• 2015-07-10 18:15:35
  • បាល់ទាត់

ខំ​ប្រឹង​​​ក្នុង​អាជីព​បាល់ទាត់ ទី​បំផុត គួច​ សុកុម្ភៈ​ និង​ភរិយា​​​ធ្វើ​ពិធី​​ឡើង​ផ្ទះ​ថ្មី​ថ្ងៃ​អាទិត្យ​នេះ​

  • 2015-07-10 18:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​សមាជិក​ក្រុម​ណាហ្គាវើល គួច សុកុម្ភៈ​ និង​ភរិយា អឿ រ៉ាវី​សម្រេច​រៀបចំ​ពិធី​ឡើង​ផ្ទះ​ថ្មី​នា​ថ្ងៃ​អាទិត្យ​ ទី​១២​ ខែ​កក្កដា ខាង​មុខ​នេះ​ ហើយ​បន្ទាប់​ពី​ខិតខំ​ប្រឹង​ប្រែង​សន្សំ​ប្រាក់​អស់​រយៈ​ពេល​ជា​យូរ​មក។

 

 គួច សុកុម្ភៈ (អាវ​ខៀវ) ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

អ្នក​ស្រី​ អឿ រ៉ាវី បាន​ឲ្យ​ដឹង​ថា ផ្ទះ​​ថ្មី​របស់​អ្នក​ស្រី​ស្ថិត​នៅ​ក្នុង​បូរី​សុខសាន្ត​ចោម​ចៅ ជិត​រង្វង់​មូល​ចោមចៅ ផ្លូវ​ជាតិ​លេខ​៣។ តាម​ពិត​ទៅ​អ្នក​ស្រី​ និង​គ្រួសារ​បាន​ទិញ​ផ្ទះ​នេះ​ជាង​មួយ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​បាន​សន្សំ​ប្រាក់​រួម​គ្នា​ជា​មួយ​នឹង​ប្តី​ជា​កីឡាករ​បាល់ទាត់​តាំង​ពី​បាន​រៀប​ការ​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​បាន​រស់​នៅ​ផ្ទះ​ថ្មី​នេះ​ជាប់​លាប់​នោះ​ទេ​ ដោយ​ត្រូវ​រស់​នៅ​ជា​មួយ​ឪពុក​ម្តាយ​សិន។

 

អ្នក​ស្រី​ និង​ស្វាមី គួច សុកុម្ភៈ​បាន​​រៀបរាប់​ថា កាល​ពី​ដើម​ឆ្នាំ​២០១២ ដែល​ជា​ពេល​ពួក​គាត់​រៀប​ការ​ ពួក​គាត់​មិន​មាន​ចំណូល​សម​រម្យ​ឡើយ​ ដោយ​សារ​កាល​ណោះ​គួច សុកុម្ភៈ​​​ទទួល​បាន​ប្រាក់​ខែ​តិច​តូច​ប៉ុណ្ណោះ​ពី​អាជីព​បាល់ទាត់។ ប៉ុន្តែ​ពួកគាត់​ទាំង​ពីរ​បាន​ព្យាយាម​ជួយ​សន្សំ​គ្នា​ដោយ​មិន​ហ៊ាន​ចាយ​ផ្ដេសផ្ដាស​ឡើយ។

 

 

រ៉ាវី​និយាយ​ថា ៖«ពី​មុន​ គាត់​(សុកុម្ភៈ)​​បាន​ប្រាក់​ខែ​តិច​ ការ​ចាយ​វាយ​គឺ​អត់​ហ៊ាន​ផ្ដេសផ្ដាស​ទេ​ ទាល់​តែ​ចាំ​​បាច់​ទើប​ចាយ។ ពេល​គាត់​ចូល​លេង​នៅ​ក្លិប​ភ្នំពេញ​ក្រោន គាត់​បាន​ប្រាក់​ខែ​គួរ​សម​ ហើយ​ខំ​ក៏​ប្រឹង​រក​លុយ​ដែរ​ ​​យើង​រឹត​តែ​សន្សំ​ ព្រោះ​ចង់​មាន​ផ្ទះ​នៅ​ផ្ទាល់​ខ្លួន។ ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយ​រៀបការ​ ពួក​ខ្ញុំ​ក៏​សម្រេច​ទិញ​ផ្ទះ​ តែ​បង់​រំលស់»។

 

ស្ត្រី​ដែល​ជា​អ្នក​​មាន​របប​រក​ស៊ី​ផ្ទាល់​ខ្លួន​​រូប​នេះ​បន្ត​ឲ្យ​ដឹង​ថា​ ថ្វី​ត្បិត​ទិញ​ផ្ទះ​ជាង​មួយ​ឆ្នាំ​ហើយ​ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​រស់​នៅ​ផ្ទះ​នោះ​ជាប់​លាប់​ទេ​ សូម្បី​តែ​រៀប​ចំ​ពិធី​ឡើង​ផ្ទះ​ ក៏​មិន​ទាន់​បាន​រៀប​ចំ​ដែរ​ ពី​ព្រោះ​គួច សុកុម្ភៈ​ជាប់​រវល់​ខ្លាំង​នឹង​បាល់ទាត់​ទាំង​ក្លិប​ និង​ជម្រើស​ជាតិ។

 

«ទើប​ពេល​នេះ​ ពួក​ខ្ញុំ​សម្រេច​រៀបចំ​ពិធី​ឡើង​ផ្ទះ​តិចតួច​ ទោះ​រវល់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ បើ​មិន​ធ្វើ​ទេ​ នៅ​តែ​អីចឹង»។ រ៉ាវី​បាន​និយាយ និង​បញ្ជាក់​ថា​ និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​ និង​អញ្ជើញ​សាច់ញាតិ​ មិត្ត​ភក្តិ​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ពិធី​នេះ។

 

អ្នក​ស្រី អឿ រ៉ាវី និង​កីឡាករ គួច សុកុម្ភៈ ​បាន​​រៀប​ការ​កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​ចំណាយ​ពេល​ស្វែង​យល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​៣​ឆ្នាំ។ សព្វ​ថ្ងៃ​អ្នក​ទាំង​ពីរ​ទទួល​បាន​កូន​ប្រុស​ម្នាក់​អាយុ​ជាង​ពីរ​ឆ្នាំ​សម្រាប់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍៕

 
 

អត្ថបទ៖ ជាន ចាន់រ៉ា​​

មតិយោបល់