• 2023-01-08 03:34:09
  • បាល់ទាត់

ពាន Soccer League ​បើក​ការ​ប្រកួត​រដូវ​កាល​ទី​៦ ជាមួយ​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ​

  • 2023-01-08 03:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Soccer League ​រដូវ​កាល​ទី​៦​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវការ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ​នៅ​កីឡដ្ឋាន RSN ​របស់​ក្លឹប​ភ្នំពេញ​ក្រោន។

​លោក ខៀវ ភារិទ្ធ ​ប្រធានគណៈកម្មការប្រត្តិបត្តិរៀបចំការ​ប្រកួតពានរង្វាន់​ Soccer League បាន​បង្ហាញ​ថា សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ Soccer League 2023​ នឹងមានការប្រកួតនៅ ៩​ទីលាន​ក្នុង​រាជធានីភ្នំពេញ​ ដើម្បីរៀបចំការប្រជែងដណ្តើមពានរង្វាន់ដែលមានប្រមាណ ៧៤ក្រុម ដោយ​មានក្រុមបុរស ៦៤​ក្រុម​បូក​រួម​ទាំង​ក្រុម​នារី ​១០​ក្រុមមាន​។ ​ការ​ប្រកួត​ពាន​រង្វាន់​នេះ​ដែរ​ក៏​ជា​ចំណែក​មួយ​ដើម្បី​លើក​ស្ទូយ​វិស័យ​កីឡា​នៅ​កម្ពុជា​ផង​ដែរ។

​ក្នុង​ឱកាស​បើក​ការ​ប្រកួត​នោះ​ដែរ ​ឯកឧត្តម ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​អះអាង​ថា​ពាន​រង្វាន់ Soccer League ​នេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កម្ពុជា​លើ​វិស័យ​កីឡា​បាល់ទាត់​នេះ។ ​ឯកឧត្តម ជឿ​ជាក់​ថា​ការ​ប្រកួត​ពាន​រង្វាន់​ដែល​មាន​ក្រុម​ចូល​រួម​យ៉ាង​ច្រើន​នេះ​នឹង​ជំរុញ​ក៏​ដូចជា​ស្វែង​រក​បាន​កីឡាករ កីឡាកា​រិនី​ឆ្នើម​ៗ​ជា​ច្រើន​ឱ្យ​កម្ពុជា​មិន​ខាន។

​ដោយ​ឡែក​សម្រាប់​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិញ ​ក៏​បាន​អះអាង​ដែរ​ថា​ពាន​រង្វាន់ Soccer League ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​រឹត​ចំណង​សាមគ្គីភាព​រវាង​គ្នា​នឹង​គ្នា ​ក៏​ដូចជា​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់​ផង​ដែរ។ ​Soccer League ​ជា​ការ​ប្រកួត​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទាំង​គុណភាព ​និង​បរិមាណ។ ​ជា​រៀងរាល់​ឆ្នាំ ​ការ​ប្រកួត​ពាន​រង្វាន់​នេះ​តែងតែ​ទទួល​បាន​ការ​ចុះ​ឈ្មោះ​ចូល​រួម​កើន​ឡើង​ជា​និច្ច។ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០២៣​នេះ ​មាន​ដល់​ទៅ​៧៤​ក្រុម​ឯណោះ ​ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នៅ​រដូវ​កាល​នេះ​មាន​ក្រុម​បាល់ទាត់​នារី​ជា​លើក​ដំបូង​ផង​ដែរ។

សម្រាប់​ប្រាក់​រង្វាន់​នៃ​ពាន​រង្វាន់​មួយ​នេះ​ត្រូវ​បាន​បែងចែក​ជា​២​ផ្នែក​បុរស​និង​ស្ត្រី​ដូច​ខាង​ក្រោម៖

ផ្នែក​បាល់ទាត់​បុរស៖

  • អ្នក​លេខ​១ ​បាន​ពាន​១ ​មេដាយ​មាស​២៥ ​និង​ប្រាក់​រង្វាន់ ២៥​លាន​រៀល
  • អ្នក​លេខ​២ ​បាន​មេដាយ​ប្រាក់​២៥ ​និង​ប្រាក់​រង្វាន់​១០​លាន​រៀល
  • អ្នក​លេខ​៣ ​ទទួល​បាន​មេដាយ​សំរឹទ្ធ​២៥ ​និង​ប្រាក់​រង្វាន់​៥​លាន​រៀល
  • ​ក្រុម Fair Play ​ទទួល​បាន​ប្រាក់ ​២​លាន​រៀល
  • ​​ក្រុម​អាជ្ញាកណ្ដាល​ល្អ ​ទទួល​បាន​ប្រាក់ ១,៥​លាន​រៀល​
  • ​កីឡាករ​ទាត់​ចូល​ច្រើន​ជាង​គេ ​ទទួល​បាន​ប្រាក់​រង្វាន់ ​១,៥​លាន​រៀល
  • អ្នក​ចាំទី​ល្អ​ជាង​គេ ​ទទួល​បាន​ប្រាក់​រង្វាន់ ១,៥​លាន​រៀល​
  • គ្រូ​បង្វឹក​ល្អ ​ទទួល​បាន​ប្រាក់​រង្វាន់ ១,៥​លាន​រៀល​

សម្រាប់​ខាង​ផ្នែក​ស្ត្រី​វិញ៖

  • អ្នក​លេខ​១ ​បាន​ពាន​១ ​មេដាយ​មាស​២៥ ​និង​ប្រាក់​រង្វាន់ ១០​លាន​រៀល
  • អ្នក​លេខ​២ ​បាន​មេដាយ​ប្រាក់​២៥ ​និង​ប្រាក់​រង្វាន់​៥​លាន​រៀល
  • អ្នក​លេខ​៣ ​ទទួល​បាន​មេដាយ​សំរឹទ្ធ​២៥ ​និង​ប្រាក់​រង្វាន់​៣​លាន​រៀល

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់