• 2023-06-27 10:56:53
  • បាល់ទាត់

Liverpool ចង់ទិញ​យក Mbappe ក្នុង​តម្លៃ​មួយ​ដ៏​ថ្លៃ​បំផុត

  • 2023-06-27 10:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្ស​ក្រហម Liverpool មាន​ចេតនា​ក្នុង​ការ​ផ្ទេរយក​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ក្នុង​តម្លៃ​កំណត់​ត្រា​ថ្លៃ​បំផុត។ នេះ​បើ​តាម​ការ​អះអាង​របស់​ភ្នាក់​ងារ FIFA ម្នាក់​ឈ្មោះ Marco Kirdemir។

លោក Kirdemir បាន​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ Marca ថា Liverpool កំពុង​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​ Real Madrid ដើម្បី​ដណ្ដើម​យក​ខ្សែ​ប្រយុទ្ធ Kylian Mbappe។ តម្លៃ​ផ្ទេរ​នោះ​គឺ​ប្រមាណ ៣០០ លាន​អឺរ៉ូ (ប្រមាណ ៣៣០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក)។

បើ​សិន​ការ​អះអាង​នេះ​ជា​ការ​ពិត ហើយ​បើ​ការ​ផ្ទេរ​នេះ​អាច​ត្រូវ​បាន​ធ្វើ​ឡើង Mbappe នឹង​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ បច្ចុប្បន្ន​កំណត់​ត្រា​នេះ​ស្ថិត​នៅ​ក្នុង​ដៃ Neymar Jr ដែល​កាល​ពី​ឆ្នាំ ២០១៧ PSG បាន​សម្រេច​ផ្ទេរ​កីឡាករ​ប្រេស៊ីល​រូប​នេះ ពី​ក្លឹប Barcelona ក្នុង​តម្លៃ​ដល់​ទៅ​ប្រមាណ ២២០ លាន​អឺរ៉ូ។

សេចក្ដី​រាយការណ៍​នេះ​ធ្វើ​ឡើង​ក្រោយ​ Mbappe សម្រេច​មិន​បន្ត​កុង​ត្រា​ជាមួយ PSG។ នេះ​មាន​ន័យ​ថា កុងត្រា Mbappe នឹង​ផុត​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ ដែល​តម្រូវ​ធ្វើ​ឲ្យ PSG ត្រូវ​តែ​ផ្ទេរ​ Mbappe ចេញ​ក្នុង​ទីផ្សារ​ដោះ​ដូរ​នេះ។ បើ​មិន​ដូច្នោះ​ទេ PSG នឹង​បាត់​បង់​ Mbappe ដោយ​មិន​ទទួល​បាន​ប្រាក់​ផ្ទេរ​អ្វី​ទាំង​អស់​នា​រដូវ​កាល​ក្រោយ។

Mbappe ជា​កីឡាករ​ល្អ​របស់ PSG។ តាំង​ពី​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧ មក កីឡាករ​លេង​សរុប ២៦០ ប្រកួត និង​ស៊ុត​ចូល ២១២ គ្រាប់៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់