• 2024-06-06 01:10:27
  • បាល់ទាត់

Conte ត្រលប់​ដឹកនាំ​ក្លឹប​ធំ​នៅ​អ៊ីតាលី

  • 2024-06-06 01:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប​យក្ស​អ៊ីតាលី Napoli។

លោក​បាន​ចុះ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ​ជាមួយ​ក្លឹប និង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៧។ ថ្លែង​ក្រោយ​ពេល​ចុះ​កុងត្រា​នោះ លោក Conte សប្បាយ​ចិត្ត​ដែល​ទទួល​បាន​ឱកាស​មក​ដឹកនាំ​ក្លឹប Napoli ហើយ​នឹង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​ក្លឹប​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ។

Napoli គឺ​ជា​ក្លឹប​ដ៏​ធំ​មួយ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​លីគ​កំពូល​អ៊ីតាលី។ កាល​ពី​រដូវ​កាល​ ២០២២/២០២៣ ក្លឹប​បាន​ឈ្នះ​ពាន​ Serie A ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៣៣ ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា ដោយ​ការ​ផ្លាស់ប្តូរ​អ្នក​ចាត់​ការ​ជា​ច្រើន​លើក​ច្រើន​សា ក៏​ដូច​ជា​ការ​ធ្លាក់​ទម្រង់​របស់​ក្រុម​ ក្លឹប​បាន​ទទួល​ចំណាត់​ថ្នាក់​ត្រឹម​លេខ ១០ ក្នុង​រដូវកាល ២០២៣/២០២៤ កន្លង​ទៅ។ Conte មាន​ការងារ​ដ៏​លំបាក​មួយ​ក្នុង​ការ​ស្ដារ​ទម្រង់​លេង​របស់​ក្លឹប​ធំ​មួយ​នេះ។

លោក​ Conte បាន​ទំនេរ​ពី​ការងារ​ប្រមាណ ១ ឆ្នាំ​ហើយ ក្រោយ​ត្រូវ​បាន​បញ្ចប់​ការងារ​ពី​ក្លឹប​អង់គ្លេស Tottenham Hotspur នៅ​ខែ​មីនា ឆ្នាំ ២០២៣។ លោក​ដឹក​នាំ Spurs ពី​ឆ្នាំ ២០២១ ដល់​ ២០២៣។ នៅ​អង់គ្លេស មុន​មកដឹក​ Spurs លោក​ធ្លាប់​ជា​អ្នក​ចាត់​ការ​ក្លឹប​តោខៀវ Chelsea ពី​ឆ្នាំ ២០១៦ ដល់ ២០១៨ ហើយ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន Premier League និង FA Cup។

ថ្វី​បើ​លោក​មិន​សូវ​មាន​ភាព​ជោគជ័យ​នៅ​ Spurs តែ​បើ​និយាយ​ពី​បទ​ពិសោធន៍ និង​ការ​ជោគជ័យ​ជា​ទូ​ទៅ​របស់​លោក​នៅ​លីគ​អ៊ីតាលី គឺ​ពិត​ជា​មិន​អាច​មើល​រំលង​បាន។ លោក​ធ្លាប់​ដឹកនាំ Juventus ពី​ឆ្នាំ ២០១១ ដល់ ២០១៤ ហើយ​ក្លឹប Inter Milan ពី​ឆ្នាំ ២០១៩ ដល់​ ២០២១។ ក្នុង​អំឡុង​នោះ ក្លឹប​ទាំង​ពីរ​សុទ្ធ​តែ​មាន​ភាព​ប្រកួត​ប្រជែង​ខ្ពស់ ហើយ​បាន​ឈ្នះ​ពាន​ក្នុង​ស្រុក​ជា​ច្រើន ព្រម​បង្ក​ព្យុះ​ភ្លៀង​​ក្នុង​កម្មវិធី Champions League និង​ Europa League។

ក្រៅ​ពី​បទ​ពិសោធន៍​ដឹកនាំ​ក្លឹប លោក Conte ក៏​ធ្លាប់​ដឹកនាំ​ក្រុម​បាល់ទាត់​ជំរើសជាតិ​ដែរ។ អំឡុង​ឆ្នាំ ២០១៤ ដល់ ២០១៦ លោក​គឺ​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។ ក្រោម​ការ​ដឹកនាំ​របស់​លោក អ៊ីតាលី​បាន​ឡើង​ទម្រង់​លេង ជា​ពិសេស​ក្នុង​ពេល​លេង​កម្មវិធី Euro ២០១៦។ យ៉ាង​នេះ​ក្ដី អ៊ីតាលី​បាន​ចាញ់​អាល្លឺម៉ង់​ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ក្រោយ​ពី​ប្រកួត​នេះ Conte បាន​លា​ឈប់​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ដើម្បី​មក​ដឹកនាំ​បាល់ទាត់​ក្លឹប​វិញ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់