• 2024-08-20 02:15:00
  • បាល់ទាត់

ទី​បំផុត Chelsea ​និង AT Madrid ​ព្រម​ព្រៀង​​ក្នុង​ការ​ដោះដូរ​ Felix និង Gallagher

  • 2024-08-20 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តោ​ខៀវ Chelsea បាន​ព្រម​ព្រៀង​គ្នា​អស់​ហើយ​លើ​សំណើ​នាំ​យក​ Joao Felix មក​កាន់​អង់គ្លេស ខណៈ​​ដែល​ខ្សែ​បម្រើ​អង់គ្លេស Conor Gallagher ត្រូវ​ផ្ទេរ​ទៅ​កាន់​ AT Madrid វិញ​។

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ព័រទុយ​ហ្គាល់ ​វ័យ​២៤​​ឆ្នាំ​​ខាង​លើ​​​ ​នឹង​ផ្ទេរ​មក​កាន់​ Stamford Bridge ​សម្រាប់​កុង​ត្រា​៦​ឆ្នាំ​​ជាមួយ​​លក្ខខណ្ឌ​បន្ថែម​១​ឆ្នាំ​ទៀត​។ Felix នឹង​មក​ធ្វើ​តេស្ត​សុខភាព​ក្នុង​ពេល​ឆាប់​ៗ​ ខណៈ​ដែល​គេ​ធ្លាប់​រក​បាន​៤​គ្រាប់​ ​​កាល​ខ្ចី​ជើង​មក​កាន់​ទឹក​ដី​អង់គ្លេស ដោយ​ចូល​លេង​បាន​២០​ប្រកួត​​កាល​ឆ្នាំ​២០២៣។

​ជាមួយ​គ្នា​នោះ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស Gallagher គឺ​ត្រូវ​​បាន​គេ​ដឹង​​ថា​ក្លឹប​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​អស់​ហើយ​ ដោយ​នឹង​ចុះ​កុង​ត្រា​​៥​ឆ្នាំ​។ គេ​ដឹង​ថា​ខ្សែ​បម្រើ​រូប​នេះ​បាន​ធ្វើ​ការ​ហ្វឹកហាត់​តែ​ម្នាក់​ឯង​នៅ​​ទី​លាន​ហ្វឹកហាត់​របស់​ក្លឹប Cobham បន្ទាប់​ពី​គេ​បាន​ចាក​ចេញ​ពី​​ក្រុម​ប្រមាណ​ជា​១​សប្ដាហ៍​មក​នេះ។

​​ការ​ចរចា​ត្រូវ​គ្នា​ពី​ការ​នាំ​យក Felix មក​កាន់​អង់គ្លេស​​​គឺ​ជា​វិធី​ដ៏​ល្អ​​សម្រាប់​ Gallagher ក្នុង​ការ​ឲ្យ​គេ​មាន​ឱកាស​បាន​ផ្ទេរ​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ​។ គេ​ដឹង​ថា​កាល​ពី​​៩​ថ្ងៃ​មុន​ពោល​គឺ​ថ្ងៃ​អង្គារ​ ​ការ​ផ្ទេរ​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ​របស់​ខ្សែ​បម្រើ​អង់គ្លេស​ត្រូវ​បាន​ពន្យារ​ពេល​​វិញ​ និង​ត្រូវ​ហោះ​មក​កាន់​អង់គ្លេស​វិញ​ភ្លាម​ៗ​​​ ដោយសារ​តែ​ការ​ចរចា​មិន​ត្រូវ​គ្នា​នេះ​ឯង​៕ ​​​​​​​​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ Srey Sovandara

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី