• 2023-10-05 11:16:17
  • បាល់ទាត់

Pep បំបែកកំណត់ត្រា Sir Alex​ ​ក្នុង UCL

  • 2023-10-05 11:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola ក្លាយ​ជា​អ្នក​ចាត់​ការ​លើក​ទី ២ ដែល​មាន​កំណត់​ត្រា​ឈ្នះ​ប្រកួត​ច្រើន​បំផុត​ក្នុង​កម្មវិធី UEFA Champions League។

ការ​ឈ្នះ RB Leipzig កាល​ពី​អាធ្រាត្រ​កន្លង​ទៅ មាន​ន័យ​ថា លោក Pep មាន​កំណត់​ត្រា​ឈ្នះ​ការ​ប្រកួត​ដល់​ទៅ ១០៣ ប្រកួត។ តួ​លេខ​នេះ ធ្វើ​ឲ្យ​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​ មាន​ចំនួន​ប្រកួត​ឈ្នះ​ក្នុង UCL ច្រើន​ជាង​​អតីត​អ្នក​ចាត់​ការ​ក្លឹប Manchester Unitedលោក Sir Alex Ferguson ដែល​មាន​កំណត់ត្រា​ឈ្នះ​ចំនួន ១០២ ប្រកួត។ Sir Alex ធ្លាប់​ដឹក​បិសាច​ក្រហម​រយៈ​ពេល ២៧ ឆ្នាំ ពី​ឆ្នាំង ១៩៨៦ ដល់​ឆ្នាំ ២០១៣។

ទិន្នន័យ​ឈ្នះ​នេះ ធ្វើ​ឲ្យ​លោក Pep ក្លាយ​ជា​អ្នក​ចាត់​ការ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ រឿង​ឈ្នះ​ការ​ប្រកួត​ច្រើន​បំផុត​ក្នុង UCL នៅ​ក្រោម​តែ​លោក Carlo Ancelotti ដែល​មាន​កំណត់​ត្រា​ឈ្នះ​ចំនួន ១០៩ ប្រកួត។

អ្នក​ចាត់​ការ​វ័យ ៥២ ឆ្នាំ លោកPep Guardiola ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​កោត​សរសើរ​ថា ជា​អ្នក​ចាត់​ការ​មួយ​ស្ថិត​ក្នុង​ចំណោម​អ្នក​ចាត់​ការ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ ដោយ​លោក​បាន​ជួយ​ក្រុម​លោក​ឲ្យ​ឈ្នះ​ពាន​ជា​ច្រើន។ តាម​ពិត​ទៅ លោក Pep ទើប​ចាប់​អាជីព​ជា​អ្នក​ចាត់​ការ​ក្លឹប​ទើប​តែ​នៅ​ឆ្នាំ ២០០៧ ទេ ដោយ​កាល​នោះ​លោក​ដឹក​ក្លឹប​យុវជន Barcelona B។ មួយ​ឆ្នាំ​ក្រោយ​មក​ លោក​ក្លាយ​ជា​អ្នក​ចាត់​ការ Barcelona ហើយ​បន្ទាប់​មក​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប Bayern Munich ពី​ឆ្នាំ ២០១៣ ដល់ ២០១៦។ តាំង​ពី​ឆ្នាំ ២០១៦ លោក​គឺ​ជា​អ្នក​ចាត់​ការ​ក្លឹប Manchester City។

ទោះ​ជា​យ៉ាង​ណា ក៏​មាន​ដែរ​មជ្ឈដ្ឋាន​ទិតៀន​លោក Pep ដោយ​តែង​មាន​ការ​លើក​ឡើង​ជា​រឿយៗ​ថា លោក Pep ចូល​ចិត្ត​តែ​ដឹក​នាំ​ក្លឹប​ដែល​មាន​ធនធាន​មហា​សាល និង​មាន​កីឡាករ​ល្អៗ​ច្រើន​ចាំ​ជួយ​លោក៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់