- 2015-12-16 16:17:01
- បាល់ទាត់
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Diogo របស់ Buriram ជាក្ដីបារម្ភរបស់បឹងកេត
- 2015-12-16 16:17:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Diogo របស់ Buriram ជាក្ដីបារម្ភរបស់បឹងកេត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Diogo Luis Santos របស់ Buriram United គឺជាក្ដីព្រួយបារម្ភរបស់ក្លិបបឹងកេតអង្គរ សម្រាប់ការប្រកួតនៃពានរង្វាន់ Toyota Mekong Clup 2015 នៅលើទឹកដីប្រទេសថៃនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។
អតីតគ្រូបង្វឹករបស់ក្លិបណាហ្គាវើលលោក ប្រាក់ សុវណ្ណារ៉ា បានឲ្យដឹងថា Diogo របស់ Buriram ជាកីឡាករល្អម្នាក់ដែលអាចរកគ្រាប់បាល់បានច្រើននៅលីកកំពូលរបស់ប្រទេសថៃ។ ប៉ះគ្នាថ្ងៃខាងមុខនេះខ្សែប្រយុទ្ធដែលធ្លាប់លេងនៅលីកកំពូលរបស់ប្រេស៊ីល Palmeiras រូបនេះជាមុខសញ្ញាគ្រោះថ្នាក់មួយសម្រាប់បឹងកេត។
លោកបាននិយាយថា៖« យើងទទួលស្គាល់ថា Diogo ជាកីឡាករល្អម្នាក់ដែលមានបទពិសោធន៍ច្រើន និងធ្លាប់លេងនៅក្លិបធំៗក្នុងពិភពលោក។ ពេលនេះយើងកំពុងតែត្រៀមខ្លួនថាត្រូវលេងបែបណាជាមួយគាត់(Diogo)។ ….ខ្ញុំមិនផ្ដោតសំខាន់ទៅលើកីឡាករតែម្នាក់ពេកទេ ព្រោះវាអាចធ្វើឲ្យទម្រង់លេងយើងធ្លាក់ចុះបាន ត្រូវគិតទៅលើគុណភាពក្រុមដែលជាគូប្រជែងទាំងមូល»។ គ្រូបង្គោលរូបនេះបន្ថែមទៀតថា ក្លិប Buriram ជាក្លិបធំបំផុតនៅអាស៊ាន ហើយក៏ជាក្លិបមួយ ដែលអាចចាត់ទុកថា មានទម្រង់លេងល្អលំដាប់ថ្នាក់អាស៊ីទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា លោកជឿថា បឹងកេតនឹងអាចបង្ហាញទម្រង់លេងល្អមួយធ្វើឲ្យអ្នកគាំទ្របាល់ទាត់ក្រុមកម្ពុជាទទួលយកបាន។
ងាកទៅខ្សែប្រយុទ្ធមុតស្រួចរបស់ Buriram United វិញទើបតែឈ្នះពានរង្វាន់ពីរក្នុងរដូវកាល២០១៥ នេះគឺកីឡាករលេងល្អប្រចាំឆ្នាំ និងអ្នករកគ្រាប់បាល់ច្រើនជាងគេចំនួន៣៣ គ្រាប់នៃលីកកំពូលរបស់ថៃ។ សម្រាប់ពានរង្វាន់កីឡាករលេងល្អប្រចាំឆ្នាំទទួលបានរថយន្ត Camry Hybrid 2.5HV CD មួយគ្រឿង ដែលមានតម្លៃ ៤៧០០០ដុល្លារអាមេរិក និងអ្នករកគ្រាប់បាល់បានច្រើនជាងគេទទួលបានឡាន TOYOTA Corolla Altis Esport ដែលមានតម្លៃ ២៥០០០ដុល្លារអាមេរិក៕
កីឡាករ Diogo Luis Santos ក្នុងពិធីទទួលពាន(រូបថត៖ Buriram)
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា