- 2022-05-30 04:13:55
- បាល់ទាត់
ចាន់ រតនា យកមូលដ្ឋានគ្រឹះនៃគុនខ្មែរចែករំលែកក្នុងព្រឹត្តិការណ៍ខួប ២៥ ឆ្នាំ PSE
- 2022-05-30 04:13:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា យកមូលដ្ឋានគ្រឹះនៃគុនខ្មែរចែករំលែកក្នុងព្រឹត្តិការណ៍ខួប ២៥ ឆ្នាំ PSE
ចន្លោះមិនឃើញ
អ្នកលេងគុនចម្រុះ ចាន់ រតនា បានបង្ហាញខ្លួនក្នុងកម្មវិធី PSE Sport Club 2022 (ព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ) ដែលកម្មវិធីនេះបានបង្កើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅទីលានបាល់ទាត់របស់ PSE ក្នុងនោះអ្នកលេងគុនចម្រុះរបស់កម្ពុជាក៏បានយកមូលដ្ឋានគ្រឹះនៃគុនខ្មែរមកចែករំលែកដល់ក្មេងៗឲ្យបានយល់ដឹង។
កីឡាករគុនខ្មែរដែលធ្លាប់បង្ហាញសមត្ថភាពនៅ ONE Championship រូបនេះបានឲ្យដឹងថា សម្រាប់លោកចូលរួមកម្មវិធីនេះដើម្បីឲ្យក្មេងៗបានយល់ដឹងពីគុនខ្មែរ។ ជាងនេះទៅទៀតក៏បានផ្សព្វផ្សាយពីគុនខ្មែរដល់ក្មេងៗ ដើម្បីអាចជាស្ពានមួយបណ្ដុះគំនិតដល់ក្មេងៗជំនាន់ក្រោយឲ្យស្រលាញ់គុនខ្មែរ។
«សម្រាប់ខ្ញុំ ខ្ញុំមកនេះដើម្បីបង្ហាញពីមូលដ្ឋានគ្រឹះនៃគុនខ្មែរបង ព្រោះថាពេលវេលាខ្លី។ ក្នុងការចូលរួមនេះខ្ញុំគិតថា អាចជួយផ្ដល់នូវចំណេះដឹងផ្នែកគុនខ្មែរដល់ក្មេងៗ ហើយក៏ជួយជាផ្នែកសុខភាពមួយដល់ក្មេងៗផងដែរ។ បើតាមខ្ញុំគិតមើលបើសិនទឹកចិត្តគាត់ស្រលាញ់ ហើយក៏បើសិនតាមចូលចិត្តរបស់គាត់ (ក្មេងៗ) នោះវាអាចបណ្ដុះជាកូនគំនិតមួយដល់គាត់ឲ្យមកលេងគុនខ្មែររបស់យើង»។
ព្រឹត្តិការណ៍ខាងលើបានបង្កើតឡើងជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ហើយក៏ជាការបង្កើតឡើងគម្រប់ខួប២៥ ឆ្នាំរបស់ PSE ។ ទាក់ទងការបង្កើតព្រឹត្តិការណ៍នេះដែរអ្នកស្រី Marie-France des Pallières អ្នកបង្កើតអង្គការនេះឡើងបានឲ្យដឹងដែរថា លោកស្រីពិតជាមានអារម្មណ៍សប្បាយរីករាយក្រៃលែង មួយវិញទៀតអង្គការបានបណ្ដុះកីឡាករកម្ពុជាល្អៗបានមួយចំនួនក្នុងប្រទេសកម្ពុជា។ លោកស្រីក៏បានថ្លែងអំណរគុនដល់អ្នកដែលបានជួយកន្លងមក៕