• 2024-05-10 14:01:26
  • បាល់ទាត់

លើក​ចុង​ក្រោយ​ដែល Real Madrid ចាញ់ UCL វគ្គ​ផ្ដាច់ព្រ័ត្រ

  • 2024-05-10 14:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madridគឺ​ជា​ក្លឹប​ដែល​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Champions League ដោយ​ឈ្នះ​ពាន​រង្វាន់​កម្មវិធី​មួយ​នេះ ដល់​ទៅ ១៤ លើក។ ក្លឹប​យក្ស​អេស្ប៉ាញ​មាន​សមត្ថភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដល់​ទៅ ១៨ លើក (រាប់​ទាំង​រដូវ​កាល​នេះ) ​ចាញ់​តែ​បី​លើក​ប៉ុណ្ណោះ ហើយ​ឈ្នះ​ដល់​ទៅ ១៤ ដង។ លើក​ចុង​ក្រោយ​ដែល​ក្លឹប​ Real Madrid ចាញ់​ក្នុង​វគ្គ Final កម្មវិធី​លីគ​កំពូល​អឺរ៉ុប​គឺ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ១៩៨១។

នា​ពេល​នោះ Real Madrid ត្រូវ​ប៉ះ​ជាមួយ​ហង្ស​ក្រហម Liverpool ហើយ​ចាញ់​ក្នុង​លទ្ធផល ១ ទល់​នឹង ០ នៅ​កីឡដ្ឋាន Parc des Princes នៅ​ទី​ក្រុង​ប៉ារីស៍ ប្រទេស​បារាំង។ កីឡាករ​អង់គ្លេស Alan Kennedy គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ក្នុង​ប្រកួត​មួយ​នេះ​ហើយ​ជួយ​ហង្ស​ក្រហម​លើក​ពាន។

ការណ៍​នេះ​មាន​ន័យ​ថា​ចាប់​ពី​ឆ្នាំ ១៩៨១ មក នៅ​ពេល​ដែល Real Madrid អាច​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League គឺ​ក្លឹប​មិន​ដែល​ស្គាល់​ឡើយ​ពាក្យ​ថា​ចាញ់។ បើ​គិត​ជា​រយៈ​ពេល ពោល​គឺ​រហូត​ដល់​ជាង ៤៣ ឆ្នាំ។ តាំង​ពី​ពេល​នោះ​មក ក្លឹប​យក្ស​អេស្ប៉ាញ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដល់​ទៅ ៩ ដង ក្នុង​នោះ​ឈ្នះ​ ៨ ដង (៦ ដងនៅ ១១ ឆ្នាំ​ចុង​ក្រោយ)។ ​ម្ដង​ទៀត​គឺ​នឹង​ត្រូវ​លេង​ប៉ះ​​ក្លឹប​ Borussia Dortmundនៅ​ថ្ងៃ​ទី ២ ខែ​មិថុនា​ឆ្នាំ ២០២៤ ខាង​មុខ​នា​វេលា​ម៉ោង ២ ព្រឹក (ម៉ោង​នៅ​កម្ពុជា) នៅ​កីឡដ្ឋាន​ Wembly ប្រទេស​អង់គ្លេស។

កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ Real Madrid បាន​យក​ឈ្នះ Bayern Munich ក្នុង​លទ្ធផល​សរុប ៤ ទល់​នឹង ៣ ដើម្បី​ឡើង​ទៅ​វគ្គ​ Final កម្មវិធី UEFA Champions League។ ទន្ទឹម​នឹង​នោះ Dortmund ​បាន​ទម្លាក់ PSG ក្នុង​លទ្ធផល​សរុប ២ ទល់​នឹង ០។

តើ​រវាង​ Real Madrid និង Borussia Dortmund មួយ​ណា​នឹង​ឈ្នះ Champions League រដូវ​កាល​នេះ?៕

ប្រភព៖ UCL អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី