- 2015-11-30 23:03:14
- បាល់ទាត់
ចំណុចសំខាន់ ៤យ៉ាងធ្វើឲ្យបឹងកេតឈ្នះ Yangon United យប់មិញ
- 2015-11-30 23:03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចសំខាន់ ៤យ៉ាងធ្វើឲ្យបឹងកេតឈ្នះ Yangon United យប់មិញ
ចន្លោះមិនឃើញ
ក្រុមបឹងកេតអង្គរបានយកឈ្នះម្ចាស់ជើងឯកលីកកំពូលមីយ៉ាន់ម៉ា Yangon United ៣-០ ដែលជាលទ្ធផលដ៏ល្អមួយលើសការរំពឹងទុក។ មានចំណុចសំខាន់ ៤យ៉ាងធ្វើឲ្យបឹងកេតទទួលជ័យជម្នះដ៏ត្រចះត្រចង់ដែលក្នុងនោះមាន ការប្រើកីឡាករបរទេស ការប្រកួតក្នុងដី ក្រុមភ្ញៀវសម្រុកខ្លាំងពេក និងយុទ្ធសាស្ត្រដ៏ល្អរបស់គ្រូបង្វឹក។
១. ការប្រើកីឡាករបរទេស កីឡាករសញ្ជាតិនីហ្សេរីយ៉ា Samuel Gbenga និង Esoh Omogba ព្រមទាំងកីឡាករសញ្ជាតិជប៉ុន Yuya Wada និង Kazuki Tatsuta បានស្ថិតក្នុងជម្រើសដំបូងរបស់លោក ប្រាក់ សុវណ្ណារ៉ា ដែលធ្វើទម្រង់លេងបឹងកេតមានប្រសិទ្ធភាពខុសពីសព្វមួយដង។ កីឡាករបរទេសទាំង៤រូបនេះ បានសហការគ្នាយ៉ាងល្អជាមួយកីឡាករកម្ពុជាផ្សេងទៀតរហូតទម្លាយសំណាញ់ទីក្រុមភ្ញៀវបាន៣គ្រាប់។
មុនជំនួបដ៏ជក់ចិត្តនេះកើតឡើង បឹងកេតបានខ្ចីជើងកីឡាករបរទេស២រូបមកពង្រឹងក្រុម។ Kazuki Tatsuta ជាខ្សែប្រយុទ្ធដ៏លេចធ្លោនៅការពារជាតិ និងកីឡាករ Dzarma Bata ដែលរកបាន២១គ្រាប់ឲ្យក្រុមស្វាយរៀងក្នុងការប្រកួតលីកកំពូលកម្ពុជា។ បន្ទាប់ពីសមជើងជាមួយក្រុមបឹងកេតបានប៉ុន្មានថ្ងៃ Kazuki Tatsuta បានជាប់ជម្រើសដំបូង និងបំពេញការងារនៅតំបន់កណ្ដាលមិនឲ្យខ្សែប្រយុទ្ធក្រុម Yangon United ទម្លុះចូលដល់តំបន់ការពារងាយៗឡើយ។
ចំណែកក្រុម Yangon United បានប្រើកីឡាករបរទេសតែ ២រូបប៉ុណ្ណោះក្នុងក្រុម។ Luis Fernando ជាអ្នកចាំទីដៃទី១ និងខ្សែប្រយុទ្ធដែលមានសញ្ជាតិប្រេស៊ីលដូចគ្នា Adison Dos Santos Souza។ ជម្រើស៩រូបផ្សេងទៀតជាកីឡាករសញ្ជាតិមីយ៉ាន់ម៉ា ដែលសុទ្ធតែបង្ហាញទម្រង់ល្អគួរសមនិងធ្លាប់យកឈ្នះក្រុម Lao Toyota FC ៥-២ ប៉ុន្តែបែរជាមិនអាចទម្លាយសំណាញ់ទីក្រុមបឹងកេតកម្ពុជា។ ជាងនេះទៅទៀតនោះ កីឡាករខ្សែប្រយុទ្ធ ឆ្នើមសញ្ជាតិប្រេស៊ីលរបស់ Yangon United ២រូបគឺ Cesar Augusto និង Emerson Luiz បានចាកចេញពីក្រុមមុនពេលប៉ះបឹងកេតដើម្បីទៅប្រកបអាជីពនៅអឺរ៉ុប។
២. ផលចំណេញក្នុងនាមជាម្ចាស់ផ្ទះ ធម្មតាការប្រកួតក្នុងដីតែងជាផលចំណេញមួយសម្រាប់ក្រុមម្ចាស់ផ្ទះ ព្រោះមានអ្នកគាំទ្រលើកទឹកចិត្តច្រើន កត្តាអាកាសធាតុ ចំណីអាហារ បូករួមទាំងទីលានប្រកួតដែលធ្លាប់រត់ជាច្រើនដង ស្គាល់ស្ថានភាពច្បាស់ជាងក្រុមភ្ញៀវដែលទើបសមជើងបានមុនការប្រកួតមួយថ្ងៃ។
ពេលប្រកួតឈ្នះក្រុម Lao Toyota FC ក្រុម Yangon United បានប្រើកីឡាដ្ឋាន Thuwunna Youth Training Centre Stadium ក្នុងនាមជាម្ចាស់ផ្ទះ។ ចំណែកការប្រកួតលើទឹកកម្ពុជាម្សិលមិញធ្វើឡើងលើស្មៅសិប្បនិម្មិតពហុកីឡដ្ឋានជាតិ ដែលអាចជាបញ្ហាមួយសម្រាប់កីឡាករក្រុមភ្ញៀវ។
៣. ក្រុម Yangon United សម្រុករកគ្រាប់បាល់ខ្លាំងពេក គិតតាមរូបមន្តគ្រាប់ស៊ុតក្រៅដីគុណនឹង២ ក្រុម Yangon United មិនអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានឡើយ ប្រសិនលទ្ធផលបញ្ចប់ទៅត្រឹម ០-០។ ដូចនេះក្រុមម្ចាស់ជើងឯកលីកកំពូលមីយ៉ាន់ម៉ា ប្រឹងសម្រុកតាំងពីដើមតង់ទី១ ដោយមិនសំចៃជើង។ ទោះបែបនេះក្ដី ការសម្រុករកគ្រាប់បាល់នោះមិនមានប្រសិទ្ធភាពឡើយ ហើយការវាយបករបស់ក្រុមកម្ពុជាបានកើតឡើងបន្តបន្ទាប់។
ចូលដល់តង់ទី២ ក្រុមកម្ពុជាមានឱកាសជាញឹកញាប់ វាយបកលឿនៗរហូតទម្លាយសំណាញ់ទីបានសម្រេច។ ក្រុមមីយ៉ាន់ម៉ានៅតែបន្តរកគ្រាប់បាល់ស្មើ ដើម្បីបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបែរជាត្រូវដាច់មាត់ បណ្ដាលឲ្យក្រុមកម្ពុជាស៊ុតបន្ថែម តួយ៉ាងដូចជាគ្រាប់ទី២ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធពាក់លេខ៩៩ Gbenga ជាដើម។
លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា ធម្មតាបើក្រុមមួយព្យាយាមវាយសម្រុកដើម្បីរកគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់ដៃគូហើយ ប្រាកដជាចន្លោះប្រហោងនៅតំបន់ការពារខ្លះជាមិនខានឡើយ។ ប្រការនេះហើយទើបបានធ្វើឲ្យក្រុមរបស់លោកវាយបកប្រកបដោយប្រសិទ្ធភាព។
៤. យុទ្ធសាស្ត្រគ្រូបង្វឹកបត់បែនតាមកាលៈទេសៈ លោក ប្រាក់ សុវណ្ណារ៉ា បានរៀបចំយុទ្ធសាស្ត្រយ៉ាងល្អក្នុងការប្រកួតនេះ និងបត់បែនតាមកាលៈទេសៈទាន់ពេលវេលា។ ដោយសារគិតថា ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី មិនអាចចុះជួយតំបន់ការពារទាន់ពេលវេលា ទើបលោកសម្រេចចិត្តប្ដូរខ្សែបម្រើ ឈុន សុធារ័ត្ន តាំងពីតង់ទី១។ ក្រោយមកតំបន់កណ្ដាលចាប់ផ្ដើមប្រទាក់ក្រឡាគ្នាល្អ ខុសប្លែកពីដើមតង់ និងចាប់ផ្ដើមមានឱកាសអូសបាល់ទៅមុខទីគូប្រកួតច្រើន។
ចំណែកគ្រូបង្វឹកក្រុម Yangon United ប្រាប់កីឡាករឲ្យវាយសម្រុករកគ្រាប់បាល់ប៉ុន្តែមិនបានសម្រេច។ លោកបញ្ជាក់ថា តង់ទីមួយក្រុមបានលេងដូចការគ្រោងទុក ប៉ុន្តែនៅតង់ទី២ ទម្រង់លេងបានធ្លាក់ចុះ រហូតធ្វើឲ្យក្រុមបឹងកេតមានឱកាសវាយបកលឿន និងទម្លាយសំណាញ់ទីរហូតដល់ទៅ ៣គ្រាប់៕
អត្ថបទ៖ គង់ វិសាល