• 2024-08-09 11:34:45
  • បាល់ទាត់

De Gea រក​ឃើញ​ក្លឹប​ថ្មី​​ហើយ

  • 2024-08-09 11:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់ Manchester United កីឡាករ David De Gea នឹង​ចូល​រួម​ជាមួយ​ក្លឹប​អ៊ីតាលី Florentina ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

យោង​តាម​ការ​ចុះ​ផ្សយ​របស់​សារព័ត៌មាន The Athletic បាន​ឲ្យ​ដឹង​ថា​អ្នក​ចាំ​ទី​វ័យ ៣៣ ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​គ្នា​ជាមួយក្លឹបលីគកំពូលអ៊ីតាលី Florentina។ បើ​តាម​ប្រភព​ដដែល អារម្មណ៍​របស់​ភាគី​ទាំង​ពីរ​គឺ​វិជ្ជមាន ហើយ​កិច្ច​ព្រមព្រៀង​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ពេល​ឆាប់ៗ បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ។

របាយការណ៍​ខ្លះ​ហ៊ាន​ទាំង​អះអាង​ទៀត​ថា De Gea និង​ក្លឹប Florentina បាន​ឯកភាព​គ្នា​ទៅ​ហើយ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​មាន​សុពលភាព​រយៈ​ពេល ១ ឆ្នាំ ហើយ​មាន​លទ្ធភាព​ក្នុង​ការ​ត​បន្ថែម​ ១ ឆ្នាំ​ទៀត។ យោង​តាម​ប្រភព​នេះ De Gea កំពុង​ធ្វើ​ដំណើរ​ទៅ Florentina ដើម្បី​ពិនិត្យ​សុខភាព មុន​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប។

De Gea បាន​សម្រាក​ពី​អាជីព​បាល់ទាត់​ប្រមាណ ១៥ ខែ​ហើយ ក្រោយ​ចែក​ផ្លូវ​ជាមួយ​បិសាច​ក្រហម កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន បន្ទាប់ពី​កីឡាករ​អេស្ប៉ាញ និង​ក្លឹប​មិន​អាច​ឯកភាព​គ្នា​រឿង​កុងត្រា​ថ្មី​បាន។

De Gea គឺ​ជា​វីរបុរស​ដ៏​ស្មោះស្ម័គ្រ​របស់​ក្លឹប​បិសាច​ក្រហម។ កីឡាករ​បាន​ចំណាយ​ពេល ១២ រដូវ​កាល​នៅ​ជាមួយ​ក្លឹប​ពី ឆ្នាំ ២០១១ ដល់ ២០២៣ ហើយ​ជួយ​ក្លឹប​ក្នុង​ដំណាក់​កាល​លំបាក​ជាច្រើន ជា​ពិសេស​នៅ​ពេល​ក្លឹប​ធ្លាក់​ទម្រង់​លេង​ជា​គំហុក ក្រោយ​ការ​ចូល​និវត្តន៍​របស់​អតីត​អ្នក​ចាត់​ការ Alex Ferguson កាល​ពី​ពាក់កណ្ដាល​ឆ្នាំ ២០១៣ មក។ កីឡាករ​លេង​សរុប ៥៤៥ ប្រកួត​ឲ្យ​ក្លឹប។

De Gea ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​សញ្ជាតិ​កាមេរ៉ូន Andre Onana ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​ក្លឹប។ មុន​មក​លេង​ឲ្យ​បិសាច​ក្រហម Onana ចំណាយ​ពេល​មួយ​រដូវ​កាល​នៅ Inter Milan និង ៦ រដូវ​កាល​នៅ​ហុល្លង់​ជាមួយ​ក្លឹប Ajax។

ក្រោយ​ចេញ​ពី​ក្លឹប​ភ្លាម​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា De Gea មាន​គម្រោង​ទៅ​លេង​នៅ​លីគ​កំពូល​អាមេរិក ឬ​អារ៉ាប៊ីសាអ៊ូឌីត។ យ៉ាង​នេះ​ក្ដី កីឡាករ​រូប​នេះ​ជ្រើស​រើស​ជម្រើស​សម្រាក​ពី​បាល់ទាត់​អាជីព​ជាង ១ ឆ្នាំ។ ទោះ​ជា​សម្រាក​ក្ដី កីឡាករ​នៅ​តែ​បន្ត​ហ្វឹកហាត់​ជា​សកម្ម ហើយ​គ្មាន​ចេតនា​ចូល​និវត្តន៍​នៅ​ឡើយ​នា​ពេល​នេះ៕

ប្រភព៖ The Athletic

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី