• 2024-09-11 11:25:07
  • បាល់ទាត់

Ronaldo រំលឹក​អំពី​ពេល​វេលា​នៅ​ជាមួយ​បិសាច​ក្រហម

  • 2024-09-11 11:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Crisitiano Ronaldo បាន​រំលឹក​អំពី​ពេល​វេលា​របស់​រូប​គេ​នៅ​ក្លឹប Manchester Untied ជា​លើក​ទី ២ កាល​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២២។

រំលឹក​អំពី​ពេល​វេលា​នោះ កីឡាករ​វ័យ ៣៩ ឆ្នាំ Ronaldo បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ រូប​គេពិតជាស្រាលាញ់ក្លឹប Manchester United។ រូប​គេ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ នៅ​ពេល​ដែល​បាន​ត្រលប់​មក​លេង​ឲ្យ​ក្លឹប Manchester United។ រូប​គេ​ស្ថិត​ក្នុង​ចំណោម​​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​នៅ​ពេល​នោះ។ កីឡាករ​រូប​នេះ បាន​គូស​បញ្ជាក់​ថា កាល​នោះ​រូប​គេ​មាន​វ័យ ៣៧ ឆ្នាំ​ទៅ​ហើយ តែ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ។ រូប​គេ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​ចូល​ទី លេខ ៣ ប្រចាំ​លីគ​កំពូល​អង់គ្លេស។

Ronaldo គឺ​ជា​វីរបុរស​របស់​ក្លឹប Manchester United។ កីឡាករ​លេង​ឲ្យ​ក្លឹប​ចំនួន​ពីរ​លើក។ លើក​ទី​មួយ​គឺ​ពី ២០០៣ ដល់ ២០០៩។ ក្នុង​អំឡុង​ពេល​នោះ កីឡាករ​លេង​សរុប ២៩២ ប្រកួត និង​ស៊ុត​ចូល ១១៨ គ្រាប់ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន។ នា​ពេល​នោះ​ហើយ​ដែល​ កីឡាករ Ronaldo បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​ដ៏​កំពូល​មួយ​មុន​ចេញ​ទៅ​ចូល​រួម​ជាមួយ​ Real Madrid កាល​ពី​ឆ្នាំ ២០០៩។

លើក​ទី​ពីរ​គឺ​ពី ២០២១ ដល់​ចុង​ ២០២២។ កីឡាករ​លេង​សរុប ៥៤ ប្រកួត និង​ស៊ុត​ចូល​ទី​ចំនួន ២៧ គ្រាប់។ នា​ពេល​ ២ រដូវ​កាល​នេះ ក្លឹប​ Manchester United មិន​ជោគជ័យ​ទេ ហើយ​ដូរ​គ្រូ​ជា​ច្រើន​លើក។ ពេល​វេលា​លើក​ទី​ពីរ​នេះ គឺ​ជា​ពេល​វេលា​ដ៏​ចម្រូងចម្រាស់​សម្រាប់​អ្នក​គាំទ្រ​បិសាច​ក្រហម អំពី​វីរបុរស​ក្លឹប​រូប​នេះ។

អ្នក​គាំទ្រ​ខ្លះ​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់ Ronaldo ហើយ​គិត​ថា​ការ​លេង​មិន​ល្អ​របស់​ក្លឹប គឺ​ដោយ​សារ​ក្រុម​កីឡាករ​ដទៃ​ទៀត​លេង​មិន​សូវ​បាន​ល្អ ហើយ Ronaldo មិន​មែន​ជា​បញ្ហា​ដែល​នាំ​ឲ្យ​ក្លឹប​ធ្លាក់​ទម្រង់​លេង​នោះ​ទេ។ អ្នក​គាំទ្រ​ខ្លះ​ទៀត គិត​ថា ពេល​វេលា​លើក​ទី ២ របស់ Ronaldo នៅ​បិសាច​ក្រហម មិន​សូវ​ជោគជ័យ​ឡើយ ហើយ​គិត​ថា​ការ​ធ្លាក់​ទម្រង់​លេង និង​ល្បឿន​របស់​កីឡាករ​រូប​នេះ ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​សមត្ថភាព​ប្រកួត​ប្រជែង ហើយ​ទាម​ទារ​ឲ្យ​អ្នក​ចាត់​ការ​ក្លឹប​ដាក់​ឲ្យ Ronaldo អង្គុយ​លើ​កៅអី​បម្រុង​ដើម្បី​បើក​កន្លែង​ឲ្យ​កីឡាករ​ប្រយុទ្ធ​ក្មេងៗ​ចូល​លេង​ជំនួស។ លោក Erik Ten Hag យល់​ស្រប​នឹង​មតិ​នេះ។

ក្រោយ​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ក្លឹប កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២២ លោក Ten Hag បាន​បង្ហាញ​សញ្ញា​ច្បាស់ៗ​ថា នៅ​ពេល Ronaldo មិន​បង្ហាញ​ទម្រង់​លេង​ល្អ កីឡាករ​នឹង​ត្រូវ​អង្គុយ​កៅអី​បម្រុង​នៅ​ប្រកួត​បន្ទាប់ ហើយ​លោក​ពិត​ជា​បាន​ធ្វើ​ដូច្នេះ​មែន។ ការណ៍​នេះ​ធ្វើ​ឲ្យ​ Ronaldo អាក់អន់​ស្រពន់​ចិត្ត រួច​ក៏​មាន​បញ្ហា​មួយ​ចំនួន​ជាមួយ​លោក Ten Hag។ ក្រោយ​មក កីឡាករ​ព័រទុយហ្គាល់​ក៏​បាន​ផ្ដល់​សម្ភាសន៍​សាធារណៈ​មួយ​ ហើយ​បាន​ទិតៀន​ទម្រង់​លេង​ និង​ការ​ចាត់​ចែង​ផ្សេងៗ​របស់​ក្លឹប។ ការ​សម្ភាសន៍​នេះ​ហើយ រួម​ចំណែក​ធំ​ក្នុង​ការ​ចាក​ចេញ​របស់​កីឡាករ។

នា​ខែ​ធ្នូ ឆ្នាំ ២០២២ កីឡាករ​បាន​ឯកភាព​ចែក​ផ្លូវ​ជាមួយ​បិសាច​ក្រហម ដើម្បី​ទៅ​លេង​ឲ្យ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Nassr ហើយ​លេង​នៅ​ទី​នោះ​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី