• 2022-12-18 03:49:55
  • បាល់ទាត់

បារាំង​អាច​ការពារ​តំណែង​ជើង​ឯក ឬ Messi ស្គាល់​ពាន World Cup ជា​លើក​ដំបូងយប់​នេះ?

  • 2022-12-18 03:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​​បារាំង​​នឹង​ត្រូវ​​ការពារ​តំណែង​ជើងឯក World Cup របស់​ខ្លួន​ទល់​នឹង​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​រាត្រី​នេះ​ម៉ោង​១០:០០​​នាទី ដែល​ការ​ប្រកួត​នឹង​លេង​ក្នុង​កីឡដ្ឋាន Lusail នៃ​ប្រទេស​កាតា។

ប្រវត្តិ​ជួប​គ្នា

បារាំង​និង​អាហ្សង់ទីន​​មាន​ប្រវត្តិ​ប៉ះ​គ្នា​៥​ដង ក្នុង​នោះ​​ក្រុម​រហស្សនាម​មាន់​គក​​ធ្លាប់​ឈ្នះ​តែ​ម្ដង​គត់​​កាល​ពី World Cup ឆ្នាំ​២០១៨​ក្នុង​ប្រទេស​រុស្សី​​ទម្លាក់​​ក្រុម​​ពី​អាមេរិកខាងត្បូង​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ខាង​ក្រោម​ជា​លទ្ធផល​៥​ប្រកួត​របស់​ពួក​គេ៖

  • បារាំង ៤-៣ អាហ្សង់ទីន (២០១៨)
  • បារាំង ០-២ អាហ្សង់ទីន (២០០៩)
  • បារាំង ០-១ អាហ្សង់ទីន (២០០៧)
  • អាហ្សង់ទីន ២-១ បារាំង (១៩៧៨)
  • អាហ្សង់ទីន ១-០ បារាំង (១៩៣០)

ប្រវត្តិ​ក្នុង World Cup

នេះ​គឺ​ជា​លើក​ទី​៤​ហើយ​ដែល​ជម្រើស​ជាតិ​បារាំង​បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លើក​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៩៨ ដែល​ពេល​នោះ​ពួក​គេ​​បាន​គ្រង់ជើងឯក World Cup លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្រ្ដ​ខ្លួន។ ក្រុម​​មក​ពី​ទ្វីប​អឺរ៉ុប​មួយ​នេះ​​បាន​ក្លាយ​ជា​ជើងឯក​លើក​ទី​២ កាល​ពី​ឆ្នាំ​២០១៨ ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ឈ្នះ​ក្រូអាត ៤-២ និង​ធ្លាប់​រង​ជើង​ឯក​កាល​ពី​ឆ្នាំ​២០០៦។

ចំណែក​អាហ្សង់ទីន​វិញ ជា​ការ​ឡើង​មក​ដល់​វគ្គ​​ផ្ដាច់ព្រ័ត្រ​លើក​ទី​៦​របស់​ខ្លួន។ ពួក​គេ​ធ្លាប់​ឈ្នះ​ពាន World Cup ២​ដង​ដូច​គ្នា​ជាមួយ​បារាំង​ដែរ​​កាល​ពី​ឆ្នាំ​១៩៧៨​និង​១៩៨៦។ ២០២២ ជា​ឱកាស​ចុងក្រោយ​​សម្រាប់​ Lionel Messi ក្នុង​ការ​ស្គាល់​រសជាតិ​ពាន World Cup ក្រោយ​ធ្លាប់​ខកខាន​​កាល​ពី​ឆ្នាំ​២០១៤ អាហ្សង់ទីន​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ចាញ់​ជម្រើសជាតិ​អាល្លឺម៉ង់។

ជម្រើស​១១​នាក់​របស់​​ក្រុម​ទាំង​ពីរ

  • បារាំង៖ 1. Lloris (GK) — 5. Kounde, 4. Varane, 18. Upamecano, 22. T. Hernandez — 8. Tchouameni, 7. Griezmann, 14. Rabiot — 11. Dembele, 9. Giroud, 10. Mbappe.

  • អាហ្សង់ទីន៖ 23. E. Martinez (GK) — 26. Molina, 13. Romero, 19. Otamendi, 8. Acuna — 5. Paredes, 7. De Paul, 24. Fernandez, 20. Mac Allister  — 10. Messi, 9. Alvarez

មតិ​អេដមីន អាហ្សង់ទីន ៣-២ បារាំង

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី