• 2022-06-07 03:07:54
  • បាល់ទាត់

​រឿង​៣​យ៉ាង​ដែល​ប្រិយមិត្ត​គួរតែ​ដឹង​ក្នុង​ជំនួប​ កម្ពុជា​ប៉ះ​ឥណ្ឌា​ស្អែក​​​នេះ

  • 2022-06-07 03:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្អែក​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ AFC Asian Cup 2023 Qualifiers Final Round ដែល​ក្រុម​ទាំង​ពីរ​នឹង​ចាប់​ផ្ដើម​កែ​បាល់​លេង​នៅ​ម៉ោង​១០​:០០​នាទី​យប់​ (ម៉ោង​នៅ​កម្ពុជា​) ​នៅ​លើ​ទឹក​ដី​ប្រទេស​ឥណ្ឌា​។ ​​ក្នុង​ជំនួប​ស្អែក​នេះ​គឺ​ជា​ការ​ប្រកួត​​បើក​ឆាក​ក្នុង​វគ្គ​សន្សំ​ពិន្ទុពូល D រវាង​កម្ពុជា និង​ឥណ្ឌា ដែល​ប្រិយមិត្ត​គួរតែ​ដឹង​រឿង​៣​យ៉ាង​នេះ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​។

​១-​ចំណាត់​ថ្នាក់​​ (Ranking ) ៖ ក្រុម​ទាំង​ពីរ​មាន​ចំណាត់​ថ្នាក់​​​ខុស​គ្នា​​​​ច្រើន​គួរសម​ ពោល​គឺ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៧១ ខណៈ​ដែល​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​មាន​ចំណាត់​ថ្នាក់​លេខ​១០៦ នា​ពេល​បច្ចុប្បន្ន​ ដែល​ចំណាត់​ថ្នាក់​របស់​ក្រុម​ឥណ្ឌា​គឺ​ស្ថិត​នៅ​លើ​ក្រុម​ខ្លាំង​កូរ៉េខាងជើង (១០៩) និង​ថៃ (១១១) ។

២-​ប្រវត្តិ​ប៉ះ​គ្នា៖ គិត​ចាប់​ពី​ឆ្នាំ​២០០៧ មក​ដល់​ពេល​នេះ​កម្ពុជា​ធ្លាប់​ប៉ះ​ឥណ្ឌា ​​ចំនួន​២​លើក​ ដោយ​​កាល​ឆ្នាំ​២០០៧ កម្ពុជា​ចាញ់​ឥណ្ឌា ៦-០ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ និង​ប៉ះ​គ្នា​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​ចាញ់​ឥណ្ឌា ៣-២ នៅ​ទឹក​ដី​​ប្រទេស​កម្ពុជា​ក្នុង​ជំនួប​មិត្តភាព​ដូច​គ្នា ដែល​កាល​នោះ​ត្រូវ​បាន​គេ​ចាំ​ថា គឺ ចាន់ វឌ្ឍនាកា និង​ ឃួន ឡាបូរ៉ាវី រក​បាន​ម្នាក់​១​គ្រាប់​ឲ្យ​កម្ពុជា​។

​​​​៣-កីឡាករ​ល្អ​​បំផុត​របស់​ឥណ្ឌា ដែល​ប្រិយមិត្ត​គួរ​តែ​ស្គាល់​៖ Sunil Chhetri ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​ម្នាក់​របស់​ឥណ្ឌា ដែល​​​ធ្លាប់​បាន​បង្ហាញ​ខ្លួន​រហូត​ដល់​ទៅ​១២៦ ដង​រួច​មក​ហើយ​ឲ្យ​ជម្រើសជាតិ ក្នុង​នោះ​គេ​​រក​បាន​រហូត​ដល់​ទៅ​៨០​គ្រាប់​​ឲ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ថែម​ទៀត​ផង​។

​កីឡាករ​រូប​នេះ​មិន​ត្រឹម​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ជម្រើសជាតិ​ឥណ្ឌា ថែម​ទាំង​ជា​កីឡាករ​ឆ្នើម​ក្នុង​ក្រុម Bengaluru ដែល​ជា​ក្រុម​លេង​នៅ​លីគ​កំពូល​ប្រទេស​ឥណ្ឌា​នា​ពេល​បច្ចុប្បន្ន​ ។ ​​​ជាង​នេះ​ទៅទៀត​​អ្វី​ដែល​ធ្វើ​​​មហាជន​ស្គាល់​​កាន់​តែ​ច្បាស់​ គឺ​ឆ្នាំ​២០១៣ ​​រូប​គេ​បាន​ផ្ទេរ​ទៅ​លេង​ដល់​អឺរ៉ុប គឺ​ក្លឹប Sporting Lisbon ​ដែល​កាល​នោះ​គេ​លេង​បាន​៣​ប្រកួត​តែ​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​ក្លឹប Churchill Brothers ​នៃ​លីគ​កំពូល​ប្រទេស​ឥណ្ឌា​ខ្ចី​ជើង​ត្រឡប់​​​មក​កាន់​​ស្រុក​កំណើត​វិញ​។ ​​​​​

Sunil Chhetri

វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​បែងចែក​ជា​​៦​ពូល​​ ដោយ​ដំណើរ​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែ​​មិថុនា ឆ្នាំ ២០២២ ​​ក្រុម​នៅ​តាម​ពូល​នីមួយៗ​នឹង​ធ្វើ​ការ​ប្រកួត​តែ​មួយជើង​ ដោយ​ក្រុម​ដែល​មាន​ពិន្ទុ​លើស​គេ​ចំនួន​១ នឹង​ឡើង​ទៅ​​​ដំណាក់​ផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ ស្រប​ពេល​ក្រុម​លេខ​២ ល្អ​ចំនួន​៥ ក្រុម​ឡើង​ទៅ​កាន់​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ។

​ពាន​រង្វាន់​នេះ​​ក្រុម​ចំនួន​១៣ កំពុង​រង់ចាំ​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​ចិន ស្រប​ពេល​២៤​ ក្រុម​ផ្សេង​ទៀត​ត្រូវ​ធ្វើ​ការ​ប្រកួត​​គ្នា​ ដើម្បី​ស្វែង​រក​ក្រុម​១១​បន្ថែម​ទៀត​ទៅ​បង្គ្រប់​២៤ ក្រុម​ដើម្បី​ប្រកួត​ដំណាក់​​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ចិន​ឆ្នាំ​២០២៣៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី