• 2024-07-10 11:59:50
  • បាល់ទាត់

Messi ​ធ្លាប់ងូត​ទឹក​ឲ្យ Yamal កាល​ពី​នៅ​តូច

  • 2024-07-10 11:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​លើ​រូប​ថត​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ខ្សែ​ប្រយុទ្ធ Lionel Messi ងូត​ទឹក​ឲ្យ​ Lamine Yamal កាល​ពី​នៅ​ក្មេង។

ការ​ចាប់​អារម្មណ៍​លើ​បណ្ដាញ​សង្គម​កើត​ឡើង​ ក្រោយ​ឪពុក​របស់ Yamal បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ថា Messi កាល​នៅ​វ័យ​ក្មេង ងូត​ទឹក​ឲ្យ Yamal នៅ​ក្នុង​ធុង​ជ័រ​ពណ៌​ខៀវ​មួយ។ Yamal នា​ពេល​នោះ មាន​អាយុ ៦ ខែ។

ដំបូង​ឡើយ​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា រូប​ថត​នេះ​អាច​ជា​រូប​ថត​បង្កើត​ដោយ​ប្រព័ន្ធ​កម្មវិធី​សិប្បនិម្មិត​ឆ្លាត​វៃ (ហៅ​កាត់​ថា AI)។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​រូប​ថត​នេះ​ល្បី​ លោក Joan Monfort ដែល​ជា​អ្នក​ថត​រូប​​នេះ ក៏​បាន​ចេញ​មុខ​បញ្ជាក់​ថា រូប​ថត​គឺ​ជា​រូប​ថត​ពិត​ប្រាកដ​មែន។

បើ​តាម​លោក Monfort រូប​ថត​នេះ​ ត្រូវ​បាន​ថត​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​កីឡាករ​របស់​ក្លឹប Barcelonaកាល​ពី​អំឡុង​ចុង​ឆ្នាំ ២០០៧។ នៅ​ពេល​នោះ Messi មាន​វ័យ ២០ ឆ្នាំ ឯ Lamine Yamal កាល​នោះ​មាន​អាយុ​ទើប​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ។ រូប​ថត​នេះ ត្រូវ​បាន​ថត​ឡើង​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហការ​គ្នា​របស់​ក្លឹប Barcelona និង មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ ហៅ​កាត់​ថា UNICEF ដើម្បី​ផ្សព្វផ្សាយ​ និង​រៃអង្គាស​ថវិកា​សម្រាប់​គម្រោង​សប្បុរសធម៌​មួយ​ចំនួន​នា​ពេល​នោះ។

Yamal គឺ​ជា​កុមារ​មួយ​រូប​ក្នុង​ចំណោម​កុមារ​ដទៃ​ច្រើនទៀត​ដែល​ត្រូវ​បាន​ UNICEF ជ្រើស​រើស​តាម​រយៈ​ការ​ចាប់​ឆ្នោត ដើម្បី​មក​ធ្វើ​ការ​ថត​នៅ​ក្លឹប Barcelona ជា​មួយ​កីឡាករ​របស់​ក្លឹប ដោយ​មាន​ការ​ព្រមព្រៀង​ពី​អាណាព្យាបាល។ គាប់​ជូន​អី Yamal គឺ​ជា​កុមារ​ដែល​ត្រូវ​ថត​ជាមួយ Messi។ ការ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ទៅលើ​រូប​ថត​នេះ គឺ​មួយ​ផ្នែក​ដោយ​សារ​មនុស្ស និង​ន័យ​នៅ​ពី​ក្រោយ​រូប​ថត​។

Messi គឺ​ជា​វីរបុរស​ក្លឹប Barcelona និង​ជា​កីឡាករ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ចាត់​ទុក​ថា​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ល្អ​បំផុត​លើ​លោក។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ Ballon D'or ដល់​ទៅ ៨ ដង ហើយ​ឈ្នះ​ពាន​ជា​ច្រើន​ពេញ​មួយ​អាជីព​របស់​ខ្លួន។ ខ្សែ​ប្រយុទ្ធ​វ័យ ៣៧ ឆ្នាំ ចាប់​ផ្ដើម​អាជីព​នៅ​ថ្នាល​យុវជន​ក្លឹប​អ្នក​មាន​បុណ្យ ហើយ​លេង​ឲ្យ​ឈុត​ធំ Barca ជិត ២០ ឆ្នាំ មុន​ចេញ​ពី​ក្លឹប​នៅ​ឆ្នាំ ២០២១។ កីឡាករ​ទៅ​លេង​ឲ្យ​ក្លឹប​បារាំង Paris Saint Germain ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣ មុន​មក​លេង​ឲ្យ​ក្លឹប​អាមេរិក Inter Miami រហូត​ដល់​ពេល​បច្ចុប្បន្ន។

ដោយ​ឡែក ខ្សែ​ស្លាប Lamine Yamal ក៏​ជា​កីឡាករ​កើត​ចេញ​ពី​ថ្នាល​យុវជន Barca ហើយ​ចូល​មក​លេង​ឲ្យ​ក្លឹប​តាំង​ពី​ឆ្នាំ ២០២៣ មក។ ថ្វី​បើ​មាន​វ័យ​ត្រឹម​ ១៦ ឆ្នាំំ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ហើយ​បាន​ក្លាយ​ជា​កីឡាករ​ដ៏​បង្គោល​មួយ​ឲ្យ​ក្លឹប ដោយ​នៅ​រដូវ​កាល​ ២០២៣/២០២៤ Yamal បង្ហាញ​វត្តមាន​ដល់​ទៅ ៥០ ប្រកួត និង​ស៊ុត​ចូល​ ៧ ប្រកួត។ លើស​ពី​នេះ ក្នុង​កម្មវិធី Euro 2024 កីឡាករ Yamal បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ។ គិត​មក​ទល់​ពេល​នេះ ខ្សែ​ស្លាប​រូប​នេះ​បញ្ជូន​បាល់​ ៣ លើក និង​ស៊ុត​ចូល​មួយ​គ្រាប់ ហើយ​ជួយ​អេស្ប៉ាញ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ គ្រាប់​បាល់​ដែល Yamal ស៊ុត​ចូល​ក្រុម​ជម្រើស​ជាតិ​បារាំង​ក្នុង​វគ្គ​ Semi Final នោះ គឺ​ជា​គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ Yamal ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍ Euro៕

ប្រភព៖ sky អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី