• 2015-05-18 17:02:43
  • បាល់ទាត់

Rodgers៖ Liverpool ខ្វះ​​អ្នក​ដឹក​នាំ​លើ​ទីលាន និង​ខ្វះ​គុណភាព

  • 2015-05-18 17:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ក្រុម​ Liverpool លោក​ Brendan Rodgers ​បាន​លើក​ឡើង​ថា ក្រុម​ហង្ស​ក្រហម​របស់​លោក​ខ្វះ​នូវ​អ្នក​ដឹក​នាំ​ក្រុម​លើ​ទីលាន​ប្រកួត និង​ខ្វះ​កីឡាករ​ដែល​មាន​គុណភាព​ ទើប​រដូវ​កាល​នេះ​​ធ្លាក់​ជើង ហើយ​លោក​បន្ថែម​ថា ការ​ចាក​ចេញ​របស់ Steven Gerrard នឹង​កាន់​តែ​​ធ្វើ​ឲ្យ​ក្រុម​លំបាក​ថែម​ទៀត។

 

 

ក្រុម​របស់​លោក​ Rodgers បាន​ចាញ់​ Crystal Palace ៣-១ ក្នុង​ការ​ប្រកួត​ទឹក​ដី​ខ្លួន​ឯង​ចុង​ក្រោយ ​របស់​ Gerrard កាល​ពី​ថ្ងៃ​សៅរ៍ និង​មិន​អាច​ទទួល​បាន​កៅអី​ទៅ​លេង UEFA Champions League ទៀត បន្ទាប់​ពី​ចាញ់​​ Manchester United ដល់​ទៅ​៧​ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​១​លើក​ទៀត​ចប់​រដូវ​កាល។

 

អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​​​បាន​និយាយ​ថា៖ "យើង​ត្រូវ​តែ​រក​ដំណោះ​ស្រាយ។ Gerrard ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អ្នក​រាល់​គ្នា និង​ជា​តារា​ដែល​មាន​គុណភាព។ ប៉ុន្តែ​បើ​អ្នក​ចង់​ក្លាយ​ជា​កីឡាករ​ឆ្នើម​នៅ​ក្លិប​ធំ​ដូច​នេះ អ្នក​ត្រូវ​តែ​ចេះ​ដឹកនាំ​ និង​លេង​ឲ្យ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ធំៗ។ សម្រាប់​រដូវ​កាល​ថ្មី ខ្ញុំ​គិត​ថា​យើង​មាន​កីឡាករ​ល្អៗ ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ថែម​កីឡាករ​ដែល​មាន​គុណភាព ហើយ​យើង​ត្រូវ​តែ​ស្វែង​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​វិញ"។

 

លោក​ Rodgers បន្ថែម​ថា លោក​ដឹង​ថា​​ អ្នកគាំទ្រ​ពិត​ជា​ខក​ចិត្ត​ខ្លាំង​ណាស់ ចំពោះ​ទម្រង់​លេង​របស់​ក្រុម​នៅ​រដូវ​កាល​នេះ។ ប៉ុន្តែ​លោក​បន្ថែម​ថា លោក​នឹង​ទិញ​ចូល​កីឡាករ​ថ្មី ដែល​ធ្វើ​ឲ្យ​ក្រុម​មាន​ភាព​ខុស​ប្លែក និង​រីក​ចំរើន​ជាង​មុន ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ ក្រោយ​ចប់​រដូវ​កាល​នេះ៕

 

ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ ចំពោះ​ការ​លើក​ឡើង​របស់​លោក Rodgers ខាង​លើ​នេះ?

 

-ចុចអាន៖ Rodgers៖ Liverpool ​ជា​ក្រុម​ប្រជែង​យក​ជើង​ឯក​រដូវ​កាល​ក្រោយ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal.com

មតិយោបល់
អត្ថបទថ្មី