• 2023-07-07 13:47:14
  • បាល់ទាត់

Real ត្រៀម​ទទួល Mbappe បើ​ចេញ​ពី PSG

  • 2023-07-07 13:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid ត្រូវ​បាន​រាយការណ៍​ថា​បាន​ និង​កំពុង​ត្រៀម​ទទួល​ខ្សែ​ប្រយុទ្ធ Kylian Mbappe ក្នុង​ករណី​បើ​កីឡាករ​សម្រេច​ចេញ​ពី​ក្លឹប PSG។

យោង​តាម Goal ក្លឹប Real Madrid បាន​ត្រៀម​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ដែល​នៅ​តែ​រង់​ចាំ​ហត្ថលេខា​របស់ Mbappe ប៉ុណ្ណោះ។ ក្នុង​កុងត្រា​ដែល​គ្រោង​នោះ Real តៀម​នឹង​ឲ្យ Mbappe នូវ​ប្រាក់​ឈ្នួល​ដល់​ទៅ ៥០ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ដែល​ជាទំហំ​ទឹក​ប្រាក់​មួយ​យ៉ាង​ច្រើន។

Real មាន​គម្រោង​ចង់​បាន Mbappe នា​រដូវ​កាល​ក្រោយ​ដោយ​មិន​អស់​ថ្លៃ​ផ្ទេរ​អ្វី​ទាំង​អស់ ព្រោះ​កុងត្រា​នៅ PSG របស់​កីឡាករ​បារាំង​នឹង​ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ។ ទោះ​ជា​យ៉ាង​ណា បើ Mbappe ចង់​ចេញ​ពី PSG ក្នុង​រដូវ​កាល​នេះ ក្លឹប​យក្ស​អេស្ប៉ាញ​នឹង​ត្រៀម​បើក​ការ​ចរចា​តម្លៃ​ផ្ទេរ​ជាមួយ​ក្លឹប​យក្ស​បារាំង។

ទោះ​ជា​យ៉ាង​ណា PSG បាន​និយាយ​ច្បាស់ៗ​ហើយ​ថា បើ​ក្លឹប​ណា​ចង់​ផ្ទេរ​យក​ Mbappe ក្នុង​ទី​ផ្សារ​ក្ដៅ​នេះ ត្រូវ​តែ​ហ៊ាន​ឲ្យ​ថ្លៃ​ផ្ទេរ ២០០ លាន​អឺរ៉ូ ទើប​និយាយ​ចរចា​គ្នា​បាន។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក្លឹប PSG ត្រូវ​បាន​មើល​ឃើញ​ថា បាន​ព្រមាន Mbappe ថា​ត្រូវ​តែ​រើស​ក្នុង​ការ​ផ្ទេរ​ចេញ​ក្នុង​រដូវ​កាល​នេះ ឬ​ចុះ​កុងត្រា​ថ្មី ព្រោះ​ PSG នឹង​មិន​ទទួល​យក​បាន​ឡើយ​ចំពោះ​សេណារីយ៉ូ​ដែល Mbappe ចេញ​ទៅ​ក្លឹប​ផ្សេង​ដោយ​ PSG មិន​ទទួល​បាន​កម្រៃ​ផ្ទេរ​អ្វី​សោះ​នៅ​ឆ្នាំ​ក្រោយ។

កាល​ពី​ខែ​មុន ខ្សែ​ប្រយុទ្ធ​វ័យ ២៤ ឆ្នាំ Mbappe បាន​សម្រេច​ចិត្ត​មិន​បន្ត​រយៈ​ពេល​កុងត្រា​ជាមួយ PSG ដែល​ធ្វើ​ឲ្យ​ស្ថានភាព​កុងត្រា​របស់​កីឡាករ​រូប​នេះ មាន​សុពលភាព​ត្រឹម​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ។ ការណ៍​នេះ​បាន​ដាក់​សម្ពាធ​ឲ្យ​ក្លឹប​ក្នុង​ការ​ផ្ទេរ Mbappe ចេញ បើ​ចង់​បាន​ប្រាក់​ផ្ទេរ។

Mbappe គឺ​ជា​កីឡាករ​ល្អ​របស់​ PSG ហើយ​មក​ចូល​រួម​ជាមួយ​ក្លឹប​តាំង​ពី​ឆ្នាំ ២០១៧ មក ហើយ​លេង​សរុប​ឲ្យ​ក្លឹប ២៦០ ប្រកួត និង​ស៊ុត​ចូល ២១២ គ្រាប់។

ការ​ពេញ​ចិត្ត​របស់ Real Madrid មក​លើ Mbappe មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ Real ចង់​បាន Mbappe ជា​យូរ​ឆ្នាំ​ហើយ។ ជា​ពិសេស ឆ្នាំ​២០២១ Real ហ៊ាន​ដេញ​ថ្លៃ​ជាង ១៦០ លានអឺរ៉ូ​ក្នុង​ផ្ទេរ​យក Mbappe តែ PSG បដិសេធ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់