• 2022-06-21 02:08:43
  • បាល់ទាត់

​ឡុង ភារ៉ាត់ កីឡាករ​លេចធ្លោ​នៅ AFC ASEAN CUP ​មាន​ដុង​​លេង​បាល់​តាំង​​​អាយុ​៧​ឆ្នាំ

  • 2022-06-21 02:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡុង ភារ៉ាត់ ​ជា​កីឡាករ​ដែល​មាន​ដុង​តាំង​ពី​ក្មេង​អាយុ​៧​ឆ្នាំ ផ្ដើម​ចេញ​ពី​ការ​ចូល​លេង​ឲ្យ​សាលា​​នៅ​ខេត្ត​ព្រះសីហនុ​។

​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​​​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​​៧ ខែ​មករា ឆ្នាំ​១៩៩៨ ​ជា​កូន​អ្នក​កំពង់​សោម ​​មាន​ឪពុក​ឈ្មោះ​ ឡុង ភារម្យ (ស្លាប់​) ម្ដាយ​ឈ្មោះ​ អ៊ឹង ចាន់ថន មុខរបរ​មេផ្ទះ​។ កីឡាករ​រូប​នេះ​មាន​បង​ប្អូន​​៦​នាក់​ ក្នុង​នោះ​មាន​តែ​គេ​ម្នាក់​ប៉ុណ្ណោះ​​ដែល​ជា​អ្នក​លេង​កីឡា​បាល់ទាត់​។

​អតីត​​យុវជន​របស់​ភ្នំពេញ​ក្រោន​​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ការ​ចូល​លេង​បាល់ទាត់់​នេះ​គឺ​ផ្ដើម​ចេញ​ពី​ការ​​ស្រលាញ់​ ដែល​កាល​នៅ​អាយុ​៧ ឆ្នាំ​រូប​គេ​លេង​ឲ្យ​សាលា។ ថ្ងៃ​មួយ​ដែល​​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ជ្រើស​រើស​យុវជន​នៅ​ឆ្នាំ​២០១០ ដែល​ពេល​នេះ​ ភារ៉ាត់ ធ្វើ​តេស្ត​រួ​ច​ហើយ ដល់​ឆ្នាំ​២០១១ ក្លឹប​ក៏​បាន​ចុច​ឈ្មោះ​កោះ​ហៅ​ឲ្យ​ចូល​រួម​ជា​មួយ​ភ្នំពេញ​ក្រោន​។ ចំពោះ​ការ​សិក្សា​វិញ ភារ៉ាត់ ​រៀន​ត្រឹម​ថ្នាក់​ទី​៩ ​នៃ​សាលា​សុវណ្ណភូមិ​នា​ក្រុង​ភ្នំពេញ​។

​​​ជីវប្រវត្តិ​លេង​បាល់ទាត់​​នៅ​ក្លឹប​អាជីព​វិញ ភារ៉ាត់ បាន​ចូល​លេង​ក្លឹប​អាជីព​នៅ​ឆ្នាំ​២០១៦ ដែល​កាល​នោះ​លេង​​ឲ្យ​ក្លឹប​ Western Phnom Penh FC ។ ​ដល់​ឆ្នាំ​២០១៨ ក៏​ផ្ទេរ​ទៅ​​កាន់​ក្លឹប​​សូលទីឡូអង្គរ ដល់​ឆ្នាំ២០១៩ ក៏​ចូល​រួម​ជា​មួយ​ Angkor Tiger លេង​ឲ្យ​ក្លឹប​នេះ​បាន​៣​រដូវ​កាល​ក៏​ផ្ទេរ​មក​កាន់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ នា​រដូវ​កាល​២០២២​។ ​សម្រាប់​ការ​​លេង​ឲ្យ​ជម្រើសជាតិ​វិញ​គឺ​ ភារ៉ាត់ ទើប​តែ​បាន​ជាប់​ជម្រើសជាតិ​ឈុត​ធំ​​​បាន​មួយ​លើក​នៅ​ឆ្នាំ​២០២២ នេះ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​​​ឈុត​យុវជន​វិញ​​កូន​អ្នក​​កំពុង​សោម​ធ្លាប់​ជាប់ U16 ដល់ U 22 ជា​ដើម៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី