• 2024-07-04 13:03:47
  • បាល់ទាត់

Ten Hag ត​កុងត្រា​ជាមួយ​បិសាច​ក្រហម

  • 2024-07-04 13:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ការ​រំពឹង​ទុក អ្នក​ចាត់​ការ​ក្លឹប​ Manchester United លោក Erik Ten Hag បាន​ត​កុងត្រា​ជាមួយ​ក្លឹប។

កុងត្រា​មាន​សុពលភាព​ដល់​ខែ​មិថុនា ឆ្នាំ​២០២៦ ពោល​គឺ​លោក​នឹង​បន្ត​ដឹកនាំ​ក្លឹប​បិសាច​ក្រហម​រយៈ​ពេល ២ ឆ្នាំ​ទៀត។​ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ESPN អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​រូប​នេះ នឹង​បន្ត​មាន​សិទ្ធិ​ចាត់​ចែង​លើ​ការ​ផ្ទេរ​ចេញ និង​ផ្ទេរ​ចូល​កីឡាករ​របស់​ក្លឹប ទោះ​ក្លឹប​មាន​សហ​ម្ចាស់​ថ្មី​ក៏​ដោយ។

តាម​ពិត​ទៅ លោក Ten Hag និង​ក្លឹប Man Utd មិន​បាន​ចរចា​កុងត្រា​ថ្មី​ដូច​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ធំៗ​នោះ​ឡើយ ដោយ​ទាំង​ភាគី​ក្លឹប និង​ភាគី​សាម៉ី​គ្រាន់​តែ​បន្ត​កុងត្រា​ចាស់​ដែល​មាន​ស្រាប់ ហើយ​បន្ថែម​សុពលភាព​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត ពី​លើ​កុងត្រា​ចាស់​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ​ក្រោយ។

ក្នុង​ឱកាស​ត​កុងត្រា​នេះ លោក Ten Hag បាន​និយាយ​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បិសាច​ក្រហម​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​ប្រជែង​ពាន​ធំៗ​ក្នុង​ស្រុក និង​នៅ​អឺរ៉ុប។

មុន​មក​ដឹក​នាំ Manchester United កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២២ លោក Ten Hag បាន​ចំណាយ​ពេល​រយៈ​កាល​ជាង ៥ ឆ្នាំ បង្វឹក​ក្លឹប​ហុល្លង់ Ajax។ កាល​ដឹក Ajax លោក​គឺ​ជា​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​មួយ​រូប ដោយ​ដឹកនាំ​សរុប ២១៥ ប្រកួត ឈ្នះ​ដល់​ទៅ ១៥៨ ប្រកួត ស្មើ ២៨ ដង និង​ចាញ់ ២៩ លើក ដោយ​មាន​អត្រា​ភាគ​រយ​ឈ្នះ​ចំនួន​ជាង ៧៣ ភាគ​រយ។ ដោយ​ឡែក នៅ​ពេល​មក​ចាត់​ការ​បិសាច​ក្រហម​ជាង ២ ឆ្នាំ​មក​នេះ លោក​បាន​ដឹកនាំ​ប្រកួត​សរុប ១១៤ ដង ឈ្នះ ៦៦ ប្រកួត ស្មើ ១៧ លើក និង​ចាញ់ ៣១ ដង ហើយ​បើ​គិត​ជា​អត្រា​ភាគ​រយៈ​ឈ្នះ​គឺ​ជាង ៥៨ ភាគ​រយ។ រយៈ​ពេល ២ ឆ្នាំ​នេះ លោក​ជួយ​ក្លឹប​បិសាច​ក្រហម​ឲ្យ​ឈ្នះ​ពាន​ចំនួន​ពីរ​រួម​មាន League Cup នៅ​រដូវ​កាល ២០២២/២០២៣ និង​ FA Cup នៅ​រដូវ​កាល ២០២៣/២០២៤៕

ប្រភព៖ ESPN អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី