• 2015-06-03 16:33:45
  • បាល់ទាត់

Rodgers នៅ​ដឹក​នាំ​ Liverpool បន្ត ក្រោយ​ពិភាក្សា​ជាមួយ​ម្ចាស់​ក្លិប

  • 2015-06-03 16:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Brendan Rodgers ​នឹង​នៅ​តែ​ជា​អ្នកចាត់ការ​ក្រុម Liverpool ​ដដែល​ បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​ម្ចាស់​ក្លិប​រួច​ ប៉ុន្តែ​​​បាន​ប្រាប់ថា​ នឹង​​ធ្វើ​ឲ្យ​ហង្ស​ក្រហម​​រីក​ចម្រើន​ជាង​មុន​ នៅ​រដូវ​កាល​ក្រោយ។

 

 

អ្នកចាត់ការ​វ័យ​៤២​ឆ្នាំ ​បាន​ជួប​ជាមួយ​សហ​ម្ចាស់​ក្លិប​លោក​ Tom Werner ​និង​ប្រធាន​ក្រុមហ៊ុន​ Fenway Sports Group លោក​ Mike Gordon ​កាល​ពី​យប់​មិញ ដើម្បី​ពិភាក្សា​គ្នា​ពិនិត្យ​ឡើង​វិញ នូវ​ស្ថានភាព​របស់​ក្លិប។

 

​​លោក​​ Werner និង​ Gordon ​សង្ឃឹម​ថា​ Liverpool យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ Top 4 ដែរ នៅ​រដូវ​កាល​២០១៤/១៥ បន្ទាប់​ពី​ចំណាយ​លុយ​​​អស់​ ១២០​លាន​ផោន ​ក្នុង​ការ​​ទិញ​កីឡាករ​ថ្មី​ចូល ​ប៉ុន្តែ​បែរ​ជា​ទទួល​ត្រឹម​ការ​ខក​ចិត្ត​ ដោយ​សារ​ក្រុម​បញ្ចប់​រដូវ​កាល ត្រឹម​ចំណាត់​ថ្នាក់​លេខ​៦ និង​ចាញ់​ Stoke City ថ្ងៃ​ចុង​ក្រោយ ៦-១ ថែម​ទៀត។

 

យ៉ាង​ណា​ក្ដី អ្នក​ជំនួញ​អាមេរិក​ ​Werner ក៏​យល់​​ដែរ​ថា ការ​ធ្លាក់​ទម្រង់​លេង​របស់​ក្រុម គឺ​មក​ពី​លក់​ខ្សែ​ប្រយុទ្ធ​សំខាន់​ Luis Suarez ហើយ​ Daniel Sturridge ​របួស​ស្ទើរ​តែ​ពេញ​១​រដូវ​កាល​ថែម​ទៀត។ ដូច្នេះ​លោក​ផ្ដល់​ឱកាស​ដល់​លោក​ Rodgers ​នៅ​ដឹក​នាំ​ក្រុម​បន្ត​ទៀត​នៅ​រដូវ​កាល​ថ្មី​ ប៉ុន្តែ​ក្រុម​​ត្រូវ​តែ​រីក​ចម្រើន​ជាង​មុន។

 

ម្ចាស់​ក្លិប​ហង្ស​ក្រហម ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ FSG នឹង​គាំទ្រ​លោក​ Rodgers ម្ដង​ទៀត ​ក្នុង​ការ​ដោះ​ដូរ​កីឡាករ​ថ្មី​ចូល​រដូវ​ក្ដៅ​នេះ ​និង​ចង់​ឃើញ​អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​ អាច​ដឹក​នាំ​ក្រុម​ឲ្យ​ទទួល​បាន​កៅអី​ UEFA Champions League វិញ៕

 

​ចុះ​ប្រិយមិត្ត​យល់​ថា ​លោក​ Rodgers នឹង​ដឹក​នាំ​ Liverpool ល្អ​ ឬ​អត់​រដូវ​កាល​ថ្មី?

 

-ចុចអាន៖ ម្ចាស់​ក្លិប Liverpool នឹង​ជួប​សម្រេច​​អនាគត​ លោក Rodgers ​ស្អែក​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror

មតិយោបល់
អត្ថបទថ្មី