• 2015-08-03 20:32:46
  • បាល់ទាត់

Rodgers ជឿ​ថា​ Benteke ​នឹង​ក្លាយ​ជា Hero​ ​​របស់​ Liverpool ក្រោយ​ស៊ុត​ចូល​គ្រាប់​អស្ចារ្យ

  • 2015-08-03 20:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Brendan Rodgers ​អ្នកចាត់ការ​ក្រុម​ Liverpool ជឿ​ថា​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Christian Benteke ​​ដែល​ពាក់​លេខ​៩ នឹង​ក្លាយ​ជា​ Hero ថ្មី​របស់​ក្រុម​ហង្ស​ក្រហម បន្ទាប់​ពី​កីឡាករ​រូប​នេះ ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ ជួយ​ឲ្យ​ក្រុម​ឈ្នះ​ Swindon ២-១ ក្នុង​ការ​ប្រកួត​មិត្តភាព​ កាល​ពី​យប់​មិញ។

 

 

 

Benteke ដែល​​ផ្ទេរ​ពី Aston Villa​ ក្នុង​តម្លៃ​៣២,៥​លាន​ផោន (ជាង​៥០​លាន​ដុល្លារ) ​​កាល​ពី​ខែ​មុន បាន​ស៊ុត​កាប់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ខ្លួន​ឲ្យ​ក្រុម​ Liverpool យប់​មិញ​នេះ ដែល​ធ្វើ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់ រឹត​​តែ​ជឿ​ជាក់​​លើ​សមត្ថភាព​កីឡាករ​រូប​នេះ កាន់​តែ​ខ្លាំង​ទៀត ថែម​ទាំង​សរសើរ​ថា​ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​ក្លាយ​ជា​វីរបុរស​របស់​ក្លិប​ទៀត​ផង។

 

អ្នកចាត់ការ​វ័យ​៤២​ឆ្នាំ បាន​និយាយ​ថា៖ "គាត់​ពិត​ជា​ស៊ុត​បញ្ចូល​ទី​បាន​អស្ចារ្យ​មែន ហើយ​ទើប​តែ​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​១​សប្ដាហ៍​ប៉ុណ្ណោះ...គាត់​ពិត​ជា​ល្អ។ មិន​ថា​វា​​ជា​ការ​ប្រកួត​មិត្តភាព លីក ឬ Cup ​អ្នក​ប្រហែល​ពុំ​សូវ​បាន​ឃើញ​គ្រាប់​បាល់​អស្ចារ្យ​ដូច​នេះ​ប៉ុន្មាន​ឡើយ។ សម្រាប់​ខ្ញុំ​ គាត់​ពិត​ជា​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​មែន។ ខ្ញុំ​គិត​ថា គាត់​មាន​សមត្ថភាព​ពិសេស ដែល​អាច​ជួយ​ក្រុម​​ប្រសើរ​ជាង​មុន និង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច"។

 

ចំណែក​ឯ​ខ្សែ​បម្រើ​ប្រេស៊ីល​ Roberto Firmino ​ដែល​ផ្ទេរ​ពី Hoffenheim ​នូវ​តម្លៃ​ថ្លៃ​បំផុត​ទី​៣ ក្នុង​​ប្រវត្តិសាស្ត្រ​ក្លិប​ ២៩​លាន​ផោន​ (ជាង​៤៥,៦​លាន​​ដុល្លារ) នោះ ក៏​បាន​បង្ហាញ​ខ្លួន​​​​ឲ្យ​ Liverpool ដែរ កាល​ពី​យប់​មិញ និង​បាន​​ចាប់​ដៃ​គូរ​សហការ​គ្នា​ជាមួយ ​Benteke ​បាន​ល្អ​ផង​ដែរ៕

 

សូម​ទស្សនា​វីដេអូ ​Benteke ស៊ុត​ចូល​យប់​មិញ៖​

 

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Benteke អាច​នឹង​ក្លាយ​ជា​ Hero លេខ​៩ ក្រុម​ Liverpool ខ្លាំង​ដូច​ Fernando Torres ធ្លាប់​ពាក់​ ឬ​ទេ?

 

-ចុចអាន៖ Liverpool ទិញ​បាន​ Benteke ផ្លូវ​ការ ឯ​ Firmino ​ចូល​ហ្វឹកហាត់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ mirror

មតិយោបល់