• 2024-09-17 12:20:34
  • បាល់ទាត់

Evra សរសើរ​អង្គរ​វត្ត​ និង​ចូលចិត្ត​ម្ហូប​ខ្មែរ ហើយ​អំពាវនាវ​ភ្ញៀវទេសចរ​ទស្សនា​កម្ពុជា

  • 2024-09-17 12:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប Manchester United អតីត​កីឡាករ Patrice Evra បាន​សរសើរ​ពី​សម្រស់​ប្រាសាទ​អង្គរវត្ត និង​បញ្ជាក់​ថា​ចូល​ចិត្ត​ម្ហូប​ខ្មែរ។ អតីត​ខ្សែ​ការពារ​ក៏​បាន​អំពាវនាវ​ភ្ញៀវទេសចរ​ទស្សនា​កម្ពុជា។

ប្រភពរូបភាព៖ Gumball 3000

ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ Evra បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក និង​បរទេស​មួយ​ចំនួន​នា​វេលា​ថ្ងៃ​នេះ​ថា រូប​គេ​សប្បាយ​ចិត្ត​ដែល​បាន​ទស្សនា​ប្រាសាទអង្គរ​វត្ត ហើយ​កោត​សរសើរ​ថា​ប្រាសាទ​អង្គរ​វត្ត​គឺ​ជា​ប្រាសាទ​ដែល​ស្អាត។ អតីត​កីឡាករ​បិសាច​ក្រហម​រូប​នេះ បាន​បន្ត​ទៀត​ថា រូប​គេ​ចូលចិត្ត​ម្ហូប​ខ្មែរ ម្ហូប​ខ្មែរ​មាន​រសជាតិ​ឆ្ងាញ់។ បន្ថែម​ពី​លើ​នេះ Evra បាន​លើក​ទឹកចិត្ត​ភ្ញៀវ​ទេសចរ​ទស្សនា​កម្ពុជា។

Evra មាន​វត្តមាន​នៅ​កម្ពុជា ពី​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​កញ្ញា​ ឆ្នាំ​២០២៤ នេះ​ ដោយ​អតីត​កីឡាករ​ចូល​រួម​កម្មវិធី Gumball 3000 x Chip Mong។

Evra គឺ​ជា​វីរបុរស​របស់​ក្លឹប​បិសាច​ក្រហម ដោយ​រូប​គេ​បាន​រួម​ចំណែក​ជួយ​ក្លឹប​លើក​ពាន​ធំៗ​ជា​ច្រើន។ អតីត​ខ្សែ​ស្លាប​ឆ្វេង​រូប​នេះ ធ្លាប់​លេង​ឲ្យ​ក្លឹប Manchester United ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៤ ដោយ​លេង​សរុប ៣៧៩ ប្រកួត និង​ស៊ុត​ចូល ១០ គ្រាប់។ ក្រោយ​ចេញ​ពី​ក្លឹប អតីត​កីឡាករ​ក៏​បាន​ទៅ​ចូល​រួម​ជាមួយ Juventus រយៈ​ពេល ៣ ឆ្នាំ រួច​ក៏​ផ្លាស់​ទៅ​លេង​នៅ Marseille ជាង ២ រដូវ​កាល។ ក្លឹប​ចុង​ក្រោយ​របស់​ Evra គឺ West Ham United ក្នុង​រដូវ​កាល ២០១៧/២០១៨។ និយាយពីបាល់ទាត់ជម្រើសជាតិ​វិញ Evra ធ្លាប់ដើរតួនាទីជាកីឡាករសំខាន់មួយឲ្យ​ក្រុម​ជម្រើសជាតិ​បារាំងពីឆ្នាំ ២០០៤ ដល់ ២០១៧ ក្នុង​នោះអតីតកីឡាករក៏ធ្លាប់បានធ្វើជាប្រធានក្រុមផងដែរ។

នៅ​ឆ្នាំ ២០១៨​ Evra សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​អាជីព។

បច្ចុប្បន្ន​មាន​វ័យ ៤៣ ឆ្នាំ Patrice Evra គឺ​ជា​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​ល្បី​ឈ្មោះ​មួយ​ក្នុង​កម្មវិធី​បាល់ទាត់​ធំៗ។ អតីត​កីឡាករ​ក៏​ជា​ម្ចាស់​ភាគ​ហ៊ុន​មួយ​ផ្នែក​របស់​ក្លឹប Estrela ដែល​ជា​ក្លឹប​មួយ​កំពុង​លេង​នៅ​លីគ​កំពូល​ព័រទុយហ្គាល់៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី