• 2015-12-11 21:14:30
  • បាល់ទាត់

មាស ចាន់​ណា​៖ បើ​កីឡាករ​​ណាហ្គា​មាន​ទំនុក​ចិត្ត២ឬ​៣​គ្រាប់​ នឹង​​យក​​ពី​ក្រោនបាន​វិញ​

  • 2015-12-11 21:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប្រសិន​​បើ​កីឡាករ​របស់​ក្រុម​ណាហ្គាវើល​មាន​ទំនុក​ចិត្ត​​ក្នុង​ពេល​​កំពុង​ប្រកួត​ នោះ​លទ្ធផល​ ២ឬ​៣ គ្រាប់​នឹង​​​យក​បាន​ពី​ភ្នំពេញ​ក្រោន​មក​វិញ​​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក មាស ចាន់​ណា​ គ្រូ​បង្គោល​របស់​​ក្លិប​ណាហ្គាវើល​ មុន​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​ម៉ោង ៦:០០​ស្អែក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ​សម្រាប់​​​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ជើង​ទីពីរ​ នៃ​លីក​កំពូល​កម្ពុជា​រដូវ​កាល​២០១៥ ដែល​ជើង​ទី១ក្រុម​របស់​លោក​ប្រកួត​ចាញ់​ភ្នំពេញ​ក្រោន២-០ ។

 

 

​លោក មាស ចាន់​ណា បាន​ឲ្យ​ដឹង​ថា​ ​ទោះ​កាល​ពី​ជើង​ទី១ ក្រុម​របស់​លោក​បាន​ចាញ់​​ភ្នំពេញ​ក្រោន ២-០​ ប៉ុន្តែ​លទ្ធផល​នេះ​លោក​​មាន​សង្ឃឹម​ដណ្ដើម​យក​មក​វិញ​ប្រសិន​បើ​កូន​ក្រុម​របស់​លោក​អាច​ប្រមូល​អារម្មណ៍​ឲ្យ​បាន​ល្អ​​ និង​លេង​ដោយ​មាន​ទំនុក​ចិត្ត​នោះ។ ប៉ះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ស្អែក​នេះ​​​​លោក​ នឹង​បង្កើត​ការ​ប្រយុទ្ធ​ឲ្យ​ខ្លាំង​បំផុត ដើម្បី​រក​គ្រាប់​បាល់។

 

​លោក មាស ចាន់​ណា បាន​និយាយ​ថា ៖«លទ្ធផល​​២ឬ ៣គ្រាប់ ​វា​នឹង​ត្រឡប់​មក​វិញ​ ប្រសិន​បើ​ក្រុម​របស់​ខ្ញុំ​អាច​លេង​ដោយ​មាន​ទំនុក​ចិត្ត​។ សម្រាប់​សមត្ថភាព​​កូន​ក្រុម​របស់​ខ្ញុំ​មិន​ក្រោម​ភ្នំពេញ​ក្រោន​ឡើយ ប៉ុន្តែ​លទ្ធផល​ចាញ់​ក្រុម​នេះ​កន្លង​មក​ដោយ​សារ​ចន្លោះ​ប្រហោង​ ក្នុងការ​​រៀប​ចំ​ទម្រង់​លេង​របស់​ខ្ញុំ​ និងកីឡាករ​របស់​ខ្ញុំ​ពួក​គាត់​គ្មាន​ទំនុក​ចិត្ត​ហ៊ាន​លេង​​»។

 

គ្រូ​បង្គោល​​​រូប​នេះ​បន្ថែម​ថា ​ជួប​ភ្នំពេញ​ក្រោន​ស្អែក​នេះ​លោក មិន​ប្រើ​ទម្រង់​លេង​​ដូច​ពី​មុន​ឡើយ ថែម​​ទាំង​​មាន​ការ​ដាក់​បញ្ចូល​កីឡាករ​ខុស​ពី​មុន​ឲ្យ​លេង​​​ជម្រើស​១១​នាក់​ដំបូង​​​​ចំនួន​៣នាក់គឺ​ ជិន ជុំ, ញឹម សុវណ្ណរ៉ា និង​​ ទៀត​ ច័ន្ទ​តារា​សុខា​។ ​ក្នុង​លីក​កំពូល​​​កម្ពុជា​ភ្នំពេញ​ក្រោន និង​​ណាហ្គាវើល​ធ្លាប់​ប៉ះ​គ្នា​ចំនួន ៧​ដង​រួច​មក​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ រហូត​មក​ដល់​​ពេល​នេះ​ក្នុង​នោះ​ក្រុម​របស់​លោក មាស​ ចាន់​ណា​ មិន​ធ្លាប់​ឈ្នះ​ម្ដង​ណា​ឡើយ​ពោល​គឺ​ភ្នំពេញ​ក្រោន​ឈ្នះ៤ និង​ស្មើ​​គ្នា​៣​ដង៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី