• 2023-03-20 07:34:02
  • បាល់ទាត់

ក្រុម​បាល់ទាត់​ក្រសួង​សាធារណការ សងសឹក ក្រុម​បាល់​ទាត់​ក្រសួង​សុខាភិបាលបាន​សម្រេច

  • 2023-03-20 07:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ទីបំផុត​ក្រុមបាល់ទាត់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានយកលើ​ក្រុមបាល់ទាត់​ក្រសួងសុខាភិបាល​ក្នុង​លទ្ធផល​៤-៣ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​​ក្លាយជា​ម្ចាស់​ជើងឯក​បាល់ទាត់​ពានរង្វាន់​អន្តរក្រសួង​ស្ថាប័ន​ឆ្នាំ​២០២២-២០២៣​។​

ជាមួយ​លទ្ធផល​នេះ ក្រសួង​សាធារណការ ក៏​អាច​សងសឹង​បាន​សម្រេច​ផង​ដែរ​ ក្រោយ​បរាជ័យ​ម្ដង​ទល់​នឹងក្រុម​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ស្វិតស្វាញ​មួួយ​នេះ កាល​ពី​៥ឆ្នាំ​មុន។ និយាយ​ពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី ១៨ មីនា ក្រុម​ក្រសួង​សុខាភិបាល បាន​ព្យាយាម​វាយ​សម្រុក លើ​ក្រុម​របស់​ក្រសួង​សាធារណការ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​បាន។ ផ្ទុយ​ទៅ​វិញ ត្រូវ​ក្រុម​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជ​នរក​បាន​គ្រាប់​បាល់​នាំមុខ ២ ទល់ ០ មុន ក្រសួង​តាម​បាន ១គ្រាប់​វិញ​។

យ៉ាង​ណា មុន​ចប់​តង់​ទី១ ក្រុម​ក្រសួង​សាធារណការ បាន​រក​បាន​គ្រាប់​ទី​៣។ ជាលទ្ធផល​ចប់​តង់​ទី ១ ក្រសួង​សាធារណការ​នាំ​មុខ ៣ ទល់ ១។ លុះ​ចូល​ដល់​តង់​ទី​២ ក្រុម​ក្រសួងសុខាភិបាល​រកបាន​២​គ្រាប់ ខណៈ​ក្រុម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន រកបាន​១​គ្រាប់។ ចប់​ការប្រកួត​ក្រុម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​អន្តរ​ក្រ​សូ​ង​-​ស្ថាប័ន​ប្រចាំឆ្នាំ​២០២២-២០២៣ ឯក្រុម​ក្រសួងសុខាភិបាល​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​លេខ​២ ។

ក្នុង​ពាន​តែ​មួយ​នេះ​ដែរ ក្រុម​ក្រសួង​សង្គមកិច្ច ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ ក្រោយ​បាន​យកឈ្នះ​លើ​ក្រុម​ក្រសួងបរិស្ថាន​ ក្នុង​លទ្ធផល ២-០​។

នេះ​ជា​ឆ្នាំ​ទី ៨ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពានរង្វាន់​អន្តរក្រសួង​ស្ថាប័ន។ តាម​ឯកឧត្តម សុខ សប្បាយណា ប្រធាន​គណៈកម្មាធិការ​កីឡាបាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង ស្ថាប័ន បាន​ឲ្យ​ដឹង​ថា ពាន​រង្វាន់​នេះ បាន​ចាប់​ដំណើរ​ដំបូង​នៅ​ឆ្នាំ ២០១៣។ កាល​នោះ មាន​ក្រុម​បាល់ទាត់​ត្រឹម​តែ ៩ក្រុម​ប៉ុណ្ណោះ​បាន​ចូល​រួម ប៉ុន្តែ​មក​ដល់​ឆ្នាំ​នេះ មាន​ក្រុម​បាល់​ទាត់​ដល់​ទៅ ៣០ក្រុម និង​មាន​កីឡាករ ៧៥០នាក់​បាន​ចូល​រួម។

នេះ​បង្ហាញ​ពី​ការ​រីកចម្រើន​នៃ​កីឡា​បាល់ទាត់​ក្នុង​ពាន​រង្វាន់​មួយ​នេះ។ យ៉ាង​ណា ឯកឧត្តម សុខ សប្បាយណា សង្ឃឹម​ថា នៅ​ឆ្នាំ​បន្ទាប់ នឹង​អាច​មាន​ក្រុម​បាល់ទាត់ ៣២ ក្រុម​នឹង​ចូល​រួម សម្រាប់​ការ​បែកចែក​ពូល​ជា ៨ តាម​ស្តង់​ដារ។

រូបភាព៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

វិល​មក​ការ​ប្រកួត​ក្នុង​ឆ្នាំ​ទី ៨ នេះ​វិញ បាន​បើក​ការ​ប្រកួត​តាំងពី​ថ្ងៃ​ទី​២៥ ខែធ្នូ​ឆ្នាំ​២០២២ មក​ម្ល៉េះ និង​ទើប​តែ​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ​១ លេខ ២ និង​លេខ​៣ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមីនា​ឆ្នាំ​២០២៣​សប្ដាហ៍​មុន​នេះ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី