• 2024-07-24 03:30:00
  • បាល់ទាត់

Pep ​បញ្ជាក់ជា​ថ្មី​ពី​អនាគត​ Kevin de Bruyne ​​ក្រោយ​ក្លឹប​នៅ អារ៉ាប៊ីសាអ៊ូឌីត អន្ទង​ម្ដង​​ហើយ​ម្ដង​ទៀត​​​​

  • 2024-07-24 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​មេឃ​ខៀវ Manchester City បាន​ចេញ​​​ខ្លួន​​មក​បញ្ជាក់​ជុំ​វិញ​ការ​ចាក​ចេញ​របស់​ Kevin de Bruyne ​ដែល​ក្លឹប​នៅ អារ៉ាប៊ីសាអ៊ូឌីត បាន​តាម​ប្រមាញ់​ជាប់​ ជា​មួយ​ការ​អន្ទង​ចិត្ត​​ដោយ​​​ហ៊ាន​​ផ្ដល់​ប្រាក់​​ថ្លៃ​ពលកម្ម​​ខ្ពស់​កប់​ពពក។

​កុង​ត្រា​របស់ ​ Kevin de Bruyne នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ​ជា​មួយ​ Manchester City ពោល​គឺ​ផុត​​នៅ​ឆ្នាំ​២០២៥។ ​ក្លឹប​​​ក៏​មិន​ចង់​ឲ្យ​កីឡាករ​​ម្នាក់​នេះ​ចេញ​ដែរ​ស្រប​ពេល​ដែល​ក្លឹប​នៅ​​អារ៉ាប៊ីសាអ៊ូឌីត នៅ​តែ​ព្យាយាម​ក្នុង​ការ​តាម​ប្រមាញ់​ខ្សែ​បម្រើ​​រូប​នេះ​​ក្រោយ​មាន​ការ​បដិសេធ​ជា​ច្រើន​លើក​។

​ក្នុង​បទ​សម្ភាសន៍​មុន​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ Celtic នៅ​លើ​ទឹក​ដី​អាមេរិក​លោក Pep Guardiola ​បាន​ឆ្លើយ​សំនួរ​អ្នក​សារព័ត៌មាន​ជុំវិញ​ការ​ចោទ​សួរ​ពី​អនាគត​របស់​ de Bruyne ​ដោយ​លោក​បាន​និយាយ​ថា «គ្មាន​ការ​ចាក​ចេញ​ឡើយ។ de Bruyne នៅ​តែ​ជាផ្នែក​មួយ​នៃ​កីឡាករ​សំខាន់​របស់ Manchester City ហើយ​ប្រសិន​បើ​មាន​ការ​ចាក​ចេញ​ណា​មួយ​នោះ​យើង​នឹង​មាន​ការ​ជជែក​គ្នា​ណា​មួយ​ហើយ ប៉ុន្តែ​នេះ​វា​អត់​មាន​ទេ​។ ពិត​ណាត់​យើង​ក៏​ត្រូវ​ចាំ​មើល​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​ដែរ​​ ក្រែង​មាន​រឿង​ផ្លាស់ប្ដូរ​ណាមួយ​កើត​ឡើង​បន្ត​ទៀត​ ព្រោះ​អី​​អនាគត​ទៅ​មុខ​យើង​មើល​អត់​ឃើញ​»។

​លោក​បន្ថែម​ថា «​យើង​គ្មាន​គម្រោង​ក្នុង​ការ​ផ្លាស់ប្ដូរ​ ឬ​រៀបចំ​ទម្រង់​លេង​ថ្មី​ឡើយ។ ​ សម្រាប់​ខ្ញុំ​វា​ស្ថិត​នៅ​ចន្លោះ​ពី ៨០ ទៅ ៩៥​% ​ទៅ​ហើយ​ដែល​​​យើង​នឹង​នៅ​តែ​ប្រើ​កីឡាករ​ដូច​រដូវ​​កាល​មុន​»។

​Manchester City នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​រដូវ​កាល​ថ្មី​​ទល់​ក្រុម Chelsea នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ ក្នុង​ទឹក​ដី​របស់​តោ​ខៀវ​ ៕ ​​​​​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម