្រើន។ ម៉ាណិតជាបុគ្គលិករបស់អង្គការអន្តរជាតិមួយនៅខេត្តក្រចេះ។ លោកមិនមែនជាអ្នករស់នៅក្នុងខេត្តក្រចេះឡើយ ប៉ុន្តែលោកតែងចូលរួមបង្កើតកម្មវិធីប្រកួតបាល់ទាត់ជាច្រើននៅខេត្តក្រចេះ ដោយប្រមូលបង្កើតទាំងក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំ និងក្រុមយុវជនក្រោមអាយុ១៨ឆ្នាំជាដើម។
៣- សុះ រ៉ូហ្សាលី៖ លោកត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកខ្នះខ្នែងក្នុងការបង្កើតឲ្យមានកម្មវិធីប្រកួតបាល់ទាត់ថ្នាក់ខេត្តបន្ទាយមានជ័យ។ លោកមានស្រុកកំណើតនៅទីក្រុងភ្នំពេញ ប៉ុន្តែបានផ្លាស់ទៅរស់នៅសង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកបានចូលរួមបង្កើតពានរង្វាន់ថ្នាក់ខេត្តនេះតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។
៤- អេង ស៊ីនតារា៖ អ្នកដឹកនាំក្រុមក្រុមបាល់ទាត់គីរីដងរែក-ខេត្តសៀមរាប ដែលមានក្លឹបរបស់ខ្លួនពីរក្រុមគឺក្រុមយុវជនគីរីដងរែក និងក្រុមធំគីរីដងរែក។ លោកមានស្រុកកំណើតនៅឃុំសាលាកម្រើក ស្រុកសៀមរាប ខេត្តសៀមរាប។ លោកត្រូវអ្នកខេត្តសៀមរាបស្គាល់ថា ចូលរួមជ្រោមជ្រែង និងលើកម្ពស់បាល់ទាត់ក្នុងនោះការបង្កើតក្រុមបាល់ទាត់ និងការរៀបចំឲ្យមានការប្រកួតក្នុងតំបន់ជាដើមដែលធ្វើឲ្យក្រុមបាល់ទាត់សៀមរាបជាក្រុមខ្លាំងមួយ។
៦- រនី សាណីន៖ អ្នកបង្កើតពានរង្វាន់បាល់ទាត់នៅឃុំស្វាយជ្រំ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ លោកធ្លាប់បង្កើតពានរង្វាន់បាល់ទាត់១លើកកន្លងមកហើយ។ នាពាក់កណ្ដាលខែឧសភា ឬចូលខែមិថុនានេះ លោកមានគម្រោងបង្កើតពានរង្វាន់បន្ថែមមួយទៀត។
៧- នូ សំណាង៖ ជាមន្រ្តីរៀបចំការប្រកួតកីឡាបាល់ទាត់របស់ស្រុកសំពៅលូនខេត្តបាត់ដំបង។ អនុប្រធានការិយាល័យមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបងរូបនេះ តែងចូលរួមរៀបចំកម្មវិធីប្រកួតបាល់ទាត់ក្រោមអាយុ ១៤ឆ្នាំ ៥ទៅ៦ដងក្នុងមួយឆ្នាំក្នុងខេត្តចំនួន៣គឺ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។
៨- សោម សារិទ្ធ៖ លោកជាអតីតសិស្សវិទ្យាល័យស្វាយអន្ទរដែលបានក្លាយជាគ្រូបង្វឹកបាល់ទាត់ Futsal ម្នាក់នៅរាជធានីភ្នំពេញដូចពាន Ganzberg ជាដើម។ លោកតែងតែជួយខ្នះខ្នែងបង្ហាត់បង្រៀនដល់ក្រុមកីឡានៅវិទ្យាល័យស្វាយអន្ទរ និងផ្សព្វផ្សាយពីវិស័យបាល់ទាត់នៅខេត្តមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះលោកឧស្សាហ៍ស្វះស្វែងរកសម្ភារៈកីឡាជួយដល់ក្រុមកីឡានៅស្វាយអន្ទរ និងជួយទំនាក់ទំនងយកគ្រូបង្វឹកជម្រើសជាតិ និងក្រុមកីឡាករជម្រើសជាតិផ្នែកប៉េតង់ និងសីប៉ាក់តាក្រទៅជួយបង្ហាត់បង្ហាញដល់សិស្សានុសិស្សនៅទីនោះទៀតផង។
Sabay សូមបង្ហាញសង្ខេបៗតែ៨រូបខាងលើ ប៉ុន្តែជឿជាក់ថា នៅមានបុគ្គលជាច្រើនទៀតដែលបានលះបង់ច្រើនដើម្បីកីឡានៅតំបន់របស់ពួកគេ។ ប្រិយមិត្តចង់បង្ហាញបុគ្គលលេចធ្លោនៅតំបន់លោកអ្នក ឬមានសកម្មភាពកីឡាអ្វីចង់បង្ហាញដល់មហាជន សូមផ្ញើមកកាន់អ៊ីម៉ែល៖ chean.chanra@sabay.com៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា រូបថត៖ Facebook របស់សាមីខ្លួន