• 2015-05-25 15:55:39
  • បាល់ទាត់

Rodgers៖ បើ​ម្ចាស់​ក្លិប​ចង់​ឲ្យ​ខ្ញុំ​ចេញ ខ្ញុំ​នឹង​ចាក​ចេញ

  • 2015-05-25 15:55:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្រុម Liverpool លោក​ Brendan Rodgers ​បាន​និយាយ​ថា លោក​នឹង​ចាក​ចេញ​ពី​ក្លិប បើ​សិន​ជា​ម្ចាស់​ក្លិប​ ចង់​ឲ្យ​​លោក​ចេញ។

 

 

ការ​​​លើក​ឡើង​របស់​អ្នកចាត់ការ​វ័យ​៤២​ឆ្នាំ​ដូច​នេះ គឺ​បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម ចាញ់​ Stoke City ដល់​ទៅ ៦-១ ក្នុង​ការ​ប្រកួត Premier League សប្ដាហ៍​ចុង​ក្រោយ​នៅ​ Britannia Stadium ​កាល​ពី​យប់​មិញ ​និង​ជា​ប្រកួត​ចុង​ក្រោយ​របស់ Steven Gerrard ​ដែល​បញ្ចប់​អាជីព​ជា​កីឡាករ​ហង្ស​ក្រហម។

 

លទ្ធផល​នេះ​ផង​ដែរ​មាន​ន័យ​ថា Liverpool ​ចាញ់​គូ​ប្រកួត​៦​គ្រាប់​លើក​ដំបូង​ ក្នុង​​ការ​ប្រកួត​ក្នុង​លីក រយៈពេល​៥២​ឆ្នាំ បើ​គិត​តាំង​​ពី​ចាញ់​ Spurs ៧-២ ម្ដង កាល​ពី​ឆ្នាំ​១៩៦៣។

 

ម្ចាស់​ផ្ទះ​ Stoke បាន​លត់​ Liverpool ៥-០ នៅ​តង់​ទី​១ បន្ទាប់​ពី​ Mame Biram Diouf ​រក​បាន​២​គ្រាប់ នាទី​២២ និង​២៦, Jonathan Walters ​នាទី​៣០, Charlie Adam នាទី​៤១ និង​ Steven Nzonzi ​ថែម​គ្រាប់​ទី​៥ នៅ​នាទី​៤៥។ ចូល​ដល់​តង់​ទី​២ Gerrard ​ស៊ុត​ឲ្យ​ក្រុម​ភ្ញៀវ​បាន​១​គ្រាប់ នៅ​នាទី​៧០ ប៉ុន្តែ​ត្រូវ​ Peter Crouch ​តែត​គ្រាប់​ទី​៦ ​ឲ្យ​ Stoke ​បាន​សម្រេច​ទៀត នៅ​នាទី​៨៦។

 

អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​បាន​និយាយ​ថា៖ "ប្រាកដ​ណាស់​ ដូច​ខ្ញុំ​តែង​តែ​និយាយ​អញ្ចឹង បើ​ម្ចាស់​ក្លិប​ចង់​ឲ្យ​ខ្ញុំ​ចេញ ខ្ញុំ​នឹង​ចាក​ចេញ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​មាន​រឿង​ច្រើន ដែល​ត្រូវ​ធ្វើ​​ជាមួយ​ក្លិប​ទៀត"។

 

Liverpool ​បញ្ចប់​ចំណាត់​ថ្នាក់​​ត្រឹម​លេខ​៦ និង​មិន​​បាន​​ឈ្នះ​ពាន​អ្វី​មួយ​សោះ​រដូវ​កាល​នេះ។ ប៉ុន្តែ​ចំណាត់ថ្នាក់​នេះ មាន​ន័យ​ថា​ហង្ស​ក្រហម នឹង​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ នៃ​ពាន​រង្វាន់ Europa League៕

 

 

 

 

 

 

 

 

 

ចុះ​ប្រិយ​មិត្ត​ យល់​យ៉ាង​ណា​ដែរ ចំពោះ​ការ​លើក​ឡើង​របស់​លោក Rodgers?

 

-ចុចអាន៖ ៨​យ៉ាង​ ​ដែល​​ធ្វើ​ឲ្យ​​អ្នកគាំទ្រ​ Liverpool គ្មាន​ថ្ងៃ​​បំភ្លេច Gerrard បាន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc | telegraph

មតិយោបល់