• 2024-03-03 08:27:14
  • បាល់ទាត់

 ព្រឹត្តិការណ៍​បាល់ទាត់​ Ian Thompson Memorial៖ ជួយ​លើក​កម្ពស់​ដល់​សុខុមាលភាព និង​ទឹកចិត្ត​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​របស់​កុមារា​

  • 2024-03-03 08:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សៅរ៍ ​ទី២​ ខែ​មីនា ​ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​អង្គការ​ផ្កាយ​សមុទ្រ​  បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារា​ «Ian Thompson Memorial – ISF»​ ប្រចាំ​ឆ្នាំ​របស់​ខ្លួន។​

កម្មវិធី​បាល់ទាត់​ប្រចាំ​ឆ្នាំ​មួយ​នេះ​បាន​ប្រមូល​ផ្តុំ​កីឡាករ​ចំនួន​ ៦១២ ​នាក់​មក​ពី​ ៥១ក្រុម​ ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ក្រុង​ចំនួន​៩​ ក្នុង​ចំណោម​ ២៥​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ទៅ​តាម​ប្រភេទ​អាយុ ​ខុសៗ​គ្នា​ដូច​ជា។​

ការ​ប្រកួត​នេះ​គឺ​រួមមាន​ដូច​ជា​ អាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំជាដើម។ ក្រុម​ទាំង​នេះ​ប្រកួត​សរុប​ចំនួន ​១២៣​ប្រកួត​ ដែល​ជា​ការ​សន្សំ​ពិន្ទុ​ឆ្លង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។​ ក្រុម​ជើង​ខ្លាំង​ឈ្នះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នឹង​ត្រូវ​បន្ត​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង។​

កុមារាដែលចូលរួម

ឆ្នាំ២០២៤ នេះ​គឺ​ជា​ឆ្នាំ​ទី​១០​ ហើយ​ដែល​អង្គការ​ផ្កាយ​សមុទ្រ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ធ្លាប់​ទទួល​បាន​ពាន​អន្តរជាតិ​ បាន​បន្ត​រួម​សហការ​ជា​មួយ​នឹង​មូលនិធិ​ Ian Thompson Memorial ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Ian Thompson គឺ​ជា​អ្នកគាំទ្រ​វិស័យ​កីឡា​ដ៏​មោះមុត​ម្នាក់​ និង​តែងតែ​គាំទ្រ​ដល់​ការងារ​របស់​អង្គការ​ផ្កាយ​សមុទ្រ​ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ​តាម​រយៈ​ឱកាស​ប្រកប​ដោយ​សមធម៌ដើម្បី​ទទួល​បាន​ការ​អប់រំ​សេវា​ថែទាំសុខភាព និងកីឡាជាដើម។ ក្នុងគោលបំណងរក្សានូវកេរ្តិ៍ដំណែលរបស់ឪពុកលោក Alistair ជាកូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមក​ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព។

កុមារាដែលចូលរួម

  កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រធ្វើការដោយផ្ទាល់ជាមួយនឹងកុមារជាច្រើនដែលជួបប្រទះការលំបាក និងកំពុងរស់នៅក្នុងសហគមន៍មួយចំនួនដែលភាពក្រីក្រ ការរើសអើងផ្នែកសង្គម និងកង្វះឱកាសជារឿយៗគឺជាកត្តាចម្បងនាំឲ្យពួកគេមានទម្លាប់ បញ្ចេញអាកប្បកិរិយាមិនល្អផ្សេងៗ។ អង្គការផ្កាយសមុទ្រផ្តល់ឱកាសឲ្យកុមារទទួលបានសិទ្ធិរបស់ពួកគេក្នុងការលេង កំសាន្ត និងការអប់រំ ដោយជាមួយគ្នានេះផងដែរក៏បានលើកកម្ពស់ដល់ជម្រើសជីវិតប្រកបដោយសុខភាព សមភាព និង ការចូលរួមផ្នែកសង្គមសកម្មទៀតផង។ លើសពីនេះទៅទៀតកម្មវិធីបាល់ទាត់មួយនេះក៏បានផ្តល់ឱកាសក្នុងការទទួលបានវគ្គបណ្តុះបណ្តាលបាល់ទាត់ និងការប្រកួតប្រជែងកីឡាទៅដល់កុមារ និងយុវជនគ្រប់ភេទ និងពិការភាព ដោយបន្តធ្វើ ការអភិវឌ្ឍចំណេះដឹងផ្នែកសង្គម ការអប់រំ ជំនាញបំណិនជីវិតជំនាញការងារ​ និងភាពជាអ្នកដឹកនាំផងដែរ ។

ទិដ្ឋភាពក្នុងកម្មវិធី

ព្រឹត្តិការណ៍នេះជានិច្ចកាល គឺជាការរំលេចឲ្យឃើញពីភាពរីកចម្រើនយ៉ាងសំខាន់ប្រចាំឆ្នាំរបស់កុមារទាំងនេះដែលស្ទើរតែមិនទទួលបានឱកាសចូលរួមក្នុងប្រកួតប្រជែងក្នុងកីឡា និងបង្ហាញទេពកោសល្យរបស់ពួកក្នុងការធ្វើការងារជាក្រុម ទឹក ចិត្តស្រឡាញ់កីឡា និងការសហការគ្នាលើទីលានជាដើម។ តាមរយៈការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បែបនេះ ពួកគេនឹង រៀនសូត្រនូវជំនាញសំខាន់ៗដូចជា ការប្តេជ្ញាចិត្តជាកម្លាំងចលករដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យ និងភាពតស៊ូធន់ទ្រាំ នៅពេលដែលពួកគេចាញ់ក្នុងការប្រកួតទៀតផង៊៕

ទិដ្ឋភាពក្នុងកម្មវិធី

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី