• 2015-12-04 21:48:02
  • បាល់ទាត់

ទ័ព​​គ្រោង​​​ត​កុង​ត្រា​ Tatsuta និង​នាំ​​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​U23 ​​ចំនួន៣នាក់​សម្រាប់​លីក​​ថ្មី

  • 2015-12-04 21:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​(​ទ័ព) នឹង​បន្ត​​កុង​ត្រា​ជាមួយ​កីឡាករ​ជប៉ុន​ Tasuta Kazuki ដែល​​បឹង​កេត​កំពុង​ខ្ចី​ជើង​ ​​និង​​កំពុង​រៀប​ចំ​នាំ​យក​​កីឡាករ​បរទេស​ជម្រើស​ជាតិ​​កូរ៉េ​ខាង​ត្បូង​ក្រោម​អាយុ២៣ ឆ្នាំ​(U-២៣) ​​ចំនួន​ ៣​នាក់​​​ថែម​ទៀត​ដើម្បី​ពង្រឹង​ក្រុម​​សម្រាប់​ត្រៀម​ខ្លួន​នៅ​រដូវ​កាល​ថ្មី​នៃ​លីក​កំពូល​របស់​កម្ពុជាឆ្នាំ​២០១៦​​ នា​ពេល​ខាង​មុខ​នេះ។

 

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ទេព ឡុង​រចនា គ្រូ​បង្គោល​ក្លិប​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ថា កីឡាករ​ជប៉ុន Tasuta Kazuki ​ដែល​បឹង​កេត​កំពុង​ខ្ចី​ជើង​ និង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជួយ​ក្រុម​​របស់​កម្ពុជា​ឈ្នះ Yangon United ​របស់​មីយ៉ាន់ម៉ា ៣-០​កាល​ពី​ពេល​កន្លង​ទៅ​​នោះ​ លោក​នឹង​បន្ត​កុង​ត្រា​​សម្រាប់​លេង​នៅ​​ឆ្នាំ​២០១៦​​បន្ថែម​ទៀត​។ ក្រោយ​ពេល​កីឡាករ​ជប៉ុន​ត្រឡប់​មក​ពី​ជួយ​បឹង​កេត​​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ក្នុង​លក្ខណ​ខ្ចី​ជើង​​វិញ​។ ទ័ព​នឹង​រៀប​ចំ​ត​កុង​ត្រា​ភ្លាម​ ​បើ​ទោះ​បឹង​កេត​ចង់​បាន​កីឡាករ​រូប​នេះ​ក៏​ក្រុម​របស់​លោក​មិន​ព្រម​លក់​ឡើយ។

 

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា សម្រាប់​រដូវ​កាល​ ២០១៦ ​ក្រុម​របស់​លោក​​កំពុង​រៀប​ចំ​ឯកសារ​នាំ​យក​កីឡាករ​​កូរ៉េ​ខាង​ត្បូង ដែល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ក្រោម​អាយុ​ ២៣​ឆ្នាំ​ចំនួន៣​នាក់​បន្ថែម​ទៀត​ក្នុង​គោល​បំណង​ប្រជែង​យក​ជើង​ឯក​​សម្រាប់​រដូវ​កាល​ថ្មី។ បច្ចុប្បន្ន​​ទ័ព​កំពុង​​​ត្រួត​ពិនិត្យ​​ឯក​សារ​ និង​វីដេអូ​​ប្រកួត​លើ​ទី​លាន​កន្លង​មក​របស់​កីឡាករ​បរទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​៦​នាក់​ ប៉ុន្តែ​នឹង​ចុច​យក​​ចុង​ក្រោយ​តែ​៣​នាក់​ដែល​ល្អ​បំផុត​ក្នុង​ចំណោម​នោះ។

 

កីឡាករ​បរទេស​​កូរ៉េ​ខាង​ត្បូង​របស់​ទ័ព​ នឹង​មក​ដល់​ទឹក​ដី​កម្ពុជា​នា​ចុង​ខែ​​ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ហ្វឹកហាត់​​សម​ជើង​​ជាមួយ​កូន​ក្រុម​របស់​លោក​នៅ​​ស្តាត​ចាស់​​​ ​ត្រៀម​លីក​កំពូល​របស់​កម្ពុជា​ នឹង​មក​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ។ កីឡាករ Tasuta Kazuki បាន​មក​លេង​ឲ្យ​ក្លិប​ក្រសួង​ការពារ​ជាតិ​កាល​រដូវកាល​​ ២០១៥ និង​បាន​ជួយ​ក្រុម​របស់​លោក​ ឡុង​​រចនា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៥ នៃ​លីក​កំពូល​របស់​កម្ពុជា​​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​

មតិយោបល់
អត្ថបទថ្មី