• 2024-09-09 13:33:37
  • បាល់ទាត់

គ្រូ Chelsea បញ្ជាក់​មូលហេតុ​ផ្ទេរ​ចូល Sancho

  • 2024-09-09 13:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Chelsea លោក Enzo Maresca បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ក្លឹប​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​ស្លាប Jadon Sancho។

លោក Maresca បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​សប្បាយ​ចិត្ត​ពេល​ទទួល​ដំណឹង​ថា Chelsea មាន​លទ្ធភាព​ផ្ទេរ​ចូល Sancho។ Sancho គឺ​ជា​កីឡាករ​ដែល​លោក​ចង់​បាន ព្រោះ​កីឡាករ​រូប​នេះ​ពូកែ​ញ្ញាក់​បាល់​ក្នុង​ស្ថានភាព​មួយ​ទល់​នឹង​មួយ។ Chelsea ត្រូវ​ការ​កីឡាករ​ប្រភេទ​នេះ ក្នុង​ស្ថានភាព​បច្ចុប្បន្ន។ អ្នក​ចាត់​ការ​រូប​នេះ​បន្ថែម។

កាល​ពី​បំណាច់​ខែ​សីហា​កន្លង​ទៅ ក្លឹប​តោខៀវ​បាន​ផ្ទេរ​ចូល Sancho ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប Manchester Unitedរយៈ​ពេល​មួយ​រដូវ​កាល ជាមួយ​នឹង​កាតព្វកិច្ច​ទិញ​ដាច់​នៅ​រដូវ​កាល​ក្រោយ​ក្នុង​តម្លៃ​ប្រមាណ​ជាង ៣០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ការ​ផ្ទេរ​នេះ បិទ​បញ្ចប់​ពេល​វេលា​របស់​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ ២៤ ឆ្នាំ Sancho ពី​ក្លឹប​បិសាច​ក្រហម ក្រោយ​រួម​រស់​ជាមួយ​គ្នា​អស់​ជាង ៣ ឆ្នាំ។ កាល​ពី​ដើម​រដូវ​កាល​មុន Sancho មាន​បញ្ហា​ពាក្យ​សម្ដី​យ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​សាធារណៈ​ជាមួយ​អ្នក​ចាត់​ការ​ក្លឹប Erik Ten Hag រហូត​ដល់​ថ្នាក់​កីឡាករ​អត់​កន្លែង​លេង​ក្នុង​ក្រុម​ ហើយ​ត្រូវ​បាន​បញ្ជូន​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund។

បើ​ទោះ​ជា​ Ten Hag និយាយ​ជា​រឿយៗ​ហើយ​ថា បញ្ហា​រវាង​លោក និង Sancho ត្រូវ​បាន​សម្រួល​គ្នា​ហើយ និង​បន្ថែម​ទៀត​ថា Sancho គឺ​ជា​សមាជិក​សំខាន់​មួយ​របស់​ក្រុម​របស់​លោក។ យ៉ាង​នេះ​ក្ដី បញ្ហា​នេះ​ហាក់​នៅ​បន្ត។ ចុង​បញ្ចប់ Sancho នៅ​តែ​សម្រេច​ចាកចេញ​ពី​ក្លឹប ហើយ​ទៅ​ចូល​រួម​ជាមួយ Chelsea នៅ​ទីក្រុង​ឡុងដ៍។

Sancho បាន​មក​ចូល​រួម​ជាមួយ Manchester United កាល​ពី​ឆ្នាំ ២០២១។ មុន​មក​ចូល​រួម​ជាមួយ​តោ​ខៀវ កីឡាករ​រូប​នេះ​លេង​សរុប ៨៣ ប្រកួត និង​ស៊ុត​ចូល ១២ ដង៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី