- 2024-07-17 11:22:28
- បាល់ទាត់
Enzo រងពិន័យ ក្រោយចូលរួមច្រៀងដៀមដាមក្រុមជម្រើសជាតិបារាំង
- 2024-07-17 11:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Enzo រងពិន័យ ក្រោយចូលរួមច្រៀងដៀមដាមក្រុមជម្រើសជាតិបារាំង
ចន្លោះមិនឃើញ
ខ្សែបម្រើ Enzo Fernandez ទទួលរងពិន័យពីក្លឹប Chelsea ក្រោយបានបង្ហោះវីដេអូចូលរួមច្រៀងដៀមដាមក្រុមជម្រើសបារាំង។
ក្រោយពីជួយអាហ្សង់ទីនឈ្នះពានកូប៉ាអាមេរិកឆ្នាំ ២០២៤ កាលពីដើមសប្ដាហ៍កន្លងទៅ កីឡាករ Enzo បានផ្សាយបន្តផ្ទាល់វីដេអូមួយដែលបង្ហាញពីការអបអររបស់ខ្លួន ជាមួយក្រុមកីឡាករអាហ្សង់ទីនមួយក្រុមទាក់ទងនឹងជ័យជំនះទៅលើក្រុមកូឡុំប៊ី។ យ៉ាងនេះក្ដី ការអបអរនោះ បានរួមបញ្ចូលការច្រៀងចម្រៀងរើសអើងពូជសាសន៍ដៀមដាលអំពីពណ៌សម្បុររបស់កីឡាករនៃក្រុមជម្រើសជាតិបារាំង។
ក្រោយវីដេអូនេះបានលេចឡើង Enzo បានរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានបាល់ទាត់ជាច្រើន ក្នុងនោះរួមមានក្រុមកីឡាករក្រុមជម្រើសជាតិបារាំង និងសហព័ន្ធបាល់ទាត់បារាំងផងដែរ ដែលគ្រោងដាក់ពាក្យប្ដឹងសហព័ន្ធបាល់ទាត់អាហ្សង់ទីន និងសហភាពសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទៀតផង។
ក្រោយទទួលរងការរិះគន់នេះ Enzo បានចេញមុខបង្ហោះសារសុំទោសចំពោះវីដេអូនេះ។
ទោះជាយ៉ាងនេះក្ដី ក្លឹបរបស់ Enzo គឺក្លឹបតោខៀវ Chelsea បានសម្រេចដាក់ពិន័យផ្ទៃក្នុងលើកីឡាករវ័យ ២៣ ឆ្នាំរូបនេះ។ គិតមកទល់ពេលនេះ មិនទាន់មានប្រភពណាអាចបញ្ជាក់បានថា ក្លឹបដាក់ពិន័យ Enzo យ៉ាងណានោះទេ។
ការរើសអើងពូជសាសន៍ និងពណ៌សម្បុរ គឺជាបញ្ហាដ៏រសើបមួយក្នុងវិស័យបាល់ទាត់ពិភពលោក។ សហភាពសហព័ន្ធបាល់ទាត់ពិភពលោកកន្លងមកបានដាក់ចេញគោលការណ៍ជាច្រើន ក្នុងន័យសំដៅធ្វើយ៉ាងណាកុំឲ្យមានរឿងនេះកើតឡើង។ សហព័ន្ធបាល់ទាត់នៅតាមតំបន់ ដូចជានៅអឺរ៉ុប និងបណ្ដាលីគធំៗមួយចំនួន បានដាក់ពិន័យធ្ងន់ៗ រាល់ហេតុការណ៍រើសអើងកន្លងមកដែលបានកើតឡើង។ ទោះជាយ៉ាងណា ជារឿយៗ កីឡាករបាល់ទាត់មួយចំនួន ជាពិសេសកីឡាករស្បែកខ្មៅ នៅតែបន្តទទួលរង និងប្រឈមនឹងពាក្យសម្ដីរើសអើងពូជសាសន៍ ពីក្រុមកីឡាករ និងក្រុមអ្នកគាំទ្រ ហើយអ្នកទស្សនាមួយចំនួន៕