• 2024-07-19 13:19:19
  • បាល់ទាត់

វីរបុរស​​របស់អេស្ប៉ាញ​ប្រចាំ​អឺរ៉ូ ធ្វើ​រឿង​មួយ​ផ្អើល​ពេញ​បណ្ដាញ​សង្គម​បាល់ទាត់

  • 2024-07-19 13:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើស​អេស្ប៉ាញ​ប្រចាំ​កម្មវិធី​អឺរ៉ូ ២០២៤ កីឡាករ Marc Cucurella បាន​លាប​សក់​ពណ៌​ក្រហម ដើម្បី​អបអរ​ជ័យជំនះ​របស់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។

នា​ថ្ងៃ​នេះ ខ្សែ​ការពារ​ Chlesea កីឡាករ Cucurella បាន​បង្ហោះ​រូប​ថត​របស់​ខ្លួន​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម។ រូប​ថត​នោះ​បាន​បញ្ជាក់​ថា Cucurella បាន​ដូរ​ពណ៌​សក់​ពី​ពណ៌​ក្រហម ទៅ​ពណ៌​ក្រហម។ យោង​តាម​សេចក្ដី​អត្ថាធិប្បាយ​របស់​សាម៉ី​ខ្លួន Cucurella ធ្វើ​នេះ​ ព្រោះ​រូប​គេ​ធ្លាប់​និយាយ​ទៅ​ក្រុម​គ្រួសារ និង​មិត្ត​រួម​ក្រុម​ជុំវិញ​ខ្លួន​ថា បើ​អេស្ប៉ាញ​ឈ្នះ​អឺរ៉ូ នោះ​រូប​គេ​នឹង​លាប​សក់​ពណ៌​ក្រហម។

កាល​ពី​ដើម​សប្ដាហ៍​នេះ អេស្ប៉ាញ​បាន​យក​ឈ្នះ​អង់គ្លេស​ក្នុង​លទ្ធផល ២ ទល់​នឹង ១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក៏​លើក​ពាន​អឺរ៉ូ លើក​ទី ៤ របស់​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ។ Cucurella គឺ​ជា​កីឡាករ​ដ៏​បង្គោល​មួយ​របស់​អេស្ប៉ាញ​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ូ​កន្លង​ទៅ ដោយ​ខ្សែ​ការពារ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ការ​ការពារ ហើយ​ថែម​ទាំង​ជា​កីឡាករ​ដែល​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ដើម្បី​យក​ឈ្នះ​អង់គ្លេស​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​អឺរ៉ូ​កន្លង​ទៅ។ Cucurella ជាប់​ឈ្មោះ​ជា​កីឡាករ​ដ៏ឆ្នើមមួយ​រូប​ប្រចាំ​កម្មវិធីអឺរ៉ូឆ្នាំ ២០២៤។

ប៉ុន្មាន​ថ្ងៃ ក្រោយ​ឈ្នះ​ពាន Cucurella ក៏​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ហើយ​លាប​សក់​ពណ៌​ក្រហម​តែ​ម្ដង ដើម្បី​អបអរ​អេស្ប៉ាញ​ឈ្នះ​ពាន​អឺរ៉ូ​ឆ្នាំ ២០២៤។ ការ​លាប​ពណ៌​សក់​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​មជ្ឈដ្ឋាន​បណ្ដាញ​សង្គម​បាល់ទាត់ ព្រោះ​ធ្លាប់​តែ​ឃើញ​ Cucurella មាន​សក់​ខ្មៅ ហើយ​កម្រ​ណាស់​ឃើញ​កីឡាករ​ណា​លាប​សក់​ពណ៌​ក្រហម។ ទើប​តែ​ពេល​នេះ ឃើញ Cucurella មាន​សក់​ពណ៌​ក្រហម បូក​ផ្សំ​​នឹង​អត្ថន័យ​នៅ​ពី​ក្រោយ​ការ​លាប​នេះ ធ្វើ​ឲ្យ​មាន​មតិ​សរសើរ និង​អបអរសាទរ​កីឡាករ​រូប​នេះ​យ៉ាង​ច្រើន។

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្ដី​រាយ​ការណ៍​ណា​មួយ​អាច​បញ្ជាក់​ថា Cucurella ទុក​សក់​ពណ៌​នេះ​ប៉ុន្មាន​ថ្ងៃ ឬ​ខែ​ទៅ​មុខ​នោះ​ទេ៕

ប្រភព៖ ESPN អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម