• 2015-03-18 21:02:35
  • បាល់ទាត់

​សំដី​​របស់ ធារី ចន្ថាប៊ីន​ អាច​ធ្វើ​ឲ្យ​អ្នក​​រំភើប​​ចំពោះ​​​ទឹក​ចិត្ត​របស់​គេ

  • 2015-03-18 21:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ព្រឹក​មិញ កីឡាករ​កូន​កាត់​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន​ បាន​បង្ហាញ​អារម្មណ៍​​មាន​មោទនភាព​ដែល​បាន​កើត​ជា​ខ្មែរ​ បន្ទាប់​ពី​រូប​គេ​បាន​​ស៊ុត​ចូល​ទី​បាន​១​គ្រាប់​ជួយ​ឲ្យ​កម្ពុជា​ស្មើ​១-១ នៅ​លើ​ទឹក​ដី​ក្រុម​ម៉ាកាវ​​កាល​ពី​យប់​មិញសម្រាប់​ការ​ប្រកួត​បឋម​ជម្រុះ World Cup ឆ្នាំ​២០១៨ ប្រចាំ​ទ្វីប​អាស៊ី​ជើង​ទី​២។

 

កីឡាករ ធារី ចន្ថាប៊ីន

 

ធារី ចន្ថាប៊ីន ដែល​ត្រូវ​បាន​គ្រូ​បង្វឹក​​​ដាក់​ឲ្យ​លេង​ជម្រើស​១១​នាក់​ដំបូង​​កាល​ពី​យប់​មិញ​​បាន​ទាត់​បាល់ហ្វ្រីឃីក​ចូល​ទី​បាន​សម្រេច​​ដើម្បី​ជួយ​ឲ្យ​ក្រុម​កម្ពុជា​នាំ​មុខ​ម៉ាកាវ​១-០ នៅ​តង់​ទី​មួយ តែ​ក្រុម​ម៉ាកាវ​អាច​រក​បាន​ស្មើ​១-១ វិញ​នៅ​តង់​ទី​ពីរ​​បាន​និយាយ​ថា ៖«លទ្ធផល​ស្មើ​នៅ​ម៉ាកាវ​គឺ​ជា​រឿង​សោក​ស្តាយ​មួយ​ ព្រោះ​យើង​មាន​ឱកាស​ច្រើន​ក្នុង​ការ​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ តែ​យើង​ក៏​នៅ​អាច​ទៅ​វគ្គ​បន្ត»។

 

«យើង​ធ្វើ​បាន​ហើយ​ ប្រវត្តិ​សាស្ត្រ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ។ សម្រាប់​ខ្ញុំ​ នេះ​ជា​ពេល​ដ៏​ពិសេស​បំផុត ហើយ​ជា​ការ​ប្រកួត​ដំបូង​របស់​ខ្ញុំ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ជា​គ្រាប់​បាល់​​ដ៏​​រំភើប​បំផុត​ទី​មួយ​ដែល​​រយៈ​ពេល​៣​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ទាត់​ហ្វ្រីឃីក​ចូល​ទី​​ឡើយ»។ ធារី​បាន​សរសេរ​លើ Facebook។

 

កីឡាករ​រូប​នេះ​បាន​បន្ត​ទៀត​ថា ៖«គិត​​ច្រើន​ណាស់​សម្រាប់​ក្រុម​គ្រួសារ​ និង​មិត្ត​ភ័ក្តិ​របស់​ខ្ញុំ​ដែល​បាន​មក​ទី​នេះ​គ្រប់​ពេលវេលា​ដើម្បី​ខ្ញុំ សូម្បី​​ពេល​ខ្ញុំ​មាន​របួស​ និង​មាន​អ្វី​មិន​ល្អ​ក៏​ដោយ។ ខ្ញុំ​ចង់​អរគុណ​​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​តែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ និង​ជឿ​ជាក់​លើ​ខ្ញុំ លើ​ក្លិប​ភ្នំពេញ​ក្រោន​របស់​ខ្ញុំ និង​មិត្ត​រួម​​អាជីព។ បើ​គ្មាន​អ្នក​រាល់​គ្នា​ទេ ក៏​គ្មាន​ខ្ញុំ​ដល់​ពេល​នេះ​ដែរ ហើយ​ខ្ញុំ​សុំ​ទោស​បើ​ខ្ញុំ​ភ្លេច​នរណា​ម្នាក់។ មោទនភាព​ដែល​បាន​កើត​ជា​ខ្មែរ»។

 

 

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កីឡាករ​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បាន​បង្ហាញ​ខ្លួន​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ឈុត​ធំ និង​កីឡាករ​ខ្មែរ​-បារាំង​ទី​មួយ​ដែល​បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

 

មើលវីដេអូ ធារី ចន្ថាប៊ីន ទាត់​បាល់ចូល​ទី​ម៉ាកាវ សូម​ចុច...

 

ប្រែសម្រួល៖ ជាន​ ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី