• 2015-01-03 18:31:20
  • បាល់ទាត់

កីឡាករ​បាល់ទាត់ ឃឹម បូរី ចេញ​យុទ្ធនាការ​​អញ្ជើញ​ភ្ញៀវ​ញាំ​ការ​ខ្លួន

  • 2015-01-03 18:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា សព្វ​ថ្ងៃ​ប្រកប​អាជីព​​នៅ​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ឃឹម បូរី បាន​បោះពុម្ព​ធៀប​ការ​រួច​រាល់ ដោយ​​ចាប់​អញ្ជើញ​ញាតិ​មិត្ត​បងប្អូន ជា​បណ្ដើរៗ ដើម្បី​ចូលរួម​ក្នុង​ពិធី​ថ្ងៃ​មង្គល​របស់​ខ្លួន​​ជាមួយ​កញ្ញា លី ដាវ៉ាន់ ដែល​នឹង​ចាប់​ផ្ដើម​ ២០ – ២១ ខែ មករា ខាង​ឆាប់​ខាង​មុខ​នេះ។

 
 

សំបុត្រ​អញ្ញើញ​របស់ បូរី ត្រៀម​​ចែក​ភ្ញៀវ

  អាពាហ៍ពិពាហ៍​រវាង​កូន​កំលោះ​ជា​​កីឡាករ​បាល់ទាត់ និង កូន​ក្រមុំ​ជា​អាជីវករ​ នឹង​រៀបចំ​នៅ​​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រំ​ដែន​កម្ពុជា-ថៃ ឯណោះ។ អ្នក​ទាំង ២ បាន​ភ្ជាប់​ពាក្យ​តាំង​ពី​ថ្ងៃ​ទី  ៣ ខែ សីហា ឆ្នាំ ២០១៤ មក​ម៉្លេះ ក្រោយ​ស្វែង​យល់​ចិត្ត​ថ្លើម​គ្នា​អស់​ជិត ៣ ឆ្នាំ​មក។

  តាម​ការ​ឱ្យ​ដឹង​ពី​កូន​កំលោះ​ដែល​មាន​​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ភ្ញៀវ​យ៉ាង​ហោច​ណាស់​ប្រហែល  ៦០ តុ នឹង​​អញ្ជើញ​​ឱ្យ​ចូល​ក្នុង​​ពិធី​ទទួលទានភោជនាហារ​រួម​គ្នា​នៅ​ល្ងាច​​ថ្ងៃ​ទី ២១ មករា។ ដំបូង​ឡើយ​គ្រោង​រៀបចំ​ពិធី​កាត់​ចំណង​ដៃ​នៅ​ភ្នំពេញ តាម​ក្រោយ ប៉ុន្ដែ​អ្វីៗ ទំនង​ជា​ត្រូវ​រំសាយ​ចោល​វិញ ព្រោះ​ម្ដាយ​ខាង​កូន​កំលោះ​មាន​សុខភាព​មិន​អំណោយ​ផល។

 

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​គ្រួសារ​ថ្មីថ្មោង​មួយ​នេះ​នឹង​ត្រឡប់​មក​រស់​នៅ​រាជធានី​​ភ្នំពេញ វិញ​ ព្រោះ​មាន​អាជីព​នៅ​ទីនេះ​ទាំង​អស់​គ្នា ដោយ​ប្ដី​​នៅ​តែ​ជា​កីឡាករ​បាល់ទាត់ ឯ​ប្រពន្ធ​បន្ត​​ធ្វើ​ជា​​អាជីវករ​លក់​កាបូប​នៅ​ផ្សារ​អូឡាំពិក។

 

 

ឃឹម បូរី និង អនាគត​ភរិយា

  ឃឹម បូរី ប្រកប​អាជីព​ក្នុង​ពិភព​បាល់ទាត់​តាំង​ពី​អាយុ​ ១៣ ឆ្នាំ​ក្នុង​​ក្រុម អូវ៉ាន់ទីន នៃ​ពាន​រង្វាន់  Milo ‘s Cup ហើយ​ក្រោយ​មក​បាន​ចូល​លេង​​នៅ​ក្រុម​ក្រសួងការពារជាតិ, ភ្នំពេញក្រោន និង Sisaket FC របស់​ថៃ មុន​ត្រឡប់​មក​ភ្នំពេញក្រោន វិញ។ គេ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ពី U-19 ដល់ ឈុត​ធំ​គិត​ពី​ឆ្នាំ​ ២០០៧ ដល់ ២០១៣ កន្លង​ទៅ។

  Sabay សូម​ជូនពរ​ឱ្យ​​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ជួប​សេចក្ដី​សុខ សុភមង្គល និង រីក​ចម្រើន​ជា​រៀង​រហូត៕

 

អត្ថបទ​ពាក់ព័ន្ធ៖ ឃឹម បូរី និង សុខ ចាន់រស្មី ​ជា​​កីឡាករ​ខ្មែរ​​រក​គ្រាប់​បាល់​ហេទ្រីក ឱ្យ​កម្ពុជា​នៅ Suzuki Cup

 

អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ FB

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី