• 2022-07-07 03:23:02
  • បាល់ទាត់

ទប់​លែង​ជាប់ ពេល​នេះ United ចង់​លក់ Ronaldo ចោល

  • 2022-07-07 03:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ត្រូវ​បាន​រាយការណ៍​ត​ថា ពួក​​គេ​នឹង​​សម្រេច​ចិត្ត​លក់ Cristiano Ronaldo ចោល​​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​នេះ។

Ronaldo បាន​ផ្ដល់​ដំណឹង​ទៅ​កាន់ United ច្បាស់​ៗ​ដោយ​ គេ​ចង់​ចាកចេញ​ពី​​​ទឹក​ដី Old Trafford ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​កាល​ពី​ម្សិលមិញ​ គេ​បាន​ខកខាន​​មក​ហ្វឹកហាត់​​ជា​មួយក្រុម​៣​ថ្ងៃ​ជាប់​គ្នា។ បើ​តាម​ប្រភព​ពី The Sun បញ្ជាក់​ថា បិសាច​ក្រហម​ពេល​នេះ​បាន​សម្រេច​ចិត្ត​ចង់​លក់ Ronaldo ចោល​​តែ​ម្ដង។

កន្លង​ទៅ United បាន​ប្រកាន់​គោលជំហរ​ថា Ronaldo នៅ​តែ​បន្ត​នៅ​ជាមួយ​ក្លឹប បន្ទាប់​​ចំណាយ​ពេល​មួយ​រដូវ​កាល​រក​បាន​២៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៨​ប្រកួត​គិត​​គ្រប់​កម្មវិធី។ យ៉ាងណាក្ដី ពេល​នេះ Man Utd គិត​ថា​មិន​អាច​រក្សា​ទុក​និង​ប្រឆាំង​ទល់​នឹង​បំណង​របស់ Ronaldo បាន​ឡើយ ខណៈ​ក្លឹប​ចង់​រៀបចំ​​ពង្រឹង​ក្រុម​ឡើង​វិញ ក្រោយ​​រដូវ​កាល​មុន​បង្ហាញ​ទម្រង់​លេង​មិន​ល្អ។

ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester ពេល​នេះ​នៅតែ​ស្រពិចស្រពិល​ថា​តើ Ronaldo អាច​ធ្វើ​ដំណើរ​ជាមួយ​ពួក​គេ​ដើម្បី​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវ​កាល​​នៅ​ឯ​អាស៊ី​និង​អូស្ត្រាលី​បាន​ឬ​យ៉ាង​ណា។ ​កាល​ពី​ចុង​សប្ដាហ៍ កីឡាករ​វ័យ​៣៧​ឆ្នាំ​​​​បាន​ប្រាប់​ United ថា គេ​ចង់​ចេញ​ពី​ក្លឹប ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ក៏​មិន​បាន​មក​ហ្វឹកហាត់​​ជាមួយ​ក្រុម ដោយ​សារ​​ហេតុផល​គ្រួសារ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់