• 2022-07-28 02:18:55
  • កីឡា​ផ្សេង​ៗ

ឱកាស​មក​ដល់​ហើយ​! ​នឹង​អាច​​ក្លាយ​ជា​កីឡាករ​​តំណាង​ក្លឹប​​នេះ​បើ​ឈ្នះ​ពាន King Snooker Cup 2022 ​​

  • 2022-07-28 02:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​ស្នូកឃ័រ ​និង​ប៊ីយ៉ា​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ ​គឺ​កម្មវិធី​ប្រកួត King Snooker Cup 2022 ​ដែល​បាន​បើក​ឲ្យ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ ហើយ​អ្នក​ដែល​ឈ្នះ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ឱកាស​ដ៏​ពិសេស​ នឹង​បាន​ក្លាយ​ជា​កីឡាករ​​តំណាង​​ឲ្យ​ក្លឹប King Snooker Club ព្រម​ទាំង​អាច​មាន​ឱកាស​​ចូល​រួម​ប្រកួត​ប្រជែង​តំណែង​កីឡាករ​ជម្រើសជាតិ​ថែម​ទៀត​ផង​។

​​​​​​ពាន​រង្វាន់​ខាង​លើ នឹង​បិទ​ឈប់​ទទួល​ពាក្យ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២២ ហើយ​កម្មវិធី​ប្រកួត​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ថ្ងៃ​ទី​៨ ខែ​សីហា តទៅ​ ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ការ​​​បែង​ចែក​ពូល ហើយ​ក្រុម​ខ្លាំង​នៅ​តាម​ពូល​នីមួយ​ៗ នឹង​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​ៗ​។ រហូត​មក​ដល់​ពេល​នេះ​លោក​ ម៉ារ៉ា សុជាតិ ហៅ​ មួន​ ម៉ារ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ស្នូកឃ័រ​មិន​​​ទាន់​បាន​កំណត់​ចំនួន​កីឡាករ​​ចូល​រួម​ប្រកួត​ទេ ប៉ុន្តែ​លោក​​​បើក​ចំហ​ឲ្យ​មាន​ការ​ចូល​រួម​ព្រម​ទាំង​លើក​ទឹក​ចិត្ត​​ដល់​ប្អូន​ៗ​ចូល​រួម​ឲ្យ​បាន​ច្រើន​ ដើម្បី​ជា​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាព​ពង្រឹង​នៃ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​ខ្លាំង​ក្នុង​តំបន់​ ពិសេស​ក៏​ដើម្បី​ពង្រឹង​ក្នុង​ទិសដៅ​ស៊ីហ្គេម​ឆ្នាំ​២០២៣​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

​អគ្គលេខាធិការ​ដដែល​បន្ថែម​ថា ប្អូនៗ​​ចូល​រួម​កុំ​បារម្ភ​ក្នុង​ការ​​ប្រកួត​អ្វី​​ទាំង​អស់​ ​សូម្បី​កីឡាករ​ជម្រើស​ជាតិ​នា​ពេល​បច្ចុប្បន្ន​លោក​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រកួត​ទេ ដើម្បី​​កុំ​ឲ្យ​កីឡាករ​ដែល​មាន​សមត្ថភាព​មិន​ទាន់​ខ្លាំង​មាន​ភាព​បារម្ភ​ក្នុង​ការ​ចូល​រួម​។ ព្រឹត្តិការណ៍​នេះ​មាន​​ភាព​ចំណេញ​ច្រើន​ដល់​ប្អូន​ៗ​ដែល​ចូល​រួម ប្រសិន​បើ​ឈ្នះ​ពាន​រង្វាន់​លេខ​១​​ លេខ​២ ឬ​លេខ​៣ ទទួល​​បាន​ប្រាក់​ឧបត្ថម្ភ​ហើយ ទទួល​បាន​​​រង្វាន់​ផ្សេងៗ​យ៉ាង​ច្រើន ​ព្រម​ទាំង​ពិសេស​បាន​​ក្លាយ​ជា​កីឡាករ​តំណាង​ឲ្យ​ក្លឹប King Snooker Club និង​កាន់​តែ​ពិសេស​​ នៅ​ពេល​សហព័ន្ធ​​មាន​ការ​ប្រកួត​ជម្រុះ​ជ្រើស​រើស​កីឡាករ​ជម្រើសជាតិ​ទៀត​នោះ នឹង​មាន​មុខ​​ទៅ​ប្រកួត​ដែរ​។

​ជា​មួយ​គ្នា​នោះ​លោក ហ៊ុល សារ៉ាវុធ ​អ្នក​តំណាង​ឲ្យ​ក្លឹប King Snooker ក៏​បាន​លើក​ឡើង​​ដែរ​ថា លោក​ពិត​ជា​មាន​ភាព​រីករាយ​ក្នុង​ការ​បើក​ឲ្យ​មាន​ការ​ប្រកួត​បែប​នេះ​ក្នុង​ក្លឹប​របស់​លោក ហើយ​លោក​នឹង​ប្រឹងប្រែង​រៀបចំ​ឲ្យ​បាន​ល្អ​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក​ក៏​បាន​បើក​ចំហ​ឲ្យ​ក្មេង​ៗ​ដែល​ចង់​ហាត់​រៀន​ក្នុង​វិស័យ​កីឡា​នេះ​អាច​ទៅ​ចុះ​ឈ្មោះ​នៅ​ក្លឹប​របស់​លោក​បាន ដោយ​​​​ក្លឹប​របស់​លោក​​មាន​គ្រូ​បង្ហាត់​ល្អៗ ពិសេស​​មាន​តម្លៃ​ថោក​សមរម្យ​ថែម​ទៀត​ផង​។

សម្រាប់​ពាក្យ​ចូល​រួម​ប្រកួត​ពាន King Snooker Cup 2022 ​​ប្អូន​ៗ​ចង់​ចូល​រួម​អាច​​ទៅ​យក​បាន​នៅ​ទីតាំង​ ក្លឹប​ស្នុក​ឃ័រ King Snooker Club ៕​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់