• 2015-05-26 18:45:13
  • បាល់ទាត់

​បេក្ខភាព​៥​រូប អាច​ជា​អ្នកចាត់ការ​ថ្មី ក្រុម Liverpool

  • 2015-05-26 18:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់​​អ្នកចាត់ការ Brendan Rodgers ​ជាមួយ​នឹង​ក្លិប​ Liverpool ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ បន្ទាប់​ពី​ហង្ស​ក្រហម ធ្លាក់​ទម្រង់​លេង​ខ្លាំង និង​ជួប​បរាជ័យ​ធ្ងន់ធ្ងរ​នៅ​​ថ្ងៃ​ប្រកួត​ចុង​ក្រោយ ដោយ​ចាញ់​ Stoke City ៦-១ នៅ​ Britannia Stadium ​កាល​ពី​ថ្ងៃ​អាទិត្យ​។

 

 

បុរស​វ័យ​៤២​ឆ្នាំ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា អនាគត​របស់​លោក​បច្ចុប្បន្ន​ គឺ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​ម្ចាស់​ក្លិប ពោល​គឺ​បើ​ម្ចាស់​ក្លិប​តម្រូវ​ឲ្យ​លោក​ចេញ​ពី​តំណែង​ លោក​នឹង​ចាក​ចេញ​ភ្លាម។ ចុះ​បើ​លោក Rodgers ចេញ​ពី​តំណែង​មែន តើ​នរណា​នឹង​ដឹក​នាំ​​ហង្ស​ក្រហម​បន្ត? ​ខាង​ក្រោម​នេះ គឺជា​បេក្ខភាព​៥​រូប ដែល​​នឹង​អាច​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​ ក្រុម Liverpool៖

 

១. Jurgen Klopp

 

 

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៤៧​ឆ្នាំ បាន​ប្រកាស​ចាក​ចេញ​ពី​ក្លិប Borussia Dortmund ​ហើយ និង​ជា​​បេក្ខភាព​មួយ​រូប ដែល​អ្នកគាំទ្រ​ Liverpool ភាគ​ច្រើន​ពេញ​ចិត្ត។ Klopp បាន​ឡើង​ដឹក​នាំ​ក្រុម Dortmund កាល​ពី​ឆ្នាំ​២០០៨ ជួយ​ឲ្យ​​ក្រុម​​លើក​ពាន Bundesliga ២​ដង, DFB-Pokal ​ម្ដង និង ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង។

 

២. Carlo Ancelotti

 

 

អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៥៥​ឆ្នាំ ត្រូវ​បាន​ក្រុម Real Madrid បណ្ដេញ​ចេញ​ពី​តំណែង កាល​ពី​យប់​មិញ។ Ancelotti ធ្លាប់​ដឹក​នាំ​ Chelsea នៅ​ Premier League ​យ៉ាង​ជោគជ័យ ដូច្នេះ​អាច​នឹង​វិល​ត្រឡប់ ទៅ​ដឹក​នាំ​នៅ​លីក​កំពូល​អង់គ្លេស​វិញ ​ដែល​អាច​នឹង​ដឹកនាំ​ក្រុម Liverpool។ កាល​ពី​រដូវ​កាល​មុន Ancelotti ​បាន​ជួយ​ឲ្យ​ Real ឈ្នះ​ពាន​៤ ប៉ុន្តែ​រដូវ​កាល​នេះ​ពុំ​បាន​ឈ្នះ​ពាន​អ្វី​មួយ​ឡើយ។

 

៣. Rafael Benítez

 

 

អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ វ័យ​៥៥​ឆ្នាំ របស់​ក្រុម Napoli កំពុង​តែ​ឮ​ពាក្យ​ចចាមអារ៉ាម​ថា អាច​នឹង​ទៅ​ដឹក​នាំ​នៅ Real Madrid ប៉ុន្តែ​ Liverpool អាច​នឹង​ទាក់​ចិត្ត​​បុរស​រូប​នេះ ទៅ​កាន់​ទឹក​ដី Anfield បាន ព្រោះ​ធ្លាប់​មាន​អនុស្សាវរីយ៍​ល្អៗ​​ជាមួយ​គ្នា។ Benítez ​ធ្លាប់​ដឹក​នាំ​ហង្ស​ក្រហម ឲ្យ​លើក​ពាន​បាន​៤ ក្នុង​នោះ ឈ្នះ​ UEFA Champions League ម្ដង កាល​ពី​ឆ្នាំ​២០០៥។

 

៤. Frank de Boer

 

 

អ្នកចាត់ការ​សញ្ជាតិ​ហុឡង់ដ៍​ វ័យ​៤៥​ឆ្នាំ ធ្លាប់​លើក​ឡើង​ថា លោក​មាន​បំណង​ចង់​ទៅ​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស​នៅ​ថ្ងៃ​ណា​មួយ។ ជាង​នោះ​ទៀត​ លោក​​ក៏​ធ្លាប់​បង្ហើប​ប្រាប់​ថា Liverpool ធ្លាប់​ទាក់ទង​ម្ដង ពេល​ដែល​ក្លិប​ ស្វែង​រក​អ្នក​ជំនួស​តំណែង​លោក Kenny Dalglish។ Frank de Boer ឡើង​ដឹក​នាំ Ajax កាល​ពី​ឆ្នាំ​២០១០ និង​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន​លីក​កំពូល​របស់​ហុឡង់ដ៍ ៤​រដូវ​កាល​ជាប់ៗ​គ្នា ប៉ុន្តែ​រដូវ​កាលនេះ​​ពុំ​បាន​ឈ្នះ​ទេ ដោយ​ចាញ់​ពិន្ទុ​ក្រុម PSV។

 

៥. Andre Villas-Boas

 

 

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ វ័យ​៣៧​ឆ្នាំ ធ្លាប់​ដឹក​នាំ​ក្រុម Chelsea និង​ Spurs ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ។ យ៉ាង​ណា​ក្ដី អ្នកចាត់ការ​វ័យ​ក្មេង​រូប​នេះ មិន​ទាន់​អស់ចិត្ត​នៅ​ទឹក​ដី​អង់គ្លេស​នៅ​ឡើយ​​ទេ ពោល​គឺ​អាច​នឹង​វិល​ត្រឡប់​ទៅ​សង​សឹក​ថ្ងៃ​ណា​មួយ ដែល​​នឹង​មាន​ឱកាស​សម្រាប់​ក្រុម Liverpool។ Villas-Boas ​ធ្លាប់​ដឹក​នាំ Porto ឲ្យ​លើក​ពាន​៤​ ក្នុង​១​រដូវ​កាល កាល​ពី​រដូវ​កាល​២០១០/១១ ​ហើយ​រដូវ​កាល​នេះ ជួយ​ឲ្យ​ Zenit លើក​ពាន​ លីក​កំពូល​របស់​រុស្សី​​ផង​ដែរ៕

 

​​ចុះ​ប្រិយ​មិត្ត​យល់​ថា អ្នកចាត់ការ​រូប​ណា នឹង​អាច​ដឹក​នាំ​ Liverpool ល្អ​ជាង​គេ?

 

-ចុចអាន៖ Rodgers៖ បើ​ម្ចាស់​ក្លិប​ចង់​ឲ្យ​ខ្ញុំ​ចេញ ខ្ញុំ​នឹង​ចាក​ចេញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ telegraph

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី