• 2024-02-14 06:00:00
  • បាល់ទាត់

ឈិន ឈឿន លើកសរសើរក្រុមថ្នាក់ដឹកនាំខេត្តស្វាយរៀង និងពេញចិត្តសមត្ថភាពក្រុមខ្លួន

  • 2024-02-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឈិន ឈឿន គ្រូបង្គោលក្រុមបាល់ទាត់ Cambodia Football Super Stars បានសរសើរដល់ក្រុមបាល់ទាត់ថ្នាក់ដឹកនាំខេត្តស្វាយរៀងថាមានសមត្ថភាពល្អ លេងយល់ចិត្តគ្នា ហើយថែមទាំងអាចស៊ុតបញ្ចូលទីក្រុមខ្លួនយ៉ាងល្អនិងពោរពេញដោយបច្ចេកទេស បើទោះបីជាក្រុមមួយនេះសំបូរកីឡាករចាស់ៗក្ដី។

ក្រុមបាល់ទាត់ថ្នាក់ដឹកនាំខេត្តស្វាយរៀង

អតីតកីឡាករជម្រើសជាតិកម្ពុជាខាងលើបានលើកឡើងពីចំណុចខ្លាំងរបស់ក្រុមនេះថា កីឡាករភាគច្រើនចេះលេងបាល់ មានបទពិសោធន៍យូរឆ្នាំ និងជាអតីតកីឡាករជម្រើសខេត្តដែលមានសមត្ថភាព ជាក់ស្ដែងតាំងពីតំបន់ការពារនិងបម្រើ ពោលគឺរំខានកូនក្រុមលោក្យពិបាកគ្រប់គ្រងបាល់លើទីលាន។ រីឯតំបន់ប្រយុទ្ធថ្វីបើកីឡាករមានវ័យចាស់ៗដែលសុទ្ធតែជាថ្នាក់ដឹកនាំ ប៉ុន្តែកីឡាករអាចស៊ុតបញ្ចូលទីដោយបច្ចេកទេសល្អៗ។

លោកគ្រូ ឈិន ឈឿន
ក្រុមបាល់ទាត់ Cambodia Football Super Stars

ដោយឡែកលោកគ្រូជំនួយនៅក្លឹបបាល់ទាត់ TIFFY ARMY ក៏បានសរសើរក្រុមខ្លួនដូចគ្នាថា បានប្រឹងប្រែងលេងដោយស្មារតីក្រុម ប្រឹងអស់កម្លាំងកាយចិត្ត បើទោះមានចំណុចខ្វះខាតបន្តិចបន្តួចក្ដី។ សម្រាប់ចំណុចខ្វះខាតលោកយល់ឃើញថាកូនក្រុមលោកនៅមិនទាន់យល់ពីការលេង ហើយការកែប្រែខ្សែបម្រើនិងប្រយុទ្ធមកលេងការពារ ដោយសារក្រុមខ្វះធន់ធានកីឡាករ ដូច្នេះត្រូវសម្រេចចិត្តកែប្រែភ្លាមៗតែម្ដង។

រូបភាព៖ KT Photography

ការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ និងសប្បុរសធម៌ក្រោមម្លប់សន្តិភាព រវាងក្រុមបាល់ទាត់ថ្នាក់ដឹកនាំខេត្តស្វាយរៀងនិងក្រុមបាល់ទាត់ Cambodia Football Super Stars នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមបាល់ទាត់ថ្នាក់ដឹកនាំខេត្ត បានយកឈ្នះក្រុមសិល្បៈករក្នុងលទ្ធផល ២-១។ គ្រាប់បាល់ទីមួយរបស់ពួកគេ ស៊ុតដោយកីឡាករលេខ២៨ ភោគ សីហា និងបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រដ៏ល្អមួយគ្រាប់ទៀតដោយខ្សែប្រយុទ្ធម្ចាស់អាវលេខ៩ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅតង់ទី១។ ចំណែកគ្រាប់បាល់របស់ក្រុម Cambodia Football Super Stars រកបានដោយខ្សែប្រយុទ្ធនិងប្រធានក្រុម ខេម ពីការលើកបាល់ជ្រុងចូលទីតែម្ដងនៅតង់ទី២។

គួរបញ្ជាក់ថា នេះជាការប្រកួតសប្បុរសធម៌លើកទីពីរហើយរបស់ Cambodia Football Super Stars ខណៈលើកទីមួយរបស់ពួកគេធ្វើឡើងនៅកីឡដ្ឋាន អាយ អេស អាយ ដង្កោសែនជ័យជាមួយក្រុម Vloggers All Star ដោយបានយកឈ្នះក្រុម Vloggers ក្នុងលទ្ធផល ៤-៣ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី