• 2024-07-01 22:05:00
  • បាល់ទាត់

Ronaldo សម្រក​ទឹក​ភ្នែក​ក្រោយ​ទាត់​ប៉េណាល់​ទី​មិន​ចូល​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​

  • 2024-07-01 22:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ព័រទុយហ្គាល់ Cristiano Ronaldo ​​បាន​សម្រក​ទឹក​ភ្នែក​​ក្រោយ​​​​មិន​អាច​ទាត់​បាល់​​បញ្ចូល​ទី​បាន​សម្រេច​​បន្ទាប់​ពី​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​​នៅ​ម៉ោង​បន្ថែម​១៥​នាទី​​២​ដង​ សម្រាប់​​ការ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ EURO 2024 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​វគ្គ​១៦​​ក្រុម​ចុង​ក្រោយ​​រវាង​ ព័រទុយហ្គាល់ និង​ ​ស្លូវើនៀ ​។

​ក្រុម​ទាំង​ពីរ​បញ្ចប់​ត្រឹម​០-០ ​ក្នុង​រយៈ​ពេល​​៩០​នាទី ​​បើ​ទោះ​ជា​​មាន​ឱកាស​​​ស៊ុត​​​គ្នា​ជា​ច្រើន​លើក​យ៉ាង​ណា​ក៏​ដោយ។ ​ចូល​ដល់​ម៉ោង​​បន្ថែម​១៥​នាទី​២​ដង​​លើក​ទី​១ Diogo Jota ​បាន​អូស​បាល់​ចូល​តំបន់​គ្រោះថ្នាក់​របស់ ​ស្លូវើនៀ ហើយ​ពេល​នោះ​ខ្សែការពារ​បាន​​បង្កើត​កំហុស​ បណ្ដាល​ឲ្យ​ព័រទុយហ្គាល់​មាន​បាល់​ពិន័យ​១១​ម៉ែត្រ​ ​ហើយ​ Cristiano Ronaldo ​ជា​អ្នក​រ៉ាប់រង​ក្នុង​ការ​ទាត់​បាល់​ពិន័យ​​នៅ​ក្នុង​​វិនាទី​ដ៏​សំខាន់​មួយ​នេះ។

ក្នុង​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នោះ JAN OBLAK ​អ្នក​ចាំ​ទី​របស់​ ស្លូវើនៀ បាន​ហក់​​ទៅ​​ទះបាល់​ចេញ​​​យ៉ាង​​ល្អ ដែល​នាំ​ឲ្យ​ក្រុម​ទាំង​ពីរ​នៅ​តែ​បន្ត​រក្សា​សំណាញ់​ទី​ ០-០ ​រហូត​​ដល់​ចប់​ម៉ោង​បន្ថែម​១៥​នាទី​លើក​ទី​១ ហើយ​ពេល​នោះ​ Cristiano Ronaldo បាន​សម្រក​ទឹក​ភ្នែក​បើ​ទោះ​ក្រុមរបស់​ខ្លួន​​មិន​ទាន់​ដឹង​ថា​ធ្លាក់​ឬ​យ៉ាង​ណា​ក៏​ដោយ ដែល​ការ​យំ​នេះ​បង្ហាញ​ការ​​ខឹង​ចិត្ត​​មិន​​អាច​​ជួយ​ក្រុម​បាន​ឡើង​ទៅ​​ត្រឹម​ម៉ោង​​បន្ថែម​១៥​នាទី​ពីរ​​ដង​ រហូត​​ការ​ប្រកួត​ឈាន​ដល់​ការ​ទាត់​បាល់​កាត់​សេចក្ដី​​ប៉េណាល់ទី​។

​ទោះ​ជា​យ៉ាង​ណា​ Ronaldo ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​មក​វិញ​បន្ទាប់​ពី​​​ក្រុម​របស់​ខ្លួន​នៅ​​តែ​អាច​ឡើង​ទៅ​កាន់​វគ្គ​​បន្ត​​បាន​ ដែល​ត្រូវ​ប៉ះ​ បារាំង ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ បន្ទាប់​ពី​យក​ឈ្នះ​លើ ​ស្លូវើនៀ ដោយ​បាល់​កាត់​សេចក្ដី​​១១​ម៉ែត្រ​​ក្នុង​លទ្ធផល​ ៣-០ ៕

Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី