• 2022-05-05 03:55:06
  • បាល់ទាត់

លោក​ស្រី​ ពុធ ​ធីតា ​ជឿ​ថា​កម្មវិធី​បាល់ទាត់​កុមារី ( ​GOFC ) ​ជា​ចំណែក​​មួយ​ទ្រទ្រង់​​ជម្រើសជាតិ​

  • 2022-05-05 03:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​បាល់ទាត់​​កុមារី​អាយុ​ក្រោម១២​ឆ្នាំ​ Girls Onside Football Cambodia ​( GOFC ) ​បាន​ធ្វើ​​សន្និសីទកាសែត​កាល​ពី​ម្សិល​មិញ​នេះ ​ក្នុង​ឱកាស​នោះ​​​​លោក ស្រី ពុធ​ ធីតា ​អនុប្រធាន​គណៈកម្មការ​​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នារី​​​របស់ FFC និង​ជា​ប្រធាន​ក្លឹប​បឹង​កេត​​​បង្ហាញ​ជំនឿ​ចិត្ត​ថា កម្មវិធី​មួយ​នេះ​ពិត​ជា​ល្អ​ និង​ជឿ​ថា អាច​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​​វិស័យ​បាល់ទាត់​នារី​កម្ពុជា ពិសេស​គឺ​ជម្រើស​ជាតិ​តែ​ម្ដង​។

លោក​​ស្រី ពុធ ធីតា (រូប​ថត​ផ្ដល់​ឲ្យ​)

​កម្មវិធី​បាល់ទាត់​កុមារី​​ក្រោម​អាយុ​១២​ឆ្នាំ​ គឺ​កំណត់​ឲ្យ​ការ​ចូលរួម​ស្ថិត​នៅ​​ចន្លោះ​អាយុ​ចាប់​​ពី​ ៦ ទៅ​១២ ឆ្នាំ ហើយ​កម្មវិធី​នេះ ​នឹង​ចាប់​ផ្ដើ​ម​ធ្វើ Camping លើក​ដំបូង​នៅ​កម្ពុជា​នាថ្ងៃ​ទី​២៩ ​ខែ​ឧសភា ឆ្នាំ​២០២២ ​នៅ​ក្លឹប​ ​CIS Roller Dome និង DIB Club ចាប់​ពី​ម៉ោង ៤ ដល់ ៦:៣០លា្ងច​​។ ទាក់​ទង​ការ​​​រៀបចំ​នេះ​លោក​ស្រី ពុធ ធីតា បាន​និយាយ​ថា​ «​​ក្នុងនាម​ជា​អនុប្រធាន​គណៈកម្មការ​​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នារី​​​របស់ FFC និង​ជា​ប្រធាន​ក្លឹប​បឹង​កេត​​ ខ្ញុំ​សូម​ធ្វើ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ឲ្យ​បង្កើត​ព្រឹត្តិការណ៍​​នេះ​ឡើង។ ​ខ្ញុំ​យល់​យ៉ាង​ច្បាស់​ថា ​​មូលដ្ឋាន​គ្រឹះ​នៃ​បាល់ទាត់​នារី​​មាន​សារសំខាន់​​ប៉ុណ្ណា សម្រាប់​កុមារី​នៅ​កម្ពុជា​យើង​ ហើយ​វា​នឹង​ជួយ​អភិវឌ្ឍន៍​បាល់ទាត់​នារី​កម្ពុជា​យើង​​យ៉ាង​ខ្លាំង​។…បាល់ទាត់​នារី​កម្ពុជា​បាន​ទៅ​ចូល​រួម​ស៊ីហ្គេម​ជា​លើក​ទី​១​ហើយ ​អីចឹង​សង្ឃឹម​ថា​ បាល់ទាត់​​​កុមារី​នៅ​កម្ពុជា​របស់​យើង​គឺ​ជា​ចំណែក​មួយ​​ជួយ​អភិវឌ្ឍន៍​​កីឡា​ការិនី​នៅ​ប្រទេស​យើង​ ដើម្បី​ចេញ​ទៅ​ប្រកួត​​នៅ​ក្រៅ​ប្រទេស ព្រោះ​អី​យើង​នៅ​ខ្វះខាត​ច្រើន​ ហើយ​កម្មវិធី​នេះ​គឺ​ល្អ​មែន​​ទែន ដើម្បី​ជួយ​អភិវឌ្ឍន៍​ដល់​បាល់ទាត់​នារី​របស់​យើង​»។

​​​​​​​​​​​​​សមា​ជិក​អង្គការ​នៃ GOFC​ រួមមាន​ក្លឹប​បាល់ទាត់​ស្វាយរៀង, ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន, មូលនិធិ​ KMH នៃ​ក្រុម ​ISI, Riel Phnom Penh Srey , ​កីឡា​បាល់ទាត់​សប្បាយ​រីករាយ​កម្ពុជា អូស្រ្តាលី (Happy Football Cambodia Australia) និង កីឡា​បាល់ទាត់​សម្រាប់​ជីវិត។

GOFC ​ត្រូវ​បាន​បង្កើត​ឡើង​ជា​អង្គការ​សហគមន៍​មួយ ដែល​មាន​អ្នក​វិជ្ជាជីវៈ​នៅ​ក្នុង​ឧស្សាហកម្ម​បាល់ទាត់​ អ្នក​ដឹកនាំ​ធុរកិច្ច និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​ដែល​មាន​ចំណាប់​អារម្មណ៍​ទាំង​សហគមន៍​ខ្មែរ និង​ សហគមន៍​ជន​បរទេស។ ​ក្រុម​កីឡា​បាល់ទាត់​កុមារី​នេះ​មាន​គោល​បំណង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​យ៉ាងច្រើន ដែល​មាន​គោល​បំណង​ស្រដៀង​គ្នានេះ និង​មាន​បំណង​ជំរុញ​សេចក្ដី​ត្រូវការ​ឱ្យ​មាន​កីឡា​បាល់ទាត់​កុមារី។ ​វា​មាន​គោល​បំណង​ជាក់លាក់​ក្នុង​ការ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ក្លាយ​ជា​ជើងឯក​ ដោយ​សារ​ពួកគេ ​គឺ​ជា​អ្នក​ធ្វើ​សេច​ក្ដី​សម្រេច​ចិត្ត​យ៉ាង​សំខាន់​។ ULS ​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ GOFC ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់