• 2024-02-19 14:10:18
  • បាល់ទាត់

Zidane អាច​នឹង​មក​ដឹកនាំ Bayern

  • 2024-02-19 14:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ Real Madrid លោក Zinedine Zidane អាច​នឹង​មក​ដឹកនាំ Bayern Munich នៅ​រដូវ​កាល​ក្រោយ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Corriere Dello Sport លោក Zidane ជា​បេក្ខជន​នាំ​មុខ​ក្នុង​ការ​ជំនួស​លោក Thomas Tuchelគ្រូ​បង្វឹក​ Bayern បច្ចុប្បន្ន។

ទោះ​ជា​យ៉ាង​ណា មិន​ទាន់​មាន​របាយការណ៍​ណា​គិត​មក​ទល់​ពេល​នេះ អាច​បញ្ជាក់​បាន​ថា Zidane យល់​យ៉ាង​ណា ចំពោះ​ពាក្យ​ចចាមអារ៉ាម​នេះ។

កៅអី​របស់​លោក Tuchel កំពុង​តែ​ក្ដៅ​ ក្រោយ​ Bayernចាញ់​ចំនួន​បី​ប្រកួត​ជាប់ៗ​គ្នា ពោល​គឺ ២ ប្រកួត​ក្នុង​លីគ​កំពូល​អាល្លឺម៉ង់ និង​មួយ​ប្រកួត​ក្នុង Champions League។ បច្ចុប្បន្ន​ Bayern កំពុង​ឈរ​លេខ ២ ក្នុង​លីគ មាន ៥០ ពិន្ទុ នៅ​ពី​ក្រោយ​ចំនួន ៨ ពិន្ទុ​ពី​ក្លឹប​កំពូល​តារាង Bayer Leverkusen។ ក្នុង​ក្របខ័ណ្ឌ Champions League ក្លឹប​បាន​លេង​ចាញ់​ជើង​ទី ១ ក្នុង​លទ្ធផល ១-០ ក្រោម​ស្នាដៃ​របស់​ក្លឹប Lazio ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ ការ​វិភាគ​ខ្លះ បាន​លើក​ឡើង​ថា បើ​និន្នាការ​នេះ​បន្ត លោក Tuchel អាច​នឹង​បាត់​បង់​ការងារ​ជា​គ្រូ​បង្វឹក​ក្លឹប​យក្ស​អាល្លឺម៉ង់​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ដោយ​ឡែក Zidane គឺ​ជា​គ្រូ​បង្វឹក​ដែល​ក្លឹប​ធំៗ​នៅ​តែ​ចាប់​អារម្មណ៍​បើ​ទោះ​ជា​សម្រាក​ជាង ៣ រដូវ​កាល​រួច​ទៅ​ហើយ​ក្ដី ក្រោយ​លា​ឈប់​ពី​តំណែង​គ្រូ​បង្គោល Real Madrid កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១។ នេះ​ក៏​ដោយ​សារ​តែ កំណត់​ត្រា​ជោគជ័យ​របស់​លោក​នៅ​ក្លឹប​យក្ស​អេស្ប៉ាញ ដោយ​បាន​យក​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ ក្នុង​នោះ​ឈ្នះ​ពាន​ Champions League ដល់​ទៅ​បី​រដូវ​កាល​ជាប់​គ្នា​រួម​មាន​រដូវ​កាល ២០១៥-១៦ រដូវ​កាល ២០១៦-១៧ និង​រដូវ​កាល ២០១៧-១៨៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី