• 2024-05-21 14:15:02
  • បាល់ទាត់

ដឹង​ទេ Arsenal បាន​ត្រៀម​រៀបចំ​ពិធី​លើក​ពាន Premier League

  • 2024-05-21 14:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ដឹង​ថា​អាច ឬ​មិន​អាច​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ក្លឹប Arsenal បាន​រៀប​ចំ​ពិធី​ហាត់​សម ក្នុង​ករណី​បើ​ក្លឹប​ឈ្នះ​ពាន។ នេះ​បើ​យោង​តាម​វីដេអូ​មួយ​ចំនួន បង្ហោះ​ដោយ​សារព័ត៌មាន​ធំៗ​ដូច​ជា The Mirror ជា​ដើម។

យោង​តាម​ប្រភព​ដដែល ក្រុម​ការងារ​របស់​ក្លឹប Arsenal បាន​រៀប​ចំ​ចាត់ចែង​ផ្លាក និង​ផ្ទាំង​បដា ដើម្បី​អបអរ​ ក្នុង​ករណី​បើ​សិន​ជា​ក្លឹប​កាំភ្លើង​លើក​ពាន Premier League។

ក្នុង​រដូវ​កាល​នេះ ការ​ប្រកួតប្រជែង​មាន​សភាព​ស្វិតស្វាញ​ក្នុង​លីគ​កំពូល​អង់គ្លេស ដោយ​ក្លឹប​ចំនួន​ពីរ​រួម​មាន Manchester City និង Arsenal ប្រជែង​គ្នា​ដណ្ដើម​ពាន​រហូត​ដល់​ការ​កាត់​សេចក្ដី​នៅ​ប្រកួត​ចុងក្រោយ​បង្អស់។ មុន​លេង​ប្រកួត​ចុង​ក្រោយMancheter City មាន ៨៨ ពិន្ទុ និង​ត្រូវ​លេង​ប្រកួត​ចុង​ក្រោយ​ជាមួយ West Ham។ ចំណែក​ឯ Arsenal មាន ៨៦ ពិន្ទុ និង​ត្រូវ​ប៉ះ​ជាមួយ Everton។

នេះ​មាន​ន័យ​ថា បើ Man City ឈ្នះ West Ham នោះ​ក្លឹប​យក្ស​មេឃ​ខៀវ​នឹង​លើក​ពាន។ តែ​បើ Man City ចាញ់ ឬ​ស្មើ ហើយ Arsenal ឈ្នះ Everton នោះ ក្លឹប​កាំភ្លើង​ធំ​នឹង​លើក​ពាន។ ហេតុ​ដូច​នេះ​ហើយ ទើប​ក្លឹប​កាំភ្លើង​ធំ ក៏​បាន​រៀប​ចំ​ពិធី​ដើម្បី​ត្រៀម​អបអរ​ក្នុង​ករណី​បើ​ក្លឹប​ទទួល​បាន​ជោគជ័យ​ក្នុង​លើក​ពាន ក្រោយ​អាក់​ខាន​អស់​រយៈ​ពេល ២០ ឆ្នាំ។ លើក​ចុង​ក្រោយ​ដែល Arsenal ឈ្នះ​ពាន Premier League គឺ​នៅ​ឆ្នាំ ២០០៣/២០០៤។ នៅ​ពេល​នោះ ពាន​ដែល Arsenal ឈ្នះ​គឺ​ជា​ពាន​មាស ព្រោះ​ក្លឹប​លេង​មិន​ដែល​ចាញ់​សោះ​ក្នុង​លីគ​ពេញ​មួយ​រដូវ​កាល​តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ក្លឹប Manchester City បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន Premier League ឆ្នាំ ២០២៣/២០២៤ ដោយ​មាន ៩១ ពិន្ទុ ក្រោយ​យក​ឈ្នះ​ក្លឹប West Ham ក្នុង​លទ្ធផល ៣-១។ ការណ៍​នេះ​ធ្វើ​ឲ្យ Manchester City ក្លាយ​ជា​ក្លឹប​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​លីគ​កំពូល​អង់គ្លេស​ដែល​បាន​ឈ្នះ​ពាន​នេះ ៤ រដូវ​កាល​ជាប់​គ្នា។ Arsenal បញ្ចប់​រដូវ​កាល​ដោយ​ឈរ​ចំណាត់​ថ្នាក់​លេខ ២។

ជាង​ពីរ​រដូវ​កាល​ចុង​ក្រោយ Arsenal បាន​បង្ហាញ​ទម្រង់​លេង​ល្អ ហើយ​បាន​ក្លាយ​ជា​ក្លឹប​ដែល​ប្រជែង​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ដណ្ដើម​ពាន Premier League។ ក្នុង​រយៈ​ពេល​ខ្លះ ក្លឹប​បាន​ឈរ​កំពូល​តារាង​ជា​ច្រើន​សប្ដាហ៍។ តែ​ដោយ​បញ្ហា​ទម្រង់​លេង​ក្នុង​ការ​ប្រកួត​មួយ​ចំនួន គួបផ្សំ​នឹង​ភាព​ស្វិតស្វាញ​ និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់​របស់ Manchester City ផង ក្លឹប​កាំភ្លើង​ធំ​បាន​ត្រឹម​លេខ ២ ទាំង​រដូវ​កាល​ ២០២៣/២០២៤ និង ២០២២/២០២៣។ តើ​ Arsenal នឹង​បាន​ឈ្នះ​ពាន Premier League ទេ​នៅ​រដូវ​កាល​ក្រោយ?

សូម​ទស្សនា​ទិដ្ឋភាព​ Arsenal ត្រៀម​ហាត់​សម​ពិធី​អបអរ​លើក​ពាន Premier League៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់