• 2022-07-05 13:32:12
  • បាល់ទាត់

ថ្ងៃ​ស្អែក​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នឹង​ជួប​ជា​មួយ​ប្រតិភូ​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​ មុន​ចេញ​ទៅ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី

  • 2022-07-05 13:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ជួប​សំណេះសំណាល​នៅ​ថ្ងៃ​ពុធ​ ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​ ស្អែក​នេះ​ ជា​មួយ​ប្រតិភូ​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​ មុន​នឹង​ពួក​គេ​ចេញ​ដំណើរ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន​ ឬ​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ នៅ​ទី​ក្រុង​សូឡូ​ ប្រទេស​ឥណ្ឌូនេស៊ី​ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​។

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី១១​នេះ​ កម្ពុជា​បញ្ជូន​ប្រតិភូ​កីឡា​ចូល​រួម​សរុប​ ១១៦​នាក់​។ ក្នុង​នោះ​មាន​អត្តពលិក​ ១១៥នាក់​ និង​ប្រតិភូ​កីឡា​ គ្រូ​បង្វឹក​ គ្រូ​ជំនួយ​ចំនួន​ ៣៩​នាក់​ មន្ត្រី​បច្ចេកទេស​ចំនួន​ ៧នាក់​ និង​ប្រតិ​ភូ​ជាតិ​ចំនួន​ ៥​នាក់​។

កម្ពុជា​បញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។

ការ​ប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើក រួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ ដោយឡែកការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមនឹង​ធ្វើ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ ឆ្នាំ​២០២២ខាង​មុខនេះ​៕

ប្រភពអត្ថបទ និង​រូបភាព៖ Samdech Hun Sen, Cambodian Prime Minister

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់