• 2022-04-21 03:18:14
  • បាល់ទាត់

វ៉ាំង ដាវីន កីឡាករ​វ័យ​ក្មេង​បឹង​កេត​ដែល​អាច​លេង​បាន​ច្រើន​តំបន់

  • 2022-04-21 03:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្លឹប​បឹងកេត វ៉ាំង ដាវីន ត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​កីឡាករវ័យ​ក្មេង​​មាន​ទេពកោសល្យ​​ដែល​អាច​លេង​បាន​ច្រើន​តំបន់។

កាល​នៅ​ជា​យុវជន​កីឡាករ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឱ្យ​លេង​នៅ​តំបន់​ការពារ បម្រើ​ការពារ បម្រើ​ប្រយុទ្ធ និង​ស្លាប​ស្ដាំ ហើយ​ដល់​ឡើង​មក​ឈុត​ធំ គេ​ត្រូវ​បាន​គ្រូ​ប្ដូរ​មក​លេង​នៅ​កូដ​ឆ្វេង និង​ស្លាប​ឆ្វេង​ជា​ដើម។

ចំពោះ​ការ​លេង​បាន​ច្រើន​តំបន់​នេះដែរ​ យុវជន​កំពុង​ពេញ​កម្លាំង​វ័យ​២០​ឆ្នាំ ក៏​យល់​ស្រប​ថា​គេ​អាច​លេង​បាន​មែន ប៉ុន្តែ​បើ​ឱ្យ​ល្អ​មិន​ល្អ​ទាំង​អស់​ឡើយ។

ដាវីន​ដែល​កើត​នៅ​ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្ត​កំពង់​ឆ្នាំង​ បាន​បញ្ជាក់​បែប​នេះ​ថា ៖«​អូ...​និយាយ​​ទៅ​តំបន់​ណា​ក៏​លេង​បាន​ដែរ តែ​បើ​ឱ្យ​ល្អ​អត់​សូវ​ល្អ តែ​បើ​កូដ​ឆ្វេង​​អាហ្នឹង​អាច​ថា​គ្រាន់​បើ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​លេង​កូដ​ឆ្វេង លេង​ស្រួល ហើយ​សប្បាយ​»។

ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវ​កាល​ឆ្នាំ​២០២២​នេះ ដាវីន​លេង​ឱ្យ​បឹង​កេត​បាន​២​ប្រកួត​ហើយ​​ ពោល​គឺ​ការ​ប្រកួត​បឹង​កេត​ទល់​នឹង​ព្រះខ័នរាជស្វាយរៀង (ដូរចូល-លេង​ស្លាប​ឆ្វេង) និង​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទល់​នឹង​ក្រុម​អង្គរថាយហ្គឺរ (កូដឆ្វេង) កាល​នោះ​បឹង​កេត​ចាញ់​ 0-៤ និង​ឈ្នះ ២-០។

យុវជន​ដដែល​ក៏​បាន​បង្ហើប​ដែរ​ថា គោល​បំណង​នា​ថ្ងៃ​អនាគត​គេ​ចង់​ជាប់​ជម្រើស​ជាតិ​កម្ពុជា ព្រោះ​វា​ជា​ក្ដី​ស្រមៃ​របស់​កីឡាករ​គ្រប់​រូប​។

«ក្ដី​ស្រមៃធំ​​របស់​ខ្ញុំ​ចង់​ជាប់​ជម្រើស​ជាតិ ព្រោះ​កីឡាករ​បាល់​ទាត់​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​ពាក់​អាវ​ជម្រើស​ជាតិ»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​យុវជន​ជំនាញ​ជើង​ឆ្វេង​ដាវីន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី