- 2024-07-30 13:27:56
- បាល់ទាត់
អតីតវីរបុរសវ័យក្មេង Smith Rowe លាគ្នាជាមួយ Arsenal ហើយ
- 2024-07-30 13:27:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតវីរបុរសវ័យក្មេង Smith Rowe លាគ្នាជាមួយ Arsenal ហើយ
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធ Emile Smith Rowe ត្រៀមចែកផ្លូវជាមួយ Arsenal ដើម្បីទៅចូលរួមជាមួយក្លឹប Fulham។
យោងតាមការចុះផ្សាយរបស់ Sky Sports កីឡាករវ័យ ២៤ ឆ្នាំ Smith Rowe បានព្រមព្រៀងល័ក្ខខណ្ឌផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយក្លឹបអង់គ្លេស Fulham ហើយ។ ឯភាគីក្លឹបកាំភ្លើងធំ និង Fulham ក៏ឯកភាពគ្នារឿងតម្លៃផ្ទេរដែរ គឺស្ថិតក្នុងរង្វង់ ៤៥ លានដុល្លារសហរដ្ឋអាមេរិក។ តម្លៃនេះ គឺតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Fulham។
បើមិនមានអ្វីប្រែប្រួលទេ ខ្សែបម្រើអង់គ្លេសរូបនេះនឹងចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយ Fulham ក្នុងសប្ដាហ៍នេះ។
Smith Rowe គឺជាវីរបុរសវ័យក្មេងរបស់ Arsenal កាលពីរដូវកាល ២០២០/២០២១ និង ២០២១/២០២២។ កាលនោះ ជាពិសេសកាលពីដើមរដូវកាល ២០២០/២០២១ ក្លឹបកាំភ្លើងមានបញ្ហាធ្លាក់ទម្រង់លេងមែនទែន។ អ្នកចាត់ការក្លឹប Mikel Arteta ក៏សាកល្បងដាក់ឲ្យចូលលេងក្រុមកីឡាករយុវជនល្អៗរបស់ក្លឹប ក្នុងនោះក៏មាន Smith Rowe ផងដែរ។ Smith Rowe នៅពេលនោះបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសក្នុងនាមជាខ្សែបម្រើប្រយុទ្ធ រហូតទទួលបានសេចក្ដីទុកចិត្តពាក់អាវលេខ ១០ របស់ក្លឹប។
ទោះជាយ៉ាងណា ចាប់ពីរដូវកាល ២០២២/២០២៣ មក កីឡាករបានជួបប្រទះបញ្ហារបួសជាច្រើន ជាពិសេសរបួសសរសៃគ្រលៀន និងរបួសជង្គង់ ដែលធ្វើឲ្យកីឡាករខកខានការប្រកួតជាច្រើនលើក។ កត្តាផ្សេងៗទៀតដូចជា ការផ្លាស់ប្ដូរទម្រង់លេងរបស់ក្រុម និងការនាំចូលកីឡាករល្អៗផ្សេងៗទៀតធ្វើឲ្យពេលវេលាលេងរបស់ Smith Rowe កាន់តែតិច។ ឧទាហរណ៍កាលពីរដូវកាល ២០២២/២០២៣ កីឡាករលេងបានតែ ១៤ ប្រកួតប៉ុណ្ណោះ ចំណែកឯរដូវកាល ២០២៣/២០២៤ ខ្សែបម្រើលេងបានតែ ១៩ លើក ពេញមួយរដូវកាល ហើយច្រើនជាកីឡាករបម្រុងទៅទៀត។
Smith Rowe គឺជាកីឡាករថ្នាលយុវជនរបស់ Arsenal ហើយបានមកលេងឈុតធំកាលពីឆ្នាំ ២០១៨។ គិតមកទល់ពេលនេះ កីឡាករលេងសរុប ១១៥ ប្រកួត និងស៊ុតចូល ១៨ គ្រាប់៕