• 2024-07-24 14:42:17
  • បាល់ទាត់

Felix អាច​ទៅ​លេង​នៅ​អង់គ្លេស​ជា​ថ្មីម្ដងទៀត

  • 2024-07-24 14:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Aston Villa កំពុង​ព្យាយាម​អន្ទង​ខ្សែ​ប្រយុទ្ធ Joao Felix។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស The Guardian។

យោង​តាម​ប្រភព​ដដែល អ្នក​ចាត់​ការ Aston Villa ពេញ​ចិត្ត​លើ Felix ជា​យូរ​មក​ហើយ និង​តែង​តាម​ដាន​ស្ថានភាព​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ ២៤ ឆ្នាំ​រូប​នេះ។

ការ​ចាប់​អារម្មណ៍​របស់ Aston Villa កើត​ឡើង​ក្រោយ​របាយការណ៍​ចុង​ក្រោយ លើក​ឡើង​ថា Barcelona មិន​មាន​គម្រោង​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ Felix ជា​កីឡាករ​ពេញ​សិទ្ធិ ដោយ​បញ្ហា​ហិរញ្ញវត្ថុ។ នា​រដូវ​កាល​ ២០២៣/២០២៤ កន្លង​ទៅ Felix បាន​ទៅ​លេង​ឲ្យ Barca ក្នុង​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប Atletico Madrid។ កីឡាករ​លេង​សរុប ៤៤ ប្រកួត និង​ស៊ុត​ចូល ១០ គ្រាប់។

ណា​មួយ Aston Villa ក្រោម​ការ​ដឹកនាំ​របស់​លោក Emery កំពុង​ឡើង​ទម្រង់​លេង​យ៉ាង​ខ្លាំង និង​មាន​លទ្ធភាព​ទាក់ទាញ​កីឡាករ​ល្បី​ឈ្មោះ។ កាល​ពី​រដូវ​កាល ២០២៣/២០២៤ ក្លឹប​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ ក្នុង​លីគ​កំពូល​អង់គ្លេស ហើយ​កក់​កៅអី​លេង UEFA Champions League នៅ​រដូវ​កាល ២០២៤/២០២៥។

គិត​មក​ទល់​ពេល​នេះ មិន​ទាន់​សេចក្ដី​រាយការណ៍​ណា​មួយ​ដែល​អះអាង​ថា Atletico Madrid និង Felix យល់​យ៉ាង​ណា ចំពោះ​ពាក្យ​ចចាមអារ៉ាម​នេះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា បើ​ការ​ផ្ទេរ​នេះ​កើត​ឡើង​មែន នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល Felix លេង​នៅ​ទឹក​ដី​អង់គ្លេស​ក្នុង​ក្របខ័ណ្ឌ Premier League។ កាល​ពី​ពាក់កណ្ដាល​រដូវ​កាល ២០២២/២០២៣ កីឡាករ​ព័រទុយហ្គាល់​បាន​ចូល​រួម​ជា​កីឡាករ​ខ្ចី​ជើង​ឲ្យ​ក្លឹប​តោខៀវ​ Chelsea។ កាល​នោះ​ កីឡាករ​លេង ២០ ប្រកួត និង​ស៊ុត​ចូល ៤ គ្រាប់។

កាល​ពី​ឆ្នាំ ២០១៩ Atletico Madrid បាន​ផ្ទេរ​ Felix ពី​ក្លឹប Benfica ក្នុង​តម្លៃ​ប្រមាណ ១៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​តម្លៃ​ផ្ទេរ​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ។ តម្លៃ​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​ឲ្យ Felix ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​ជាង​គេ​ ទី ៤ ក្នុង​ពិភព​បាល់​ទាត់។

ពី​រដូវ​កាល ២០១៩/២០២០ ដល់​រដូវកាល ២០២២/២០២៣ Felix លេង​សរុប​ឲ្យ Atletico ជាង​ ១៣១ ប្រកួត និង​ស៊ុត​ចូល ៣៤ គ្រាប់។ ក្នុង​ដើម​រដូវ​កាល ២០២២/២០២៣ Felix លេង​ឲ្យ Atletico សរុប​បាន​តែ​ ១៨ ប្រកួត​ប៉ុណ្ណោះ ហើយ​ច្រើន​ជា​កីឡាករ​បម្រុង។

មុន​ព្រឹត្តិការណ៍​ World Cup ២០២២ កីឡាករ Joao Felix ត្រូវ​បាន​សង្កេត​ឃើញ​ថា មាន​បញ្ហា​ជាមួយ​គ្រូ​បង្វឹក​ក្លឹប Atletico លោក Diego Simone។ លោក​ Simone មិន​ចាត់​ទុក Felix ជា​កីឡាករ​បង្គោល​ទៀត​ឡើយ ដោយ​លោក​ទម្លាក់​តំណែង​របស់​កីឡាករ​ព័រទុយហ្គាល់​ត្រឹម​ជា​ខ្សែ​ប្រយុទ្ធ​បម្រុង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរធ្លាប់បង្ហាញសញ្ញាមិនសប្បាយចិត្តនឹងគ្នាកាល​ពីពេលកន្លងមក។ មិន​មាន​សារព័ត៌មាន​ណា​មួយ​អាច​អះ​អាង​បាន​ទេ​ថា អ្នក​ទាំង​ពីរ​មាន​បញ្ហា​ជាមួយ​គ្នា​រឿង​អ្វី​នោះ​ឡើយ។

យ៉ាង​នេះ​ក្ដី ទោះ​មិន​ត្រូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក កុងត្រា​របស់ Felix នៅ​ក្លឹប AT Madrid មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៨ ឯណោះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី