• 2024-07-22 13:51:31
  • បាល់ទាត់

De Bruyne អាច​នឹង​ចេញ​ពី Man City

  • 2024-07-22 13:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Ittihad កំពុង​ចរចា​យក​ខ្សែ​បម្រើ​ Kevin De Bruyne ពី​ក្លឹប Manchester City។ នេះ​បើ​តាម​សារព័ត៌មាន The Mirrior។

ភាគី​ទាំង​ពីរ​កំពុង​ចរចា​គ្នា។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail កីឡាករ De Bruyne បាន​ព្រម​ព្រៀង​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​រួច​ទៅ​ហើយ នៅ​ឡើយ​តែ​ការ​ចរចា​គ្នា​រវាង​ក្លឹប និង​ក្លឹប Manchester City។ ទោះ​ជា​យ៉ាង​ណា យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់ Fabrizio Romano ទាំង​ភាគី De Bruyne និង​ក្លឹប Al Ittihad គឺ​មិន​ទាន់​មាន​អ្វី​ព្រម​ព្រៀង​គ្នា​នៅ​ឡើយ​ទេ​គិត​មក​ទល់​ពេល​នេះ។

មិន​ទាន់​មានប្រភព​ច្បាស់ការ​ណា​មួយ​អាច​បញ្ជាក់​បាន​ថា Al Ittihad ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ប៉ុន្មាន​ទេ​សម្រាប់​កីឡាករ De Bruyne ហើយ​ហ៊ាន​ឲ្យ Manchester City ប៉ុន្មាន​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​បែលហ្សិក​វ័យ ៣៣ ឆ្នាំ​រូប​នេះ។ កុងត្រា​របស់ De Bruyne នៅ Man City មាន​សុពលភាព​រយៈ​ពេល ១ ឆ្នាំ​ទៀត។

ពាក្យ​ចចាមអារ៉ាម​នេះ កើត​ឡើង​ក្រោយ​ De Bruyne បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​កាល​ពី​ខែ​មុន​ថា រូប​គេ​ដល់​វ័យ​មួយ​ដែល​ត្រូវ​គិត​គូរ​ពី​រឿង​ចំណូល​ជា​ធំ ព្រោះ​ជិត​ដល់​អាយុ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​អាជីព​ហើយ។ ដូច្នេះ រូប​គេ​បើក​ចំហរ​គ្រប់​ជម្រើស​ទាំង​អស់ ទាក់​ទង​នឹង​អនាគត​របស់​រូប​គេ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប Manchester City ផង​ដែរ។

ក្លឹប Al Ittihad គឺ​ជា​ក្លឹប​សម្បូរ​ធនធាន​ណាស់ ហើយ​ហ៊ាន​ឲ្យ​ប្រាក់ឈ្នួល​យ៉ាង​ច្រើន​សម្រាប់​កីឡាករ​ល្បីៗ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ក្លឹប​មាន​លទ្ធផល​ទាក់ទាញ​កីឡាករ​ដូច​ជា Karim Benzema ខ្សែបម្រើ N'Golo Kante និង Fabinho ជាដើម។

De Bruyne គឺ​ជា​កីឡាករ​ដ៏​ឆ្នើម​របស់​ក្លឹប Manchester City ទាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ ២០១៥ មក។ ខ្សែ​បម្រើ​បែលហ្សិក​លេង​សរុប​ឲ្យ​ក្លឹប​ ៣៨២ លើក និង​ស៊ុត​ចូល ១០២ គ្រាប់ ហើយ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​សរុប​ចំនួន ១៥ ក្នុង​នោះ​ពាន​ធំៗ​គឺ​ឈ្នះ Premier League ៦ ដង និង Champions League ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម