• 2022-04-01 03:05:44
  • បាល់ទាត់

មិន​អស់​ចិត្ត​រឿង​ធ្លាក់​ពី World Cup អាល់ហ្សេរី​សុំ​ប្រកួត​ជាមួយ​កាមេរ៉ូន​ម្ដង​ទៀត

  • 2022-04-01 03:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​ប្រទេស​អាល់ហ្សេរី​ (FAF) បាន​ស្នើ​សុំ​​ប្រកួត​ជើង​ទី​ពីរ​​វគ្គ​ជម្រុះ World Cup ទល់​នឹង​កាមេរ៉ូន​ម្ដង​ទៀត ដោយ​​ចង់​តវ៉ា​ជាមួយ​ការ​សម្រេច​របស់​អាជ្ញាកណ្ដាល។

អាល់ហ្សេរី​​បាន​​​ធ្លាក់​​បន្ទាប់​ពី​ចាញ់​គ្រាប់​​ក្រៅ​ដី ២-១ ក្នុង​ម៉ោង​បន្ថែម​​ក្នុង​ទីក្រុង Blida កាល​ពី​ដើម​សប្ដាហ៍ ដោយ​ខ្សែ​ប្រយុទ្ធ Kail Toko Ekambi ជា​អ្នក​រក​គ្រាប់​ឲ្យ​កាមេរ៉ូន​នៅ​នាទី​១២៤។ ក្រោយ​ចប់​ការ​ប្រកួត​ FAF បាន​ដាក់​ពាក្យ​តវ៉ា​ទៅ​កាន់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដោយ​លើក​អំពី​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល​មិន​ត្រឹមត្រូវ។

ការ​តវ៉ា​នេះ​កើត​ឡើង ដោយ​សារ​តែ​ក្នុង​ការ​ប្រកួត​នាទី​៩៨​ ​អាល់ហ្សេរី​រក​បាន​គ្រាប់​តាម​ស្មើ​ ១-១ ប៉ុន្តែ​​ត្រូវ​លោក​អាជ្ញាកណ្ដាល​សញ្ជាតិ​ហ្គាំប៊ី Bakary Gassama មិន​ឲ្យ ក្រោយ​មាន​ការ​ពិនិត្យ​ VAR ថា​បាល់​នោះ​ប៉ះ​ដៃ។ ក្នុង​នោះ​ក៏​មាន​ការ​មិន​ពេញ​ចិត្ត​ ចំពោះ​ការ​ចាប់ Offside ទៅ​លើ​កីឡាករ Islam Slimani ក្នុង​វគ្គ​ទី​ពីរ​ផង​ដែរ។

ចំពោះ​ការ​ចាញ់​មិន​អស់​ចិត្ត​នេះ FAF បាន​ស្នើ​ឲ្យ FIFA រៀបចំ​ការ​ប្រកួត​របស់​​ពួក​គេ​ទល់​នឹង​កាមេរ៉ូន​ឡើង​វិញ និង​​ឲ្យ​ស៊ើបអង្កេត​លើ​អាជ្ញាកណ្ដាល​ដែល​កាត់​សេចក្ដី​ក្នុង​ប្រកួត​នេះ។ តាម​គម្រោង​ការ​ចាប់​ឆ្នោត​បែងចែក​ពូល​​ពាន​រង្វាន់ World Cup នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី